(ភ្នំពេញ)៖ ដើម្បីបន្តជួយសម្រាលបន្ទុកចំណាយរបស់ប្រតិបត្តិករនៅក្នុងវិស័យទេសចរណ៍ និងស្តារវិស័យទេសចរណ៍នៅខេត្តសៀមរាបឡើងវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបន្តសុពលភាពនៃការលើកលែងពន្ធសម្រាប់អាជីវកម្មទេសចរណ៍ មួយឆ្នាំបន្ថែមទៀត ដោយបន្តរហូតដំណាច់ខែមិថុនា ឆ្នាំ២០២៥។
នៅក្នុងសេចក្តីថ្លែងការណ៍ពិសេសស្តីពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដល់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤)» នាម៉ោង០៧៖០០យប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចំពោះវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបកន្លងមក សម្តេចបានសម្រេចឱ្យមានការលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ លើកលែងពន្ធលើប្រាក់ចំនូលសម្រាប់ឆ្នាំ២០២៣ មិនចុះធ្វើសាវនកម្មលើអាជីវកម្មក្នុងវិស័យទេសចរណ៍ រហូតដល់ខែមិថុនា ឆ្នាំ២០២៤។
ដើម្បីជួយសម្រួលដល់អាជីវកម្មក្នុងវិស័យទេសចរណ៍ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ដូចនេះទៀតថា «ដើម្បីបន្តជួយសម្រាលបន្ទុកចំណាយរបស់ប្រតិបត្តិករនៅក្នុងវិស័យទេសចរណ៍ និងស្តារវិស័យទេសចរណ៍នៅខេត្តសៀមរាបឡើងវិញ ថ្ងៃនេះខ្ញុំបានសម្រេចបន្តសុពលភាពនៃការលើកលែងដដែលនេះមួយឆ្នាំបន្ថែមទៀត រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥។ បន្ថែមលើការងារការលើកលែងពន្ធនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ថវិកាចំនួន ៥០លានដុល្លារ តាមរយៈធនាគារ SME សម្រាប់ត្រៀមផ្តល់ឥណទាន ជាពិសេសជូនប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា មកដល់ពេលនេះក្រុមការងារចំពោះកិច្ចកំពុងសិក្សា វាយតម្លៃចំពោះសកម្មភាពនិងសេវាកម្មទេសចរណ៍ ដែលជំរុញទេសចរទៅលេងខេត្តសៀមរាប ដើម្បីជាអតិភាពសម្រាប់ទទួលឥណទានពិសេសនេះពីរាជរដ្ឋាភិបាលផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍ ជាពិសេសនៅខេត្តសៀមរាប នៅមានតួអង្គនិងកិច្ចការសំខាន់ៗមួយចំនួនទៀត ដែលត្រូវយកចិត្តទុកដាក់ដោះស្រាយ ដើម្បីជួយជម្រុញទេសចរនៅទីនោះក្រៅពីវិធានពន្ធដារ ដែលពាក់ព័ន្ធនិងមគ្គុទេសទេសចរណ៍ ដែលជាតួអង្គសំខាន់ក្នុងការបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិពីប្រវត្តិសាស្ត្រ អត្ថន័យនៃប្រាសាទ និងពន្យល់ពីប្រវត្តិសាស្ត្ររបស់ជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា ពាក់ព័ន្ធទៅនឹងបងប្អូនមគ្គុទេស បញ្ហាដែលបានលើកឡើងទី១ ពាក់ព័ន្ធទៅនឹងការស្នើសុំមានការលើកលែងពិន័យអន្តរកាលជាប្រាក់ ចំពោះការហួសសុពលភាពប័ណ្ណមគ្គុទេសទេសចរណ៍, សម្តេចបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលបន្ទាប់ពីកូវីដ១៩ បានជួយដល់មគ្គុទេសទេសចរណ៍ម្តងរួចមកហើយ ដោយមានការលើកលែងពិន័យ ត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៤ ហើយដើម្បីជួយសម្រួលបន្ទុកជូនដល់មគ្គុទេសទេសចរណ៍បន្ថែម សម្តេចបានសម្តេចពន្យាអវសានុវាទ រហូតដល់ដំណាច់ឆ្នាំ២០២៤បន្ថែមទៀត ក្នុងនោះសម្រាប់ប្រាក់ពិន័យដែលបង់រួចហើយ មិនអាចបង្វិលសងវិញទេ ប៉ុន្តែការពន្យានេះនឹងអាចជួយមគ្គុទេសទេសចរណ៍បានច្រើន៕