សៀមរាប÷ បទល្មើសនេសាទ(ឆ្នុក)ពាសពេញផ្ទៃទន្លេប្រៀបបីដូចជាក្រុងរណបដែលមានភ្លើងពណ៌បំភ្លឺរាប់រយអំពូលកំពុងដាក់ពង្រាយចាប់ត្រីល្អិតៗយកមកធ្វើនុយត្រីឆ្ដោររៀងរាល់យប់ ការប្រព្រឹត្តទៅបានក៏ ដោយសារតែមន្រ្ដីជំនាញប្រព្រឹត្តអំពើពុករលួយដើរយកលុយពីបទល្មើសហើយបើកដៃឲ្យក្រុមប្រជានេសាទប្រើប្រាស់ឧបករណ៍ខុសច្បាប់ប្រព្រឹត្តបានទៅយ៉ាងរលូនគ្មានការបង្ក្រាប មិនខុសពីពាក្យចាស់ពោលថា ខ្មោចស្រុកមិនអោយដៃខ្មោចព្រៃមិនហ៊ាននោះទេ។
ប្រជាពលរដ្ឋបានរាយការណ៍ថា មន្ត្រីជលផលមួយចំនួនប្រព្រឹត្តអំពើពុករលួយដើរយកលុយពីបទល្មើសនេសាទ គ្រប់ប្រភេទ ក្លាយទៅជាទម្លាប់ទៅហើយ ទើបពលរដ្ឋអ្នករកស៊ីដាក់បទល្មើសហ៊ានដាក់ឆ្នុកតាមតែអំពើចិត្តមិនខ្វល់ពីការបាត់បង់ពូជត្រីឡើយ។
ទន្ទឹមហ្នឹងនោះក៏មានការរិះគន់ខ្លាំងៗទៅលើលោក ធិន នីសុធី នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប និងលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប ថាជាមន្ត្រីជើង ១០អង្គុយតែក្នុងការិយាល័យមិនហ៊ានចុះមកបង្ក្រាបបទល្មើសជលផលក្នុងរដូវត្រីពងកូន ញាស់បន្តពូជ ស្ដាប់និងយករបាយការណ៍ភូតភរពីមន្ត្រីគ្រាប់ល្ពៅដែលធ្វើរបាយការណ៍កុហកបោកប្រាស់គ្មានការពិត ។
ពាក់ព័ន្ធនឹងអំពូលឆ្នុកត្រូវបានពលរដ្ឋគាំទ្រឲ្យសមត្ថកិច្ចចុះចាប់បង្ក្រាបរាល់ឧបករណ៍នេសាទខុសច្បាប់ដែលដាក់លក់នៅតាមតូបឲ្យអស់ និងចុះចាប់ទូកអ្នកទិញត្រីនុយឲ្យអស់ និងបញ្ឈប់ការចិញ្ចឹមត្រីឆ្ដោរបែបយកនុយត្រីធ្វើជាចំណី ព្រមទាំងស៊ើបអង្កេតរឿងអាស្រូវរបស់មន្ត្រីពុករលួយដែលបើកដៃឲ្យដាក់បទល្មើសនេសាទខុសច្បាប់កុំឱ្យមានការលើកលែង។
បើតាមសម្ដីមន្ត្រីជលផលក្រោមឱវាទបានខ្សឹបខ្សៀវប្រាប់អ្នកសារព័ត៌មាននូវរឿងអាស្រូវមន្ត្រីជលផល២រូបដែលកំពុងតែដើរប្រមូលលុយយ៉ាងមមាញឹកដើម្បីបម្រើផលប្រយោជន៍ឲលោកនាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប និងលោកប្រធានមន្ទីរកសិកម្មខេត្តសៀមរាប ត្រូវបានក្រុមនេសាទបទល្មើសខុសច្បាប់រាប់រយនាក់ដែលកំពុងដាក់ឆ្នុកនិងអូសលៀសបានលើកឡើងថាខ្លួនបានបង់លុយឱ្យទៅមន្ត្រីជលផល និងបង់ឱ្យមន្ត្រីបរិស្ថានដែលគ្រប់គ្រងទីនោះ ព្រមទាំងបង់លុយឱ្យមន្ត្រីនៃអធិការខាងជើងបឹងទន្លេសាបផងដែរ ដើម្បីជាថ្នូរទៅនឹងការមិនបង្ក្រាបបទល្មើសដែលខ្លួនបានដាក់។
ជាក់ស្ដែងបទល្មើស ឆ្នុកមាននៅ= ១/ចំនុច ចង្កៀងក្ល ; រហាលវេហា ; ត្រចៀកតាមាស
ក្នុងតំបន់អភិរក្ស ផ្តោលស្រោង ក្នុងភូមិមាត់ខ្លា ក្រោមការគ្រប់គ្រងរបស់លោក ឃុតគ្រី ប្រធានសហគមន៍ឃុំអន្លង់សំណរស្រុកជីក្រែង ខេត្តសៀមរាប។
២/ ចំណុច កោះគគី ; ចំណុច ប្រាំបីមុំ ក្រោមការគ្រប់គ្រងរបស់លោក អម ស៊ន់ ប្រធានសហគមន៍ ភូមិស្ទឹងជ្រៅ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
បើតាមការចុះផ្សាយពីបទល្មើសដែលមន្ត្រីបានចុះបង្ក្រាបឃើញថាបានបង្ក្រាបតែចំណុចមួយចំនួនតូចតែប៉ុណ្ណោះនៅមួយចំនួនធំទៀតមិនទាន់ឃើញមានការចុះបង្ក្រាបនៅឡើយទេ។
ពាក់ព័ន្ធទៅនឹងអំពើពុករលួយដែលបង្កឲ្យមានការដាក់បទល្មើសនេសាទខុសច្បាប់ខាងលើនេះអង្គភាពយើងពុំអាចសុំការបំភ្លឺពីរអ្នកពាក់ព័ន្ធនិងអ្នកទទួលយកសំណូកបាននៅឡើយទេតែ ទោះយ៉ាងណាអង្គភាពយើងរង់ចាំការបំភ្លឺគ្រប់ម៉ោងធ្វើការ និងសូមបញ្ជាក់ថាអង្គភាពសារព័ត៌មានផ្សព្វផ្សាយដើម្បីឲ្យសមត្ថកិច្ចចុះបង្ក្រាបនៅរាល់បទល្មើសឲ្យអស់ ដើម្បីរក្សានូវពូជធនធានមច្ឆាឱ្យបានគង់វង្សសម្រាប់យើងគ្រប់គ្នា ពុំមានចេតនាផ្សព្វផ្សាយដើម្បីជាន់ពន្លិចឬរិះគន់បែបពេបជ្រាយទៅលើអង្គភាពណាឡើយ៕ រាយការកណ៍ដោយ៖ សហការី