នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ប៊ុន ដា ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ និងលោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប បានអញ្ជើញជាអធិបតី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៊ឹក បូភក្រ ជាប្រធានអង្គភាពនគរបាលទេសចរណ៍ថ្មី ប្រចាំខេត្តសៀមរាប ជំនួសលោក ទី សុខឡែន ដែលត្រូវបានបញ្ចប់មុខតំណែង។
ថ្លែងក្នុងពិធីនេះ លោកឧត្តមសេនីយ៍ឯក ប៊ុន ដា បានផ្ដោតសំខាន់ទៅលើពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងការដឹកនាំបញ្ជា របស់លោកប្រធានទើបចូលកាន់ តំណែងថ្មី សំដៅជំរុញប្រសិទ្ធភាពការងារឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ក្នុងនោះដែរ កងកម្លាំងទាំងអស់ត្រូវចូលរួមទប់ស្កាត់ការប្រព្រឹត្តបទល្មើសនានា ជាពិសេសពាក់ព័ន្ធទៅវិស័យទេសចរណ៍ និងជនបរទេស ដែលបានចូលមកកាន់ខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ដ៏សំខាន់របស់កម្ពុជា។
ក្នុងឱកាសនោះដែរ លោក សំកុល សុចិត្រា ក៏បានជំរុញដល់លោកប្រធានអង្គភាពនគរបាលទេសចរណ៍ ត្រូវបន្តកិច្ចសហការជាមួយអង្គរភាពនានា ដើម្បីថែរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរជាតិ អន្តរជាតិ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។ ជាមួយគ្នានេះក៏ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តឲ្យខានតែបាននូវរាល់បទបញ្ជា ផែនការណែនាំ ក៏ដូចជាផែនការការពារផ្សេងៗដែលថ្នាក់ដឹកនាំជាតិ ក៏ដូចជាថ្នាក់ដឹកនាំគណៈបញ្ជាការឯកភាពខេត្ត បានដាក់ជូន។ លើសពីនេះ សូមពង្រឹងបន្ថែមនូវរាល់វិន័យការងារ រក្សាសាមគ្គីភាព ឯកភាព ប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ វិជ្ជាជីវ: បង្កើនកិច្ចសហការជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច ក្នុងភូមិសាស្ត្រទូទាំងខេត្ត រួមនឹងភាគគីពាក់ព័ន្ធផ្សេងៗទៀតផងដែរ៕
ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានអង្គភាពនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាបថ្មី
Advertisements