សៀមរាប៖ រដ្ឋបាលក្រុងរុនតាឯកតេជោសែន សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានមេត្ត ជ្រាបថា ៖ គេហទំព័រឈ្មោះ Muyreal(មួយរៀល) បានបង្ហោះខ្លឹមសារថា “បងប្អូនជួយមើល នៅរុនតាឯក យកសាច់គោពីស្រីស្នំមកប្រឡាក់ងៀតប៉ូលីសចាប់ សាច់គោ ១៥ គីឡូសោះ ពី យូ ស្រីមុំ ០១ វិច្ឆិកា ២០២៤” និងគណនីហ្វេកប៊ុក ឈ្មោះ យូ ស្រីមុំ បានបង្ហោះខ្លឹមសារថា “ សាច់គោ១៥ គីឡូ លក់សល់ពី ស្រីស្នំយកមកឱ្យម៉ាក់ប្រឡាក់ងៀតនៅរុនតាឯក ប៉ូលីសចាប់” កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ចំពោះករណីនេះ រដ្ឋបាលក្រុងរុនតាឯកតេជោសែន សូមគូសបញ្ជាក់ថា អធិការដ្ឋាននគរបាល ក្រុងរុនតាឯកតេជោសែន នៅវេលាម៉ោង ៧៖២៥ នាទីព្រឹក បានទទួលពាក្យបណ្ដឹងពីម្ចាស់ទីតាំងសត្តឃាតដ្ឋាន សហគមន៍លក់ដូរ និងមន្ត្រីជំនាញបសុពេទ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួចមក មន្តីនគរបាលនៃអធិការដ្ឋាននគរបាលក្រុង បានសហការចុះពិនិត្យ សាកសួរព័ត៌មានបឋម និងដកហូតសាច់ គោចំនួន ១៥ គីឡូក្រាមជាបណ្តោះអាសន្ន ពីទីតាំងតូបលក់សាច់គោ ឈ្មោះ យូ ស៊ីនឌីន ភេទប្រុស ដែលត្រូវជាប្អូនរបស់ឈ្មោះ យូ ស្រីមុំ ដែលមានទីតាំងស្ថិតនៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ដែលរងការប្តឹងថា បានយកសាច់គោពីស្រុកស្រីស្នំចូលមកលក់ និងពុំមានការអនុញ្ញាតពី មន្ត្រីបសុពេទ្យយកមករក្សាទុក ដើម្បីធ្វើការពិនិត្យមុនចរាចរលក់ដូរលើទីផ្សារ។
បន្ទាប់ពីមានការបង្ហោះព័ត៌មាន នៅថ្ងៃដដែល រដ្ឋបាលក្រុង បានធ្វើការសម្របសម្រួល ដោយ មានការចូលរួមពីអធិការដ្ឋាននគរបាលក្រុង និងអញ្ជើញម្ចាស់គណនីហ្វេសប៊ុកឈ្មោះ យូ ស្រីមុំ មកជួបពិភាក្សា និងពន្យល់អំពីនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាននៃការលក់ដូរ ឬចរាចរសាច់សត្វ នៅលើទីផ្សារត្រូវអនុវត្តឱ្យបានត្រឹមត្រូវ និងមានការអនុញ្ញាតពីសមត្ថកិច្ចជំនាញ។
ក្រោយពីបានពន្យល់បកស្រាយ និងសម្របសម្រួលរួចមក ឈ្មោះ យូ ស្រីមុំ បានយល់ព្រមទទួលកំហុសដែលបានយកសាច់គោ ពីស្រុកស្រីស្នំ ដោយពុំមានការអនុញ្ញាត និងពុំបានឆ្លងកាត់ការត្រួតពិនិត្យគុណភាពសាច់ពីមន្ត្រីជំនាញ បសុពេទ្យ ដែលអាចធ្វើឱ្យប៉ះពាល់សុខភាពប្រជាជន ឬអាចធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសហគមន៍លក់ដូរ សាច់គោដែលបាននឹងកំពុងដំណើរការលក់ដូរក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក ហើយសមត្ថកិច្ចក៏បានប្រគល់ សាច់គោដែលបានដកទុកជាបណ្តោះអាសន្នជូនឈ្មោះ យូ ស្រីមុំ វិញផងដែរ។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មាននានាមេត្តជ្រាបជាព័ត៌មាន។