រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានស្តីពីការលុបលេខបញ្ជិកាផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./30 Caps. និងGINSENG PRO B/Bott./60 Caps. ដោយផលិតផលនេះមានផ្ទុកសារធាតុឱសថសម័យ DEXAMETHASONE និង PREDNISOLONE ដែលអាចបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកប្រើប្រាស់។
ក្រសួងសុខាភិបាលសូមជម្រាបលោក លោកស្រីនាយកគ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថឱ្យបានជ្រាបថា ផលិតផលបំប៉នសុខភាពឈ្មោះ Ginseng Pro., B/ Bott./30 Caps. មានលេខបញ្ជិកា CAM N0019IH-23 និង Ginseng Pro. B/ Bott/ 60 Caps. មានលេខបញ្ជិកា CAM N0001IH-23 ផលិតដោយគ្រឹះស្ថាន Bio Grand Co., Ltd., Thailand ដែលបានស្នើសុំចុះបញ្ជិកា នាំចូល និងចែកចាយដោយគ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថគ្រួសារកក់ក្ដៅ ឯ.ក។ យោងតាមព្រឹត្តិប័ត្រវិភាគគុណភាពចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ របស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលបានបញ្ជាក់ថា ផលិតផលបំប៉នសុខភាពនេះមានផ្ទុកសារធាតុ Dexamethasone និង Prednisolone បន្ថែម ជាហេតុបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពដល់អ្នកប្រើប្រាស់។
ក្នុងគោលបំណងដើម្បីធានាសុវត្ថិភាពជូនដល់អ្នកប្រើប្រាស់ ក្រសួងសុខាភិបាលសម្រេចលុបលេខបញ្ញិកាផលិតផល បំប៉នសុខភាពទាំងពីរខាងលើចេញពីបញ្ជីឱសថចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ចំពោះគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ និង គ្រឹះស្ថានផលិតឱសថ ដែលពាក់ព័ន្ធត្រូវចាត់វិធានការប្រមូលផលិតផលបំប៉នសុខភាពខាងលើចេញពីឱសថស្ថាន ឱសថស្ថានរងនានា និងពី ទីផ្សារ ព្រមទាំងហាមលក់លើប្រព័ន្ធអនឡាញ និងបណ្តាញសង្គមនានា ពុំនោះទេក្រសួងសុខាភិបាលនឹងអនុវត្តតាមផ្លូវច្បាប់ជាធរមាន។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើសូមលោក លោកស្រីប្រធានគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ និងភាគីពាក់ព័ន្ធ ជាមួយផលិតផលខាងលើ ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕