សៀមរាប៖ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិសម្រុកទៅកម្សាន្តនៅខេត្តសៀមរាបមានការកើនឡើងយ៉ាងច្រើនរហូតដល់តាមផ្លូវជាតិមានការកកស្ទះខ្លះៗផងដែរ។ ក្នុងអំឡុងបុណ្យអុំទូក៣ថ្ងៃកន្លងមកនេះ អ្វីដែលជាការកត់សម្គាល់នោះ សន្ដិសុខសណ្ដាប់ធ្នាប់គឺមានការល្អប្រសើរ គ្មានឡើយបទល្មើស ពោលគឺប្រសើរជាងបណ្ដាឆ្នាំៗណាទាំងអស់។ តើអ្វីទៅជាកត្តដែលនាំឱ្យសន្ដិសុខសណ្ដាប់ធ្នាប់ល្អប្រសើរ ពុំមានសូមមួយករណី នៃបទល្មើសផ្សេងៗកើតឡើងនៅអំឡុងពិធីបុណ្យអុំទូកនៅខេត្តសៀមរាប?
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានប្រសាសន៍ថា នៅអំឡុងពិធីបុណ្យអុំទូក បណ្ឌែតប្រទីប សំពះព្រះខែ អកអំបុក នៅខេត្តសៀមរាប មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិមកកម្សាន្តច្រើនរហូតដល់រហូតដល់ជាង៣០ម៉ឺននាក់។ ការគ្រប់គ្រងសន្ដិសុខសណ្ដាប់ធ្នាប់វិញ គឺមានភាពល្អប្រសើរ ដោយមិនមានបទល្មើសកើតឡើងណាមួយកើតមានឡើងក្នុងខេត្តនោះឡើយ។
កត្តាដែលនាំឱ្យសន្ដិសុខសណ្ដាប់ធ្នាប់ល្អប្រសើរនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ថ្លែងប្រាប់សារព័ត៌មានថា កត្តាដែលអាចបង្ការទប់ស្កាត់បទល្មើសនានា នៅក្នុងពិធីបុណ្យអុំទូកនៅក្នុងខេត្តសៀមរាបគិតចាប់ពីថ្ងៃទី១៣-១៦ ខែវិច្ឆិកានោះ គឺអាចបណ្ដលមកពីកត្តា៦យ៉ាង ក្នុងនោះរួមមាន៖
ទី១៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដែលមានស្នងការដ្ឋាននគរបាលខេត្តជាសេនាធិការ បានកសាងផែនការ ការពាររួមមួយយ៉ាងច្បាស់លាស់ ។
ទី២៖ គ្រប់បញ្ជាការដឹកនាំ និងកងកម្លាំងតាមគោលដៅទាំងអស់មានការសហការគ្នាល្អ ព្រមទាំងមានការទទួលខុសត្រូវ ខ្ពស់ចំពោះភារកិច្ចរៀងខ្លួនៗដែលអង្ភភាពបានប្រគល់ជូន ។
ទី៣៖ ប្រធានគណៈបញ្ជាកាឯកភាពរដ្ឋបាលខេត្តសៀមរាប បានដឹកនាំប្រជុំវាយតម្លៃស្ថានការណ៍រាល់ថ្ងៃជាប្រចាំ និងផ្លាស់ប្តូរបទពិសោធន៍ ។
ទី៤៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាបបានផ្សព្វផ្សាយ ឱ្យប្រជាពលរដ្ឋចូលរួមសហការការពារទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងជាពិសេសចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា ។
ទី៥ ៖ កម្លាំងជំនាញ បានសហការជាមួយតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក ធ្វើការត្រួតពិនិត្យរដ្ឋបាលចំហរ និងត្រួតពិនិត្យអាវុធ គ្រឿងផ្ទុះជាប់ជាប្រចាំ ។
ទី៦៖ អ្វីដែលជាកត្តាសំខាន់មួយទៀតនោះគឺ ជាការយល់ដឹង និងការចូលរួមពីប្រជាពលរដ្ឋ ។
ថ្លែងប្រាប់សារព័ត៌មានថា៖ «ខ្ញុំសូមបញ្ជាក់ជូនសាជាថ្មីម្តងទៀតអំពីលទ្ធផល នៃកិច្ចរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងឆ្នាំនេះ បើពិនិត្យជារួមគឺ មានលក្ខណៈល្អប្រសើរជាងតាមបណ្តាឆ្នាំមុនៗ»។ នេះជារការលើកឡើងបន្ថែមពី លោកឧត្តមសេនីយ៍ទោ ហួត សុធី។
លោកឧត្តមសេនីយ៍ទោ ហួត សុធី បានថ្លែងបន្តឱ្យដឹងផងដែរថា ដើម្បីការពារធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពភាពសង្គម ក្នុងឱកាសប្រារព្ធ ពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅតាមបណ្តោយដងស្ទឹងសៀមរាប យើងប្រើប្រាស់កម្លាំងសរុបចំនួន២,៥៨៩នាក់ (យោធភូមិភាគទី៤ចំនួន ២២០នាក់, កងពលធំអន្តរាគមន៍លេខ២ចំនួន ២៥០នាក់, តំបន់ប្រតិបត្តិការ សឹករងសៀមរាបចំនួន ៣១១នាក់, ស្នងការដ្ឋាននគរបាលខេត្តចំនួន ៩៣៦នាក់, កងរាជអាវុធហត្ថខេត្តចំនួន ៣៣០នាក់, អង្គភាពនគរបាលការពារ បេតិកភណ្ឌចំនួន ២០០នាក់, អង្គភាពនគរបាលទេសចរណ៍ចំនួន ២៥នាក់, មន្ទីរសុខាភិបាលខេត្តសៀមរាបចំនួន ១៩៥នាក់, ក្រុមប្រតិបត្តិការខេត្តសៀមរាប សាខាទី៣ចំនួន ៣០នាក់, ស្នាក់ការប្រចាំខេត្តសៀមរាប មណ្ឌលស៊ើបការទី៤ (កជគ) ចំនួន ៣០នាក់, អគ្គិសនីសៀមរាបចំនួន ១២នាក់ និងប្រជាការពារចំនួន ៥០នាក់)។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានលើកឡើងថា «បាទជាចំណាប់អារម្មណ៍របស់ខ្ញុំ គឺថា មានតែការចូលរួមសហការ ពីសំណាក់ប្រជាពលរដ្ឋផ្ទាល់, កងកម្លាំងគ្រប់ប្រភេទ និងជាពិសេសអ្នកពាក់ព័ន្ធទាំងអស់គ្នា ទើបទទួលបាននូវភាពជោគជ័យ ។ ប្រកបដោយមានស្មារតីទទួលខុសត្រូវខ្ពស់ទេដែលអាចឱ្យយើងទទួល។
ជាចុងបញ្ជាប់ ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ កងកម្លាំងគ្រប់ប្រភេទទាំងអស់, ប្រជាពលរដ្ឋ, និងអ្នកពាក់ព័ន្ធ ដែលចូលរួមសហការគ្នាយ៉ាងល្អប្រើសើរ បានញ៉ាំងឱ្យព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅខេត្តសៀមរាបប្រព្រឹត្តិទៅដោយរលូន»៕ ដោយ៖ ល.ស