ពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប

60

នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ មន្ទីរព័ត៌មានខេត្តសៀមរាប បានរៀបចំពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និង លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម លោក លោកស្រី ជាប្រតិភូអមដំណើរ ថ្នាក់ដឹកនាំ និង មន្ត្រីរាជការមន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មានក្នុងខេត្តជាច្រើនរូបទៀត ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម លីវ សុខុន ទីប្រឹក្សាក្រសួង និង ជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានសម្ដែងនូវក្ដីសោមនស្សរីករាយក្រៃលែងចំពោះវត្តមានឯកឧត្តមរដ្ឋលេខាធិការក្រសួងព័ត៌មាន និង លោកស្រីអភិបាលរងខេត្ត ដែលអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប ដើម្បីបញ្រ្ជាបការយល់ដឹង និងអភិវឌ្ឍន៍ធនធានសមត្ថភាព អំពីតួនាទី ភារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន សម្រាប់រក្សាសន្តិភាព និងសណ្ដាប់ធ្នាប់សង្គម ពិសេសគឺការបង្កើនការទំនាក់ទំនងឱ្យមានភាពស្និទ្ឋស្នាលរវាងអ្នកសារព័ត៌មានជាមួយថ្នាក់ដឹកនាំនិង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងន័យបង្ខិតឱ្យកាន់តែកៀកជិតគ្នា សហការល្អ សំដៅរក្សាបាននូវភាពសុខដុមរមនាក្នុងសង្គម ។
ឯកឧត្ដមសង្ឃឹមថា តាមរយៈពិធីសំណេះសំណាលនេះ នឹងធ្វើឲ្យអ្នកសារព័ត៌មានយើង បានយល់ដឹងកាន់តែច្បាស់បន្ថែមទៀត អំពីសិទ្ធិ តួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីពង្រឹងវិជ្ជាជីវៈ និងជំនឿទុកចិត្តពីសាធារណជន ។
លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត មានប្រសាសន៍ថា៖ ស្ថិតក្នុងយុគសម័យឌីជីថល បានធ្វើឱ្យវិស័យព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន ដែលជះឥទ្ធិពលទាំងវិជ្ជមាន និងអវិជ្ជមានផងដែរ កត្តាទាំងពីរបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើអ្នកស្ដាប់ អ្នកអាន និងអ្នកមើល ព្រោះថា បើព័ត៌មានដែលផ្សាយទៅមានខ្លឹមសារវិជ្ជមាននោះ សង្គមជាតិមិនមានបញ្ហាអ្វីឡើយ ប៉ុន្តែបើព័ត៌មានដែលផ្សាយចេញនោះធ្វើឱ្យអ្នកទទួលពិបាក និងធ្វើឱ្យប៉ះពាល់សង្គមជាតិថែមទៀតផង ប៉ុន្តែប្រការសំខាន់គឺមុននឹងធ្វើការផ្សព្វផ្សាយនូវព័ត៌មានណាមួយ ត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវអនុវត្តឱ្យស្របតាមវិជ្ជាជីវៈអ្នកសារព័ត៌មាន ជៀសវាងមានផលប៉ះពាល់ណាមួយដល់សង្គម ដូចសម្ដេចតេជោ ធតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់ពាក្យស្លោកជូនអ្នកសារព័ត៌មានថា «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត» ។
លោកស្រី ម៉ននី រង្សី បន្តថា អ្នកមានវត្តមាននៅទីនេះ គឺមកទីតាំងខុសគ្នា និងមានស្ថានភាពរស់នៅប្រចាំថ្ងៃខុសគ្នាក៏ពិតមែន ប៉ុន្តែយើងមានភាពដូចគ្នាមួយ គឺមានឈាមជ័រជាខ្មែរទាំងអស់គ្នា ហើយក៏គ្មានជនជាតិណាផ្សេងក្រៅពីខ្មែរស្រឡាញ់ខ្មែរខ្លួនឯងដែរ ហេតុនេះបើយើងមានឈាមជ័រជាខ្មែរ គឺត្រូវស្រឡាញ់ទឹកដីខ្មែរ ការពារជនជាតិខ្មែរ ថែរក្សាវប្បធម៌ និងអរិយធម៌របស់ខ្មែរ ពិសេសសូមឲ្យគិតថា តើការសរសេរ និង ការធ្វើអត្ថាធិប្បាយរបស់យើង វាចំណេញឬខាត វាប៉ះពាល់ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់ខ្មែរក្នុងកម្រិតណាដែរ ។
ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន មានប្រសាសន៍ថា ៖ អ្នកសារព័ត៌មានមានតួនាទីរាយការណ៍ សរសេរអត្ថបទ នូវរឿងរ៉ាវគ្រប់ប្រធានបទ ដើម្បីបម្រើដល់អ្នកអាន អ្នកស្តាប់ អ្នកមើលនូវរឿងរ៉ាវទាំងនោះ ប៉ុន្តែចាំបាច់ត្រូវគោរពតាមច្បាប់ស្តីពីរបបសារព័ត៌មាន និង គោរពក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មានឲ្យបានខ្ជាប់ខ្ជួន ដោយត្រូវពឹងផ្អែកទៅលើគោលការណ៍ចំនួន៦ចំណុច ដែលជាមូលដ្ឋានគ្រឺះសម្រាប់ការសរសេរ និង ការផ្សព្វផ្សាយព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ និង មានសុក្រិតភាព ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បានណែនាំដល់អ្នកសរសេរព័ត៌មាន ត្រូវដើរឱ្យទាន់ និងសិក្សាស្វែងយល់ អំពីការផលិតព័ត៌មាន ក្នុងបរិបទនៃការវីវដ្តបច្ចេកវិទ្យាឧស្សាហកម្ម៤.០ និងសារព័ត៌មានតាមប្រព័ន្ធអ៊ិនធើណែត ព្រោះតែដោយសារតែល្បឿននៃការបញ្ជូនព័ត៌មានបានលឿន និងទាន់ហេតុការណ៍នៅតាប្រព័ន្ធអ៊ីនធើណែត និងដោយសារតែការហូរចូលនូវប្រព័ន្ធកុំព្យូទ័រដ៏ច្រើនសន្ធឹកសន្ធាប់នាពេលបច្ចប្បន្ន ក៏ដូចជាវិសាលភាពនៃការរីកចម្រើនរបស់សារព័ត៌មានអ៊ីនធើណែត កាន់តែមានភាពធំឡើងៗ ដែលអាស្រ័យទៅដោយឧបករណ៍ មានភាពទំនើបនាពេលថ្មីៗទាំងនេះ ៕