សៀមរាប៖ លោក ហេង សិទ្ធី ដែលអតីតមានងារជាអ្នកឧកញ៉ា ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសរុស្ស៊ី។ តាមការបញ្ជាក់របស់លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ហេង សិទ្ធី ត្រូវបានចាប់ខ្លួនប្រមាណ ៣ថ្ងៃទៅហើយ ខណៈបច្ចុប្បន្ន អាជ្ញាធរកម្ពុជា ដោយមានកិច្ចសហការជាមួយស្ថានទូតកម្ពុជាប្រចាំរុស្ស៊ី កំពុងតែបំពេញបែបបទទៅតាមច្បាប់អន្តរជាតិ ពិសេសលើកិច្ចការរវាងរដ្ឋ និងរដ្ឋ ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជាវិញ។
ការឈានទៅចាប់ខ្លួននេះ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាល និងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ មិនបានបញ្ជាក់មូលហេតុនៅឡើយទេ។ ក៏ប៉ុន្តែ ការចាប់ខ្លួនពេលនេះ គឺបន្ទាប់ពីក្រសួងការបរទេសកម្ពុជា បានប្រកាសប្រាប់ស្ថានទូតកម្ពុជាប្រចាំនៅបរទេសទាំងអស់ពីការធ្វើមោឃភាពលិខិតឆ្លងដែនរបស់អតីតអ្នកឧកញ៉ារូបនេះ ហើយឱ្យជូនដំណឹងពីការមោឃភាពលិខិតឆ្លងដែននេះ ទៅកាន់រដ្ឋដែលជាម្ចាស់ផ្ទះទាំងអស់។
បើតាមលិខិតរបស់ក្រសួងការបរទេសកម្ពុជា គឺក្រសួមហាផ្ទៃ បានប្រកាសពីការធ្វើមោឃភាពលិខិតឆ្លងដែនរបស់លោក ហេង សិទ្ធី កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រោយពីសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនអតីតអ្នកឧកញ៉ារូបនេះ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។ សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់អតីតអ្នកឧកញ៉ា ហេង សិទ្ធី ពីបទគំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តទៅនៅកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០០២៤៕