ខេត្តស្ទឹងត្រែង៖ មានសេចក្តីរាយការណ៍ប្រាប់មកថា (ឈ្មោះ រ៉ូត និងឈ្មោះ ខ្វៃ)បុគ្គលពីរនាក់នេះជា ម្ចាស់ទីតាំងល្បែងជល់មាន់ និងអាប៉ោង ខុសច្បាប់ នៅក្នុងចំការស្វាយចន្ទី មួយកន្លែង ចូលតាមផ្លូវលំ ចំការម៉ៃសាក់ ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលកំពុងបើកឲ្យក្រុមអ្នកញៀនល្បែងនាំគ្នាទៅលេងយ៉ាងគគ្រឹកគគ្រេង តែលោក ឧត្តមសេនីយ៍ទោ អូន ស៊ីវុត្ថា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និងឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅសម្ងំស្ងៀម មិនឃើញចាត់ឲ្យកូនចៅចុះទប់ស្កាត់ និងបង្ក្រាបឡើយ។ តើហេតុអ្វីទៅទាន?
ប្រភពបានឲ្យដឹងទៀតថា ឈ្មោះ រ៉ូត និងឈ្មោះ ខ្វៃ ដែលជាម្ចាស់ទីតាំងល្បែងជល់មាន់ និងអាប៉ោង ខុសច្បាប់ មួយកន្លែងក្នុងទឹកដី សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងជារៀងរាល់ថ្ងៃ តែគេពុំដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ធ្វើការទប់ស្កត់ និងបង្ក្រាបឡើយ។
ធ្វើឲ្យគេដាក់ការសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មួយចំនួន សម្ងំទទួលលាភសក្ការៈ និងផលប្រយោជន៍ ខ្លះៗពីម្ចាស់ទីតាំងល្បែងស៊ីសង របស់បុគ្គលទំាងពីរនាក់ខាងលើនេះ រួចហើយ ផងក៏មិនដឹង។
មជ្ឈដ្ឋានខាងក្រៅ និងប្រជាពលរដ្ឋ រស់នៅក្នុង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បានការរិះគន់ចំៗថាបើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធ និងមានខ្នងបង្អែក រឹងមាំទេនោះ ឈ្មោះ រ៉ូត និងឈ្មោះ ខ្វៃ និងបក្សពួក ក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែងជល់មាន់ និងអាប៉ោង ខុសច្បាប់ ទ្រង់ទ្រាយធំ នៅលើទឹកដី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងបានឡើយ។
ប្រភពដដែលបានបន្ថែមថា! ម្ចាស់ទីតាំងល្បែងជល់មាន់ និងអាប៉ោង ខុសច្បាប់ មួយកន្លែងក្នុងទឹកដី សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង កៀងគរក្រុមញៀនល្បែងឲ្យចូលលេងភ្នាល់ចាក់លុយធំៗការភ្នាល់មាន់ មួយគូៗ ចាក់លុយរាប់លានរៀល ទៅដល់ រាប់ពាន់ដុល្លារ ឯណោះ ចំណែកចាក់អាប៉ោងភ្នាល់ចាក់លុយធំៗដូចគ្នាផងដែរ។
ទីតាំងនេះដែលគេសង្កេតឃើញ មាននាក់ចងអង្រឹងអង្គុយចាំមើលផ្លូវ មានខ្លះទៀតឈរចាំសម្របសម្រួល ជាមួយអ្នកសារព័ត៌មាន មិនឲ្យទៅក្បែរទីតាំងនោះ ហើយពួកគេនាំគ្នាលេងស្រែកហ៊ោកញ្ជ្រៀវ ឮលាន់ ទ្រហឹងអឺងកង ពេញព្រៃតែម្តង ធ្វើឲ្យប្រជាពលរដ្ឋ រស់នៅតំបន់នោះ មានការព្រួយបារម្ភ និងភាពភ័យខ្លាចជាខ្លាំង នូវសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់។
ព្រោះថាទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ទេ នឹងកើតមាននូវអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប។
ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ អូន ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង ជាពិសេស ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ទើបឡើងកាន់តំណែងថ្មីៗ សូមឯកឧត្តម ជួយចាត់មន្ត្រី ក្រោមឱវាទចុះធ្វើការទប់ស្កាត់ និងបង្រ្កាបទីតាំងល្បែងជល់មាន់ និងអាប៉ោង ខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ស្របតាមគោលនយោបាយ ភូមិឃុំសង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកាលពីពេលថ្មីនេះ បានចេញសារាចរណែនំា ឱ្យបង្ក្រាបគ្រប់ល្បែងស៊ីសងខុសច្បាប់ទំាងអស់៕ ដោយ៖សហការី
