ក្រសួងសុខាភិបាលស្នើឲ្យប្រយ័ត្នជានិច្ចចំពោះផ្ដាសាយបក្សី ខណៈរកឃើញអ្នកស្លា.ប់២នាក់ហើយ
បុរសវ័យ៥០ឆ្នាំក្នុងខេត្តស្វាយរៀង ម្នាក់ត្រូវបានរកឃើញថាឆ្លងវីរុសផ្ដាសាយបក្សីH5N1 កាលពីថ្ងៃទី៧ខែតុលាថ្មីៗនេះ។ នេះបើយោងតាមក្រសួងសុខាភិបាលកម្ពុជា ដោយបញ្ជាក់ដែរថា មាន់របស់ជនរងគ្រោះនិងអ្នកជិតខាងដែលងាប់ប្រមាណ៥០ក្បាល ក៏ត្រូវបានចែកចាយឲ្យមនុស្សផ្សេងទៀតទទួលទានផងដែរ។ អំឡុងការជួបជុំបងប្អូននារដូវភ្ជុំ រដ្ឋបាលខេត្តស្វាយរៀងបានណែនាំឲ្យពលរដ្ឋហាមដាច់ខាតយកសត្វបក្សីដែលឈឺឬងាប់មកចម្អិនជាម្ហូបអាហារ។
អំឡុងរដូវកាលបុណ្យភ្ជុំបិណ្ឌ ក្រសួងសុខាភិបាលកម្ពុជាថ្ងៃទី៨ខែតុលា បានឲ្យដឹងថា មានបុរសវ័យ៥០ឆ្នាំបានស្លាប់ ដោយជំងឺផ្ដាសាយបក្សីH5N1 ដែលជាករណីស្លាប់ទី២ ហើយក្នុងឆ្នាំ២០២៣នេះ។
ក្រសួងសុខាភិបាល គូសបញ្ជាក់ថា មាន់របស់ជនរងគ្រោះនិងអ្នកជិតខាងដែលបានងាប់ប្រមាណ៥០ក្បាល ក៏បានចែកចាយឲ្យអ្នកផ្សេងៗបរិភោគផងដែរ។ បុរសជាជនរងគ្រោះ រស់នៅក្នុងភូមិម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។ នៅចំពោះមុខនេះ ក្រសួងសុខាភិបាលអះអាងថា កំពុងសហការជាមួយភាគីពាក់ព័ន្ធ ស្វែងរកប្រភពចម្លងទាំងលើសត្វនិងលើជនរងគ្រោះ ក៏ដូចជាស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ ក្នុងភូមិដែលកើតហេតុនេះ។
ចំណែករដ្ឋបាលខេត្តស្វាយរៀង តាមរយៈសេចក្ដីជូនដំណឹងមួយនៅថ្ងៃទី៩តុលានេះ បានដាស់តឿនឲ្យពលរដ្ឋក្នុងភូមិសាស្រ្តខេត្តស្វាយរៀងទាំងអស់ ហាមយកសត្វបក្សីដែលឈឺ ឬងាប់មកបរិភោគ និងត្រូវរាយការណ៍មកអាជ្ញាធរជាបន្ទាន់ ក្នុងករណីរកឃើញសត្វបក្សីឈឺឬងាប់ក្នុងចំនួនច្រើនមិនប្រក្រតី។ ទន្ទឹមនឹងនេះ ពលរដ្ឋត្រូវបរិភោគសាច់ដែលឆ្អិនល្អ នៅឲ្យឆ្ងាយពីសត្វបក្សីដែលឈឺឬងាប់ និងរក្សាអនាម័យក្នុងការរស់នៅជានិច្ច។
ក្នុងពេលជាមួយគ្នានេះ ក្រសួងសុខាភិបាលកម្ពុជា បានក្រើនរំឮកឲ្យពលរដ្ឋប្រុងប្រយ័ត្ននឹងរោគផ្ដាសាយបក្សីH5N1ជានិច្ច ដោយសង្កត់ធ្ងន់ថាវាជាជំងឺធ្ងន់ធ្ងរមួយ ដែលត្រូវការការព្យាបាលឲ្យទាន់ពេលវេលា។ ក្រសួងគូសបញ្ជាក់ថា ថ្វីត្បិតជំងឺនេះមិនងាយឆ្លងពីមនុស្សទៅមនុស្សក្ដី តែវាអាចបំប្លែងខ្លួន ដែលអាចឆ្លងដូចនឹងជំងឺផ្ដាសាយតាមរដូវកាលដែរ។ តាមក្រសួងសុខាភិបាល នេះជាករណីវិជ្ជមានផ្ដាសាយបក្សីទី៥៨ហើយ ដែលបានកើតឡើងក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០០៥មក ខណៈអ្នកស្លាប់ដោយជំងឺនេះ មានចំនួន៣៩នាក់៕