ខេត្តកំពង់ធំ៖យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា បច្ចុប្បន្ននេះ មានឈ្មួញដឹកអុសព្រៃស្រស់ៗឈ្មោះសាលដែលជាមេឈ្មួញចាស់ខួបប្រាំងខួបវស្សា តែងតែធ្វើសកម្មភាពដឹកជញ្ជូនអុសស្រស់ ៗចេញពីទឹកដីភូមិតាទ្រាល ឃុំ ប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ យកទៅចែកចាយបន្តនៅតាមបណ្ដាខេត្តនានា។
ជាក់ស្ដែងនៅវេលាម៉ោង 6 :30នាទី ព្រឹក ថ្ងៃ 12 ខែកក្កដា ២០២៤ ក្រុមអ្នកសារព័ត៌មានយើងបានផ្តិតយករូបភាពឡានរបស់លោកសាលមួយគ្រឿងកំពុងតែដឹកអុសស្រស់ចេញពីភូមិតាទ្រាល ឃុំ ប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ! ដែលមានម្ចាស់ ឈ្មោះសាលបន្ទាប់មកក្រុមអ្នកសារព័ត៌មានយើងបានធ្វើការទំនាក់ទំនង រាយការណ៍ ជូនលោក ប៉ែន សុវណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទខេត្តកំពង់ធំ តាមរយៈតេឡេក្រាម លោកបានត្រឹមចូលមើលហើយតែមិនមានការឆ្លើយតប ឬក៏បង្ក្រាបទាល់តែសោះ!
សេចក្តីរាយការណ៍បានបន្តថា៖ ជាយូរយាងណាស់មកហើយ រហូតមកដល់ពេលនេះ ឈ្មួញអុសស្រស់ៗឈ្មោះសាល បានកំពុងគៀងគោ ប្រជាពលរដ្ឋមួយចំនួន ឱ្យចូលទៅកាប់បំផ្លាញព្រៃឈើ ដែលជាព្រៃសហគមន៍ ក្នុងតំបន់ដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតនៅភូមិសាស្ត្រ ឃុំពពក នឹង ឃុំប្រឡាយ ស្រុកស្ទោងខេត្តកំពង់ធំយកមកលក់ឲ្យខ្លួន ហើយលោកសាលនេះបានដឹកអុសយកទៅលក់បន្តនៅតាមបណ្ដាខេត្តនានា ដោយពុំមានការទប់ស្កាត់ឬក៏បង្ក្រាបពីសំណាក់មន្ត្រីជំនាញណាឡើយ។
មជ្ឈដ្ឋានអ្នកច្បាប់និងប្រជាពលរដ្ឋទូទៅ ៖បាននិងកំពុងឃ្លាំមើលបទល្មើសក្នុងដែនសត្វព្រៃ សហគមន៍បឹងពែរ ហើយក៍បានធ្វើការគោរពស្នើសុំ ទៅកាន់ នាយឧត្តមសេនីយ៍សៅសុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ លោកប៊ុនសុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ និងមន្ត្រីថ្នាក់ក្រោម មេត្តាចាត់វិធានការចុះបង្ក្រាបមេឈ្មួញដឹកអុសព្រៃស្រស់ៗឈ្មោះសាលនេះផងទាន៕