ខេត្តសៀមរាប៖ ឈ្មួញដីឈ្មោះសេង មង្គល ដែលគេស្គាល់ថាជានាយកក្រុមហ៊ុន(អឹមខេស្ត្រា)បានកំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរក្រុងបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត និងព្រមានចាត់វិធានការ។
ទីតាំងព្រៃលិចទឹកដែលរងការឈូសឆាយបំផ្លាញពីសំណាក់ឈ្មួញឈ្មោះសេង មង្គល ស្ថិតក្នុងភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ត្រង់ចំណុចខាងលើទំនប់៧៨។
តាមការបញ្ជាក់របស់ក្រុមពលរដ្ខ ដែលធ្វើស្រែជាប្រចាំនៅតំបន់នោះ បានអោយដឹងថា ដីដែលឈ្មោះសេងមង្គល កំពុងឈូសឆាយព្រៃ គឺជាអាងស្តុកទឹកសម្រាប់ស្រោចស្រព្វស្រែប្រាំង។ អាងទឹកនេះបានបង្កើតឡើងតាំងពីឆ្នាំ១៩៧៨មកម្លេះ ហើយក៍មិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់នោះដែរ។ក្រៅពីផ្តល់ទឹកសម្រាប់ស្រោចស្រព្វដំណាំស្រូវ ឃ្លាំងទឹកទំនប់៧៨នេះ ក៍ជាជម្រកត្រីពងកូន ត្បិតទីនេះហ៊ុំពទ្ធ័ដោយដើមឈើប្រភេទព្រៃលិចទឹក ដែលការពារដោយមន្ទីរជំនាញ និងពលរដ្ខក្នុងតំបន់នេះ។
ប្រភពបន្តថា នៅប៉ុន្មានថ្ងៃមុននេះ ក៍ស្រាប់តែឃើញគ្រឿងចក្រជាច្រើនរបស់ឈ្មោះសេង មង្គល បានចូលមកជីកកាយហ៊ុំពទ្ធ័ធ្វើជាក្រវ៉ាត់ ហើយឈូសឆាយព្រៃ ជីកយកដីដឹកចេញយ៉ាងគគ្រឹកគគ្រេង តែមិនឃើញមានខាងណាមកហាមឃាត់ឡើយ។ មិនដឹងច្បាស់ថាគេជីកធ្វើស្រះទុកចិញ្ចឹមត្រីរបស់ក្រុមហ៊ុនឬយ៉ាងណាទេ តែឮតៗគ្នាថា គេស្តារអាងទឹក។
ក្រុមពលរដ្ខខាងលើបន្ថែមថា មិនខ្វល់ថាគេធ្វើអ្វីនោះទេ សម្រាប់ពួកគាត់ចង់អោយថ្នាក់ខេត្ត និងមន្ទីរជំនាញរក្សាទីនេះអោយនៅភាពដដែល ដើម្បីជាប្រយោជរួម ពីព្រោះថាកន្លងមកមានកន្លែងខ្លះ ក្រោយពេលគេជីកកើតជាស្រះហើយ គេហាមឃាត់មិនអោយពលរដ្ឋទៅក្បែរឡើយ។ (នេះគឺជាចំណុចដែលពួកខ្ញុំពលរដ្ខបារម្មណ៍បំផុត)។ ហេតុដូច្នេះ សូមសំណូមពរដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរពាក់ពន្ធ័ មេត្តាបញ្ឈប់សកម្មភាពឈូសឆាយព្រៃ ជីកយកអាចម៍ដី ដោយរក្សាបំបន់នេះនៅដដែល។
ជាមួយនឹងការដាក់គ្រឿងចក្រ ឈូសឆាយព្រៃលិចទឹកជីកយកអាចម៍ដី របស់ឈ្មួញឈ្មោះសេង មង្គលដែលកំពុងបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ និងកំពុងបង្កការភ័យ ខ្លាចដល់ពលរដ្ឋរាប់រយគ្រួសារនេះអភិបាលរងក្រុងសៀមរាប លោក ហាយ យង់ បានអោយដឹងតាមទូរសព្ទ័ថា ការជីកស្តារអាងទឹកទំនប់ ៧៨របស់លោក សេង មង្គល មានតែគម្រោងស្នើសុំ តែមិនទាន់មានច្បាប់អនុញ្ញាតទេ។
លោកបន្តថាប្រសិនបើមានច្បាប់ នោះសាលាក្រុងសហការជាមួយមន្ទីរពាក់ពន្ធ័ចុះទៅពិនិត្យ ថាតើមានផលប៉ះពាល់អ្វីខ្លះហើយតើត្រូវជីកស្តារក្នុងកំរិតណា។
លោក ហាយ យង់ ព្រមានចាត់វិធានការផ្លូវច្បាប់ ប្រ សិនបើឈ្មួញឈ្មោះសេង មង្គល នៅតែបន្តឈូសឆាយព្រៃលិចទឹកនៅចំណុចទំនប់៧៨ដោយគ្មានច្បាប់អនុញ្ញាត។
ទោះជាយ៉ាងណា ក្រុមពលរដ្ខក៍ដូចជាមហាជនក្នុងខេត្ត សៀមរាប រងចាំមើលថាតើព្រៃលិចទឹកខាងលើនេះអាចរក្សាបានឬយ៉ាងណាខណ:គ្រឿងចក្រនៅឈរក្នុងព្រៃនៅឡើយ។
ជុំវិញកណនីខាងលើនេះ អង្គភាពយើងខ្ញុំមិនអាចទាក់ទងសុំការបំភ្លឺពីឈ្មោះ សេង មង្គល បាននោះទេដោយសារគ្មានលេខទូរសព្ទ តែយ៉ាងណាមិញអង្គភាពយើងខ្ញុំរង់ចាំនៅការបងស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធរាល់បានធ្វើការ☎️ 012 927 732 / 015 883 332 ។
