ព័ត៌មានក្តៅ៖ ប្រជាពលរដ្ឋដែលអះអាងថាជាជនរងគ្រោះ និងអាជីវករបើកហាងទទួលបញ្ចាំស្របច្បាប់ ស្នើអាជ្ញាធរខេត្តសៀមរាប ចាត់វិធានការលើការចងការប្រាក់ និងកម្ចីអនឡាញដែលសង្ស័យថាខុសច្បាប់
សៀមរាប៖ ប្រជាពលរដ្ឋជាច្រើនដែលអះអាងថាជាជនរងគ្រោះ រួមទាំងអាជីវករដែលប្រកបអាជីវករបើហាងទទួលបញ្ចាំស្របច្បាប់ បានស្នើសុំឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តសៀមរាប ចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានតឹងរ៉ឹង ចំពោះករណីដែលពួកគេលើកឡើងថា ពាក់ព័ន្ធនឹងការចងការប្រាក់ ការលេងតុងទីន ការទទួលបញ្ចាំ និងការផ្តល់កម្ចីអនឡាញដែលសង្ស័យថាខុសច្បាប់។ តាមការលើកឡើងរបស់ប្រជាពលរដ្ឋ ករណីនេះពាក់ព័ន្ធនឹងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Reaksa Ly» ដែលពួកគេអះអាងថា មានឈ្មោះពិត សាញ់ ស៊ីណាត។ ប្រភពបានលើកឡើងថា អ្នកស្រីបានប្រកាសជាសាធារណៈអំពីសកម្មភាពចងការប្រាក់ លេងតុងទីន និងទទួលបញ្ចាំ ខណៈពួកគេអះអាងថា អ្នកស្រីមិនមានអាជ្ញាបណ្ណស្របច្បាប់សម្រាប់ប្រកបអាជីវកម្មទាំងនោះឡើយ។ យោងតាមរូបភាព និងសំណេរជាច្រើនដែលសារព័ត៌មានមហាខ្មែរទទួលបានពីប្រជាពលរដ្ឋ មានការបង្ហោះសារពាក់ព័ន្ធនឹងការទាមទារបំណុល និងការប្រើប្រាស់ពាក្យសម្ដីធ្ងន់ៗទៅលើអ្នកដែលត្រូវបានចោទថាជំពាក់ប្រាក់មិនព្រមសង។ ក្នុងនោះ មានការប្រើពាក្យដូចជា «ឆបោក» និង «ប្រយ័ត្នជាប់គុក»។ ប្រភពដដែលបានឱ្យដឹងថា កាលពីវេលាម៉ោង ៦ និង៣៨នាទី អ្នកស្រី សាញ់ ស៊ីណាត បានធ្វើការផ្សាយផ្ទាល់តាមគណនីហ្វេសប៊ុកដែលមានរយៈពេលជាមួយម៉ោង ដោយមានការជេរប្រមាថបុគ្គលមួយចំនួន។ មិនតែប៉ុណ្ណោះ ប្រភពបានអះអាងថា ក្នុងការផ្សាយផ្ទាល់នោះ អ្នកស្រីក៏បាននិយាយប៉ះពាល់ដល់គណបក្សប្រជាជនកម្ពុជា និងបានលើកយកឈ្មោះឯកឧត្តមបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ដែលជាថ្នាក់ដឹកនាំមួយរូបក្នុងខេត្តសៀមរាប មកនិយាយលាយឡំជាមួយបញ្ហាការចងការប្រាក់ដែលប្រភពចាត់ទុកថាខុសច្បាប់។ ប្រជាពលរដ្ឋម្នាក់បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានមហាខ្មែរ ដោយស្នើសុំមិនបញ្ចេញឈ្មោះ។…

