ភ្នំពេញ៖ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកបង្ក្រាបបទល្មើសគ្រឿងញៀន បានអោយដឹងថា ករណីឃាត់ខ្លួនលោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល អនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងបក្សពួក ៤ នាក់ ទៀត មិនមានពាក់ព័ន្ធ បទល្មើសគ្រឿងញៀនទេ ប៉ុន្តែ អាចពាក់ព័ន្ធ បទល្មើស កំហែងយក ។
តាមដំណើររឿងបានអោយដឹងថា នៅពាក់កណ្ដាលខែ តុលា ឆ្នាំ ២០២៣ លោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល បានស្នើសុំគោលការណ៍ លោកឧត្ដមសេនីយ៍ឯក ឃីង សារ៉ាត់ ប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបជនជាតិចិនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន ។ លុះចាប់ឃាត់ខ្លួនមក ជនជាតិចិនទាំងនោះ គ្មានភស្តុតាង ពាក់ព័ន្ធបទល្មើសគ្រឿងញៀនទេ ។
បន្ទាប់ពីឆែកឆេរគ្មានភស្តុតាងពាក់ព័ន្ធបទល្មើសគ្រឿងញៀន លោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល បានសុំគោលការណ៍លោកប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អនុញ្ញាតអោយត្រលប់ទៅវិញ ។
លោកប្រធានមន្ទីរបានបានស្នើសុំគោលការណ៍បន្តពីឯកឧត្ដមនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ តែមិនបានអោយ លោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល យកលុយជនជាតិចិនទេ ។ ចំណែកលោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល បានទាមទារលុយពីជនជាតិចិនទាំងនោះចំនួន ៣ ម៉ឺនដុល្លារ ជាថ្នូរនឹងការដោះលែង ដោយទៅយកលុយដល់ធនាគារថែមទៀតផង ។
ជនជាតិចិនទាំងនោះបន្ទាប់ពីប្រគល់លុយអោយទៅលោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល និងបក្សពួករួចហើយ ពួកគេក៏ប្ដឹងមកថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីទាមទាររកយុត្តិធម៌ ។
សរុបសេចក្ដីមក ករណី ឃាត់ខ្លួនលោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល និង បក្សពួក ៤ នាក់ មិនពាក់ព័ន្ធបទល្មើសគ្រឿងញៀនទេ តែពាក់ព័ន្ធបទល្មើស កំហែងយក ៕