ខេត្តសៀមរាប៖ ព្រៃលិចទឹកនៅចំណុចកប៉ាល់ផ្កាប់ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានឆេះ ៤យប់ ៤ថ្ងៃ មកនេះអស់ទំហំប្រមាណជាង២៥ហិកតាហើយ នៅមិនទាន់គ្រប់គ្រងបាននៅឡើយទេ គិតត្រឹមម៉ោង ២២ ១៥នាទី ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២៤។
យោងតាមសំណេររបស់ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដែលបានបង្ហោះនៅលើទំព័រ Facebook ផ្លូវការរបស់ខ្លួន នៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៤ ដែលដាក់ចំណងជើងថា «សកម្មភាពចុះទប់ស្កាត់និងពន្លត់ភ្លើងឆេះព្រៃលិចទឹកនៅចំណុចកប៉ាល់ផ្កាប់ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប»។
សំណេររបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ៖ «ថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០២៤ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោកធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប និងសហការី បានអមដំណើរឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដោយសហការជាមួយស្នងការនគរបាលខេត្ត រដ្ឋបាលក្រុងសៀមរាប ការិយាល័យអគ្គីភ័យ រដ្ឋបាលសង្កាត់ចុងឃ្នៀស សហគមន៍នេសាទចុងឃ្នៀស ប្រជាការពារ និងប្រជាពលរដ្ឋ ចំនួន៥០នាក់ ស្ត្រី២នាក់ បានចូលរួមទប់ស្កាត់និងពន្លត់ភ្លើងឆេះព្រៃលិចទឹកនៅចំណុចកប៉ាល់ផ្កាប់ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ក្រុមការងារពិបាកគ្រប់គ្រងភ្លើងព្រៃបានទេ ដោយសារឡានទឹកមិនអាចចូលដល់កន្លែងភ្លើងកំពុងឆេះ។ ក្រុមការងារបានប្រើប្រាស់សម្ភារៈពន្លត់ភ្លើងរួមមាន៖-អេស្កាវ៉ាទ័រ ចំនួន០១គ្រឿង ត្រាក់ទ័រ ចំនួន០១គ្រឿង ឡានទឹក ចំនួន០៣គ្រឿង គោយន្តកន្ត្រៃ ចំនួន០១គ្រឿង ម៉ាសុីនបូមទឹកចំនួន០៣គ្រឿង ធុងបាញ់ទឹកចំនួន១០គ្រឿង ធុងយួរទឹកចំនួន៣០ កាំបិតខ្វែវចំនួន២០ និងលោកទា គឺមសុទ្ធ ប្រធានមន្ទីរ ឧបត្ថម្ភប្រេងម៉ាស៊ូតចំនួន ៥០០លីត្រ ដល់ក្រុមការងារពន្លត់ភ្លើងព្រៃលិចទឹក។ តាមការពិនិត្យជាបឋម ព្រៃលិចទឹកដែលត្រូវបានឆេះអស់ទំហំប្រមាណជាង២៥ហិកតា»។
ទោះបីជាយ៉ាងណា ក្រុមការងារបង្កានិងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប តាមរយៈតេឡេក្រាមផ្លូវការ «ព័ត៌មានអគ្គីភ័យ[ខេត្តសៀមរាប]» បានបញ្ជាក់ថារហូតមកដល់ពេលនេះ មិនមានសញ្ញាណាមួយ បញ្ជាក់ថាអគ្គីភ័យដែលកំពុងតែឆាប់ឆេះព្រៃលិចទឹកនៅតំបន់ខាងលើនេះ មានការថមថយ ឬក៏គ្រប់គ្រងបាននោះទេ។ ប៉ុន្តែក្រុមរបស់ខ្លួននៅតែបន្តខិតខំប្រយុទ្ធប្រឆាំងជាមួយនឹងអគ្គីភ័យ ដែលកំពុងតែបំផ្លាញជម្រកត្រីពងកូន នៅក្នុងបឹងធម្មជាតិដែលធំជាងគេនៅអាស៊ីមួយនេះ ដោយមិនគិតពីការណើយហត់ លំបាកយ៉ាងណា ក៏ក្រុមការងាររបស់ពួកគេនៅតែបន្តទាំងថ្ងៃទាំងយប់។
ប្រជាពលរដ្ឋ បានសម្ដែងនូវការព្រួយបារម្ភ ចំពោះការឆេះរីករាល ព្រៃលិចទឹក ដែលនាំឲ្យបាត់ទីតាំងមច្ឆាជាតិ និងជីវៈចម្រុះផ្សេងៗ ចូលមកពងកូន នៅដើមរដូវវស្សានេះ។ ប្រជាពលរដ្ឋបានគោរពស្នើសុំថ្នាក់ដឹកនាំមេត្តាគិតគូ និងដោះស្រាយជាបន្ទាន់ នៅករណីនេះដើម្បីចៀសវាងការបាត់បង់ ព្រៃលិចទឹកកាន់តែធំឡើងៗ ធ្វើឱ្យគ្មានទីតាំងគ្រប់គ្រាន់សម្រាប់ជីវៈចម្រុះ ក៏ដូចជាប្រព័ន្ធអេកូឡូស៊ី៕