ព័ត៌មានលម្អិត ដែលអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួនលោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួក២នាក់ទៀត
(ភ្នំពេញ)៖ លោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ រួមជាមួយមនុស្ស២នាក់ទៀត (ម្នាក់ជាទាហាន) ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួន ពាក់ព័ន្ធបោកប្រាស់លុយអ្នកវិនិយោគជនជាតិចិនរាប់ម៉ឺនដុល្លារ។ សម្រាប់ជនជាប់ចោទទាំង៣នាក់ ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥។ ពាក់ព័ន្ធជាមួយនឹងការចាប់ខ្លួនអភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួកទាំង២នាក់នេះ នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បណ្តាញព័ត៌មាន បានទទួលព័ត៌មានលម្អិត ដែលផ្តល់ជូនដោយអង្គភាពប្រឆាំងអំពើពុករលួយពីដំណើររឿង ដែលនាំឲ្យមានការប្រព្រឹត្តបទល្មើសមួយនេះ។ ខាងក្រោមនេះជាព័ត៌មានលម្អិតរបស់អង្គភាពប្រឆំាំងអំពើរលួយ៖ តាមអ្នកនាំពាក្យ នៃអង្គភាពប្រឆាំងអំពើពុករលួយលោក សយ ច័ន្ទវិចិត្រ បានបំភ្លឺថា អង្គភាពពិតជាបានកសាងសំណុំរឿងលោក ទិត វុទ្ធី និងបក្ខពួកបញ្ជូនទៅតុលាការពិតមែន ហើយករណីនេះ អយ្យការ និងចៅក្រមតុលាការ ខេត្តកំពង់ស្ពឺ ពិតជាបានចោទប្រកាន់លោកអភិបាលរងខេត្តកំពង់ស្ពឺ ទិត វុទ្ធី, អ្នករត់ការ ហ៊ាវ ខន (វរសេនីយ៍ត្រីយោធា) និងអ្នកបកប្រែភាសាចិន អ៉ីង សារឿន ពីបទពុករលួយ (រំលោភអំណាច) និងបទក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង ក្លែងបន្លំលិខិតឯកសារសាធារណៈ…

