សៀមរាប៖ លោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមផ្សព្វផ្សាយអំពីវិធីសាស្ត្រការពារ និងទប់ស្កាត់ជំងឺគ្រុនឈាមឱ្យបានទូលំទូលាយ ខណៈជំងឺគ្រុនឈាមក្នុងឆ្នាំ២០២៦ ត្រូវបានកត់សម្គាល់ថា មានការកើនឡើងគួរឱ្យយកចិត្តទុកដាក់។
ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា បានឱ្យដឹងថា តាមការណែនាំរបស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មន្ទីរពេទ្យជ័យវរ្ម័នទី៧ បានចូលរួមបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពគ្រូពេទ្យនៅតាមបណ្តាខេត្តមួយចំនួន រួមមាន ខេត្តសៀមរាប កំពង់ធំ បាត់ដំបង ឧត្តរមានជ័យ បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ និងព្រះវិហារ។
ការបណ្តុះបណ្តាលនេះ មានគោលដៅលើកកម្ពស់ប្រសិទ្ធភាពក្នុងការព្យាបាល និងថែទាំអ្នកជំងឺគ្រុនឈាម ព្រមទាំងជួយកាត់បន្ថយហានិភ័យ និងផលវិបាកធ្ងន់ធ្ងរដែលអាចកើតមាន ប្រសិនបើអ្នកជំងឺមិនទទួលបានការថែទាំត្រឹមត្រូវ និងទាន់ពេលវេលា។
លោកសាស្ត្រាចារ្យ បានបន្តថា ក្រុមគ្រូពេទ្យក៏បានផ្តោតការយកចិត្តទុកដាក់លើការអប់រំ និងណែនាំអ្នកជំងឺឱ្យជៀសវាងការទិញថ្នាំមកប្រើប្រាស់ដោយខ្លួនឯង ឬប្រើថ្នាំដោយគ្មានការណែនាំពីគ្រូពេទ្យ ព្រោះការប្រើប្រាស់ថ្នាំមិនត្រឹមត្រូវអាចបង្កផលប៉ះពាល់ដល់សុខភាព និងធ្វើឱ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ។
លោកបានសង្កត់ធ្ងន់ថា ប្រសិនបើសង្ស័យថាមានជំងឺគ្រុនឈាម អ្នកជំងឺគួរទៅពិនិត្យ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលមានបុគ្គលិកសុខាភិបាលជំនាញ ដោយមិនគួរព្យាបាលដោយខ្លួនឯងនៅតាមផ្ទះ ឬដាក់សេរ៉ូមដោយគ្មានការត្រួតពិនិត្យពីអ្នកជំនាញសុខាភិបាលឡើយ។
ជាមួយគ្នានេះ លោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា បានពន្យល់ថា ជំងឺគ្រុនឈាមត្រូវការការតាមដានយ៉ាងយកចិត្តទុកដាក់ ជាពិសេសនៅដំណាក់កាលដែលអ្នកជំងឺចាប់ផ្តើមចុះក្តៅខ្លួន ព្រោះអាចជាដំណាក់កាលដែលស្ថានភាពជំងឺមានការប្រែប្រួល និងអាចកើតមានផលវិបាកធ្ងន់ធ្ងរ។
លោកបានបញ្ជាក់ថា ការថែទាំអ្នកជំងឺឱ្យបានត្រឹមត្រូវ និងការទទួលសេវាព្យាបាលទាន់ពេលវេលា គឺជាកត្តាសំខាន់ក្នុងការកាត់បន្ថយហានិភ័យ។ ដូច្នេះ ប្រជាពលរដ្ឋគួរយកចិត្តទុកដាក់ចំពោះរោគសញ្ញា និងប្រញាប់ទៅកាន់មូលដ្ឋានសុខាភិបាលនៅពេលមានការសង្ស័យ។
លោកសាស្ត្រាចារ្យ ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋ ឱ្យបន្តចូលរួមផ្សព្វផ្សាយវិធានការការពារ និងកាត់បន្ថយប្រភពមូសខ្លា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាមនៅក្នុងសហគមន៍។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៦ មន្ទីរពេទ្យជ័យវរ្ម័នទី៧ បានសង្កេតឃើញថា ចំនួនអ្នកជំងឺគ្រុនឈាមមានការកើនឡើងនៅតាមតំបន់មួយចំនួន ក្នុងនោះរួមមាន ខេត្តសៀមរាប កំពង់ធំ បន្ទាយមានជ័យ និងបាត់ដំបង ព្រមទាំងខេត្តមួយចំនួនផ្សេងទៀតផងដែរ៕








