សៀមរាប៖ ក្រោយបែកធ្លាយនូវឃ្លឹបវីដេអូ ក្រុមមន្ត្រីអាជ្ញាធរជាតិអប្សរា ប្រើប្រាស់អំពើហិង្សាលើកុមារម្នាក់ នៅមុខរមណីដ្ឋានអង្គសៀមរាប បង្ហោះចែករំលែកលើបណ្តាញសង្គមធ្វើឱ្យមហាជនធ្វើការរិះគន់យ៉ាងខ្លាំងចំពោះទង្វើដ៏អនុស្សធម៌នេះ និងគុណធម៌ ស្រាប់តែនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរាចេញសេចក្តីប្រកាសព័ត៌មានទទួលកំហុស និងព្រមទាំងដាក់វិន័យរដ្ឋបាល ណែនាំ និងធ្វើកិច្ចសន្យា បានណែនាំឱ្យបុគ្គលិករូបនេះ ទៅសុំទោសឪពុក ម្តាយ និងកុមាររូបនេះដោយផ្ទាល់ ដើម្បីបញ្ចាប់រឿង។
ពាក់ព័ន្ធករណីប្រើអំពើហិង្សា លើកុមារបែបនេះ ត្រូវបានមហាជនអ្នកលេងបណ្តាញសង្គមចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរបំផុតលើកុមារ ដែលមិនគួរលើកលែងដាច់ខាត ត្រូវអនុវត្តទោសតាមផ្លូវច្បាប់កំណត់មិនគួរលើកលេងឡើយ ដើម្បីធ្វើជាគំរូសម្រាប់ដល់អ្នកដទៃទៀត។
តាមសេចក្តីប្រកាសព័ត៌មាន របស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា៖ នៅរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ គណនីមួយនៃបណ្តាញទំនាក់ទំនងសង្គម Facebook បានផ្សព្វផ្សាយនូវវីដេអូ ដែលក្នុងនោះបានបង្ហាញអំពីការប្រើប្រាស់ហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា ទៅលើកុមារដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្ទអង្គរវត្ត។
ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរជាតិអប្សរា សូមបញ្ជាក់ជូនសាធារណជនទាំងអស់ មេត្តាជ្រាបដូចខាងក្រោម៖
១- ក្រោយពីបានទទួលព័ត៌មាននេះ ថ្នាក់ដឹកនាំពាក់ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំកិច្ចប្រជុំមួយជាបន្ទាន់ ដោយបានហៅបុគ្គលិកនោះ មកសួរនាំអំពីមូលហេតុពិតប្រាកដ នៃការឈានទៅដល់ការប្រើប្រាស់នូវសកម្មភាពមិនសមរម្យខាងលើ។ តាមរយៈនេះ អាជ្ញាធរជាតិអប្សរា បានសម្រេចដាក់ពិន័យរដ្ឋបាល និងតម្រូវឱ្យចុះហត្ថលេខាលើកិច្ចសន្យាទទួលស្គាល់កំហុស និងបញ្ឈប់នូវរាល់សកម្មភាពហិង្សាបែបនេះ នាពេលអនាគត។ ក្នុងករណី មិនរាងចាល នឹងត្រូវបណ្តេញចេញពីការងារ និងទទួលរងទណ្ឌកម្មតាមផ្លូវច្បាប់ជាធរមាននានា។ ដោយឡែក អាជ្ញាធរជាតិអប្សរា ក៏បានណែនាំឱ្យបុគ្គលិករូបនេះ ទៅសុំទោសឪពុក ម្តាយ និងកុមាររូបនេះដោយផ្ទាល់ផងដែរ។
២- ថ្នាក់ដឹកនាំពាក់ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា ជានិច្ចកាលតែងតែបានណែនាំដល់មន្ត្រីបុគ្គលិក ភ្នាក់ងារ ពលករ និងឆ្នាំនៃអាជ្ញាធរជាតិអប្សរា ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងចៀសវាងឱ្យបានជាដាច់ខាត នូវការប្រើប្រាស់អំពើហិង្សាក្នុងការដោះស្រាយបញ្ហានានា។
៣- អាជ្ញាធរជាតិអប្សរាមិនគាំទ្រ និងមិនអាចទទួលយកបានជាដាច់ខាត នូវរាល់ការប្រើប្រាស់ អំពើហិង្សាក្នុងការអនុវត្តការងារ ដែលធ្វើឱ្យប៉ះពាល់ដល់វិន័យ សីលធម៌ និងគុណធម៌ ដែលមានជាធរមានក្នុងលក្ខន្តិកៈរបស់មន្ត្រីរាជការស៊ីវិល-បុគ្គលិកសាធារណៈ។
៤- ដោយឡែក អាជ្ញាធរជាតិអប្សរា សូមអំពាវនាវសារជាថ្មីម្តងទៀត ដល់សាធារណជនទាំងអស់ មេត្តាកុំលក់ ឬយកសត្វគ្រប់ប្រភេទទៅលែងក្នុងកសិន្ទនានា នៃរមណីយដ្ឋានអង្គរ ដោយមិនមានការអនុញ្ញាត ដើម្បីចៀសវាងការប៉ះពាល់ដល់សត្វ និងរុក្ខជាតិដែលមាន ប្រភពដើមនៅទីនោះ។
មន្ត្រីអ្នកសិក្សាផ្នែកច្បាប់ បានលើកឡើងថា យោងក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ មាត្រា ២១៧ បទៈ ហិង្សាដោយចេតនា អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ ឆ្នាំទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ២ លានរៀល ទៅ ៦ លានរៀល។ មាត្រា ២១៨ ស្ថានទម្ងន់ទោសអំពើហិង្សាដោយចេតនា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ ៤ លានរៀល ទៅ ១០ លានរៀល ការលប្រើអំពើហិង្សានេះ បានប្រព្រឹត្តដោយមានការគិតទុកជាមុន, ដោយប្រើអាវុធ ឬគំរាមគំហែងនឹងអាវុធ, ដោយមានមនុស្សច្រើននាក់ ក្នុងឋានៈជាចារី សហចារី អ្នកផ្ដើមគំនិត និងជាអ្នកសមគំនិត។
មន្ត្រីសិក្សាផ្នែកច្បាប់បានលើកឡើងបន្ថែមទៀតថា បើតាមមាត្រា ២១៩ ស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះអំពើហិង្សាដោយចេតនា ត្រូចផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០ លានរៀល កាលបើអំពើហិង្សានេះត្រូវបានប្រព្រឹត្តលើបុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុអាយុនៃបុគ្គលនោះ, នារីមានគភ៌ កាលបើគភ៌ត្រូវបានគេឃើញជាក់ស្ដែង ឬកាលបើជនល្មើសបានដឹង, បុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុនៃជំងឺ ឬពិការភាពកាលបើស្ថានភាពបុគ្គលនេះត្រូវបានគេឃើញជាក់ស្ដែង ឬកាលបើជនល្មើសបានដឹង។
ចំពោះករណីមន្ត្រីអាជ្ញធរជាតិអប្សរា ដែលនាំគ្នាប្រើអំពើហិង្សាលើកុមារលក់កូនសត្វអណ្តើតចល័តនៅមុខរមណីដ្ឋានអង្គវត្ត អាជ្ញធរមានសមត្ថកិច្ចគួរពិនិត្យលើអង្កច្បាប់ ដើម្បីឱ្យជនប្រព្រឹត្តទទួលទោសតាមផ្លូវច្បាប់កំណត់៕