ភ្នំពេញ៖ លោក នេត្រ ភក្ត្រា ជាកូនកសិករ មានស្រុកកំណើតនៅភូមិទោង ឃុំសួង ស្រុងត្បូងឃ្មុំ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ) ដែលមានបងប្អូនចំនួន ៦នាក់ (ប្រុស៣ ស្រី៣)។ បច្ចុប្បន្នលោកបានរៀបអាពាហ៍ពិពាហ៍ និងមានកូនចំនួនពីរនាក់។
លោក នេត្រ ភក្ត្រា នៅពេលប្រឡងជាប់សញ្ញាប័ត្រមធ្យម សិក្សាទុតិយភូមិ បានចាកចេញពីស្រុកកំណើតទៅបន្តការសិក្សានៅរាជធានីភ្នំពេញ។ នៅពេលមកដល់រាជធានីភ្នំពេញ លោកមិនមានលទ្ធភាពក្នុងការជួលផ្ទះគេស្នាក់នៅទេ ដោយលោកបានទៅនៅជាមួយព្រះសង្ឈវត្តកោះ អស់រយៈពេល១០ឆ្នាំ(១៩៩៩-២០០៨) ដើម្បីបានបន្តការសិក្សារៀនសូត្រ។ ក្នុងការស្នាក់នៅវត្តនេះ លោកបានបន្តការសិក្សានៅវិទ្យាស្ថានភាសារបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្រោយការសិក្សារនៅទីនេះរយៈពេល ៤ឆ្នាំ លោកមានជំនាញចំនួនពីរគឺ ជំនាញផ្នែកសារព័ត៌មាន និងជាសាស្ត្រាចារ្យភាសារបារាំង។
បន្ទាប់ពីការសិក្សាចប់នៅសាកលវិទ្យាល័យ លោក នេត្រ ភក្ត្រា ក៏ទទួលបានការចុះធ្វើកម្មសិក្សាផ្នែកសារព័ត៌មាននៅប្រទេសបារាំង នៅពេលត្រឡប់មកវិញ លោកក៏ទទួលបានការងារធ្វើនៅទូរទស្សន៍ជាតិកម្ពុជា ផ្នែកភាសារបារាំង។ បន្ទាប់មកទៀតលោកក៏បានធ្វើជាអ្នករាយការណ៍ព័ត៌មានឱ្យកាសែតសំណេរថ្មីប្រចាំខេត្តសៀមរាប។ នៅទីនេះ លោកមានឱកាសបានធ្វើជានិពន្ធនាយកផ្នែកសារព័ត៌មាន និងបន្ទាប់មកទៀតលោកធ្លាប់ធ្វើជានិពន្ធនាយកសារព័ត៌មានមេគង្គថែម។ ក្រោយមកទៀតលោកក៏បានទៅធ្វើការងារនៅកាសែតភ្នំពេញប៉ុស្តិ៍ ជានាយកគ្រប់គ្រងការីនិពន្ធ ផ្នែកភាសារខ្មែរ ដែលជាស្នាដៃរបស់លោកបានបង្កើតឡើងផងដែរ។
បន្ទាប់ពីធ្វើការនៅក្នុងវិស័យសារព័ត៌មានអស់រយៈពេលប្រមាណ ១០ឆ្នាំ លោកក៏បានផ្លាស់ទៅធ្វើការងារជាអ្នកនាំពាក្យឱ្យសាលាក្តីខ្មែរក្រហម។ នៅទីនេះទាមទានូវអ្នកមានសមត្ថភាពខ្លាំង ចេះភាសារបរទេស និងមានទំនាក់ទំនងល្អជាមួយមជ្ឈដ្ឋាននានាផងដែរ។ ក្នុងតួនាទីជាអ្នកនាំពាក្យតុលាការកូនកាត់មួយនេះ លោកបានធ្វើឱ្យមជ្ឈដ្ឋាននានាមានការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសអ្នកកាសែតជាតិ និងអន្តរជាតិ។
បន្ទាប់មកទៀត លោក នេត្រ ភក្ត្រា ក៏ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជា រដ្ឋលេខាធិការ និងជាមន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាន។ ទោះជាមានតួនាទីក្នុងជួរដ្ឋាភិបាលក៏ដោយ លោក នេត្រ ភក្ត្រា ក៏នៅមានកិច្ចការងារមួយទៀតគឺ ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម។ ដោយសារតែការស្រឡាញ់វិស័យសារព័ត៌មាន បានជំរុញឱ្យលោកបានធ្វើការងារនេះ ហើយលោកក៏ទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំ និងពីមជ្ឈដ្ឋាននានាផងដែរ ក្នុងពេលធ្វើកិច្ចការងារនេះ។
នៅក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលពី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ លោក នេត្រ ភក្ត្រា បានក្លាយជារដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ពីកូនអ្នកកសិករ រួមនឹងជីវិតជូរចត់ពីអតីតកាល អ្វីដែលជំរុញលោកឱ្យទទួលបាននូវភាពជោគជ័យរហូតមដល់ពេលនេះគឺ ពាក្យមួយនៅក្នុងបទចម្រៀង “មិនតូចចិត្តទេឃើញគេអ្នកមាន ត្រូវខំប្រឹងរៀនដើម្បីអនាគតយើងភ្លឺស្វាងនៅថ្ងៃខាងមុខ”៕