ខេត្តសៀមរាប៖ ស្របទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលដែលសម្ដេចនៅជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបញ្ជាដ៏ថ្លៃថ្លាឧត្តុង្គឧត្តមរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា និង ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ ឱ្យលុបបំបាត់នូវល្បែងស៊ីសងគ្រប់ប្រភេទទំាងនោះ។
ប្រជាពលរដ្ឋបានសង្កេតឃើញថា ថ្នាក់ដឹកនាំរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋាន បាននឹងកំពុងមមាញឹកតាមលុបបំបាត់នូវល្បែងស៊ីសងគ្រប់ប្រភេទ។
នៅក្នុងនោះទូទាំងខេត្តសៀមរាប ប្រជាពលរដ្ឋក៏សង្កេតឃើញផងដែរថា មានការលុបបំបាត់នូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទមួយចំនួនធំ រួចមកហើយ។ ប៉ុន្តែរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋនៅតែសង្កេតឃើញថា នៅតែមានការលក់និងលេង ល្បែងឆ្នោត សៀម-វៀតណាម ដោយបើកចំហ និងលួចលាក់ របស់មេខ្លោងដែលមានរហស្សនាមលោក”ខ្លា” និងដៃជើងដែលជាមេការមើលការខុសត្រូវ ល្បែងឆ្នោតនេះ រហស្សនាម”នាគខ្មៅ” ហាក់ទទួលបាននូវសិទ្ធិផ្ដាច់មុខ ក្នុងការឲ្យមានការលក់ កត់ ឆ្នោត យ៉ាងអាណាធិបតេយ្យ ទាំងក្នុងក្រុង និងនៅតាមស្រុកទាំង ១២ ផងដែរ។ ការនេះប្រជាពលរដ្ឋ ថាជាការផ្គើនទៅនឹងអនុសាសន៍ របស់ សម្ដេចប្រមុខថ្នាក់ដឹកនាំទាំងបី ដែលមិនមានមន្ត្រី ថ្នាក់ក្រោមណាហ៊ានប៉ះពាល់លោក ខ្លា និងលោក នាគខ្មៅ នោះឡើយ។
ដូច្នេះហើយ ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប បានដឹងនឹងបានឮ ថាលោកឧត្តមសេនីយ៍ទោ ហួត សុធី អតីតជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបានទទួលភារកិច្ចទៅដឹកនាំកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដែលឋានៈជាស្នងការ ធ្លាប់មានស្នាដៃល្អគួរឲ្យកោតសរសើរកន្លងមក។ ហើយពេលនេះ លោកឧត្តមសេនីយ៍ទោ បានវិលត្រឡប់មកកាន់ខេត្តសៀមរាប បន្ទាប់ពីទទួលបានទំនុកចិត្តពីរាជរដ្ឋាភិបាល ចេញអនុក្រឹត្យតែងតាំងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើឱ្យប្រជាពលរដ្ឋនៅទូទាំងខេត្តសៀមរាបមានការត្រេកអរជាខ្លាំង និងគោរពស្នើរសុំលោកឧត្តមសេនីយ៍ទោ ហួត សុធី មេត្តាចាត់វិធានការក្ដៅ បិទទីតាំងល្បែងឆ្នោត សៀម-វៀតណាម ទាំងស្រុងនៅទូទាំងខេត្តសៀមរាបផង ។
ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបមានសេចក្ដីសង្ឃឹមយ៉ាងមុតមាំថា លោកឧត្តមសេនីយ៍ ហួត សុធី និងលុបបំបាត់ឲ្យខានតែបាននូវល្បែងឆ្នោត សៀម-វៀតណាម ខុសច្បាប់នៅក្នុងខេត្តនេះ ដើម្បីកាច់ចង្កូមខ្លា និងបកស្រកាសនាគចេញ នាំមកនូវភាពសប្បាយរីករាយ សុខសុវត្ថិភាព ស្ថេរភាព ដែលស្របទៅនឹងគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅទូទាំងខេត្តរបស់លោក។
គួរបញ្ជាក់ផងដែរថា លោក ខ្លា និងលោក នាគខ្មៅ ជាមេកាងល្បែងដ៏ធំបំផុតក្នុងខេត្តសៀមរាប ហើយ មិនមែនទើបតែថ្មីៗនេះទេ គឺរាប់សិបឆ្នំាមក ដែលមិនមានអ្នកណាហ៊ានបង្ក្រាបនោះឡើយ៕