រឿងរ៉ាវលម្អិត!​ បុគ្គលិកអាជ្ញាធរអប្សរា២នាក់ ត្រូវបានចាប់ខ្លួនក្រោយប្រើហិង្សាលើក្មេងប្រុសម្នាក់ នៅស្ពានហាលអង្គរវត្ត

2,313

(សៀមរាប)៖ ករណីប្រើប្រាស់អំពើហិង្សាលើក្មេងប្រុសម្នាក់ ដែលដើរចាប់អណ្ដើកលក់ឲ្យភ្ញៀវលែងចូលទឹក ដែលបង្កដោយបុគ្គលិកសណ្ដាប់ធ្នាប់របស់អាជ្ញាធរអប្សរានោះ នៅពេលនេះជនដៃដល់២នាក់ ត្រូវបាននគរបាលខេត្តសៀមរាបចាប់ខ្លួន។

របាយការណ៍ដែលបណ្ដាញព័ត៌មាន Maha Khmer News ទទួលបាននៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ បញ្ជាក់ថា ការចាប់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១២ ខែមករាម្សិលមិញ ក្នុងចំណោមជនសង្ស័យ៥នាក់ ហើយរកឃើញពីរនាក់ជាជនដៃដល់។

ជនដៃដល់ទាំងពីរនាក់នេះ ឈ្មោះ សុខ សឿន អាយុ២៣ឆ្នាំ ទីកន្លែងកំណើត និងបច្ចប្បន្ននៅភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប និងឈ្មោះ ហៃ រដ្ឋា អាយុ៣១ឆ្នាំ ទីកន្លែងកំណើតភូមិសាលាកន្សែង ឃុំស្វាយដង្គំ ស្រុក-ខេត្តសៀមរាប និងបច្ចុប្បន្នភូមិរុនតាឯកថ្មី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

យោងតាមចម្លើយសារភាពបានឲ្យដឹងថា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៤៖០០នាទី ជនរងគ្រោះឈ្មោះ ណុល សំណាង ដើរចាប់កូនសត្វអណ្តើកបានចំនួន៧ក្បាលពីក្នុងទឹកទក្សិណអង្គរវត្ត ហើយដើរលក់ឲ្យភ្ញៀវសម្រាប់លែងចូលទៅក្នុងទឹកវិញ នៅមុខរៀនហាលអង្គរវត្ត ជាមួយគ្នា២នាក់ទៀតឈ្មោះ ទី នើត អាយុ១៥ឆ្នាំ និងឈ្មោះ បៃ បីត អាយុ២២ឆ្នាំ លុះនៅវេលាម៉ោង១៧៖៣០នាទី ឈ្មោះ ណុល សំណាង លក់ដាច់អស់កូនអណ្តើកចំនួន៥ក្បាល(១ក្បាល១ម៉ឺនរៀល) នៅសល់២ក្បាល។

ក្រោយមកស្រាប់តែមានកម្លាំងអាជ្ញាធរជាតិអប្សរា ប្រហែលប្រាំមួយទៅប្រាំពីរនាក់ដេញចាប់ពួកគេពេលនោះឈ្មោះ ទី នើត បានរត់គេចខ្លួន និងឈ្មោះ បៃ បីត លោតចូលទឹកទក្សិណអង្គរអស់ទៅ នៅសល់ឈ្មោះ ណុល សំណាង ត្រូវបានកម្លាំងអាជ្ញាធរអប្សរាចាប់បាន ពេលនោះឈ្មោះ សុខ សឿន (អាជ្ញាធរអប្សរា) បានចាប់ទាញកអាវជនរងគ្រោះជាប់ហើយបានទះកំភ្លៀងមួយដៃ និងទាត់ចំនួនមួយជើងបន្ថែមទៀត ហើយពួកគេនាំឈ្មោះ ណុល សំណាង ទៅចំណុចក្បែរមាត់ទឹក មុខស្ពានបណ្ដែតទឹកប្រាសាទអង្គរវត្ត(កន្លែងកើតហេតុ) ដើម្បីរងចាំឡានមកដឹកយកទៅឲ្យជំនាញ។

ខណៈពេលនោះជនរងគ្រោះយំមិនឈប់ ធ្វើឲ្យភ្ញៀវទេសចរណ៍ភ្ញាក់ផ្អើលទើបឈ្មោះ សុខ សឿន ស្រែកថា ហ្អែងឈប់យំអត់? ហើយគេបានដើរមកពីមុខជនរងគ្រោះ និងធ្វើសកម្មភាពទះមួយកំភ្លៀងចំសៀតផ្កាខាងឆ្វេង (ទះខ្លាំង) ហើយឈ្មោះ ហៃ រដ្ឋា បានឃាត់ឲ្យឈប់ ក្រោយមកនៅពេលដែលកំពុងរងចាំឡាននោះ ឈ្មោះ ហៃ រដ្ឋា បានដើរទៅខាងក្រោយជនរងគ្រោះ ហើយយកជើងស្ដាំទាត់ត្រកៀកជនរងគ្រោះមួយជើងបន្ថែមទៀត។

លុះនៅពេលឡានមកដល់ទើបពួកគេយកជនរងគ្រោះទៅប្រគល់ឲ្យទៅមន្ត្រីបរិស្ថាននៅកន្លែងស្នាក់ការតំបន់ការពារ ទេសភាពអង្គរ ដែលមានទីតាំងនៅទល់មុខឆែកសំបុត្រចូលតំបន់អង្គរ ស្ថិតនៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី។ ខណៈរឿងរ៉ាវនៃអំពើហិង្សានេះ បាននាំឲ្យមានការរិះគន់ជាបន្ដបន្ទាប់ នៅតាមបណ្ដាញសង្គម បើទោះបីអាជ្ញាធរជាតិអប្សរាបានចេញសេចក្ដីបំភ្លឺយ៉ាងណាក្ដី៕