សៀមរាប៖ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ស៊ី លឿយ ភេទប្រុស អាយុ៤០ឆ្នាំ បានឆ្លើយសារភាពថា: រូបខ្លួនពិតជាបានធ្វើសកម្មភាពករណីខាងលើនេះពិតប្រាកដមែន ដោយកន្លងមក ជនរងគ្រោះឈ្មោះ ឈឿង ឈឹង ភេទប្រុស ជាអ្នកសារពត៍មាន តែងតែថតរូប និងមកទារប្រាក់ពីខ្លួនថ្លៃដឹកឈើ ហើយ ថែមទាំងនិយាយថា បើមិនឲ្យប្រាក់ទេ នោះរូបគេនិងរាយការណ៍ទៅមន្ត្រីបរិស្ថាន ដោយទារប្រាក់ក្នុងមួយជើង ២០០០០រៀល រូបខ្លួនធ្លាប់បង់ប្រាក់ឲ្យទៅជនរងគ្រោះ ចំនួនពីរដង ស្មើនិង ចំនួន៤០០០០រៀល។
ប៉ុន្តែក្រោយមកជនរងគ្រោះ ចេះតែមកទារប្រាក់ទៀត ដោយរូបខ្លួនរកប្រាក់មិនបាន ទើបរូបខ្លួនខឹងនិងជនរងគ្រោះ ។ នៅវេលាម៉ោង០៨ និង ០០នាទី ថ្ងៃទី០៤.១២.២០២៤ រូបខ្លួនបានបើកគោយន្តកន្ត្រៃ ទៅស្រែនៅស្វាយប៉ា ស្ថិតក្នុងភូមិត្រពាំងភ្លោះ ដោយរូបខ្លួនបានយកអាវុធកែច្នៃ ( កាំភ្លើងឆ្នុក ) ដាក់ទៅជាមួយ ក្រោយពេលទៅដល់ស្រែ រហូតដល់ម៉ោង១៦និង៣០ នាទី ក៏បើកគោយន្តកន្ត្រៃត្រឡប់មកផ្ទះវិញ ដល់ចំណុចផ្លូវបំបែកត្រពាំងរាំង ស្ថិតភូមិត្រពាំងភ្លោះ ពេលនោះម៉ោងប្រហែល១៨ និង០០នាទី ក៏បានឃើញ ឈ្មោះ ឈឿង ឈឹង និងគ្នាគាត់ម្នាក់ទៀតមិនស្គាល់ឈ្មោះ ឈប់ម៉ូតូចំនួន០២គ្រឿង នៅនិងមាត់ផ្លូវ រូបខ្លួនក៏បើកគោយន្តកន្រ្តៃ ទៅមុខបានប្រហែលជាង១០០ម៉ែត្រ ដោយគិតថាឈ្មោះ ឈឿង ឈឹង មកទារប្រាក់ ទើបមានកំហឹង ក៏ឈប់គោយន្ត ហើយយកកាំភ្លើងឆ្នុក ដើរទៅស្ទាក់ផ្លូវជនរងគ្រោះ ដោយពួនក្បែគល់ឈើមាត់ផ្លូវ ចាំបាញ់ជនរងគ្រោះ ភ្លាមនោះជនរងគ្រោះនិងគ្នារបស់គេ បានជិះម៉ូតូ សំដៅទៅផ្ទះ ដោយជនរងគ្រោះជិះមុខ រូបខ្លួនបានធ្វើសកម្មភាព បាញ់ទៅលើជនរងគ្រោះ មួយគ្រាប់ចំខ្លួន ក្រោយពេលធ្វើសកម្មភាពហើយ បានរត់ត្រឡប់មកយកគោយន្ត ជិះគេចខ្លួនមកផ្ទះតែម្តង ចំពោះគោលបំណង ដែលខ្លួនបាញ់ជនរងគ្រោះនេះ បំណងបាញ់ឲ្យរបួស ដើម្បីឲ្យរាងចាលកុំឲ្យដើរទារប្រាក់គេ បន្តទៀត ។
ការដកហូតវត្ថុតាងមាន : គោយន្តកន្ត្រៃ ចំនួន០១, កាំភ្លើងកែច្នៃ ( កាំភ្លើងឆ្នុក ) ចំនួន០១, កាណុងសេកាសេ ចំនួន០១ដើម, កូនកាំបិតចំនួន ០១, គ្រាប់កាំកង់ ចំនួន ៦៤គ្រាប់ , គីប( ក្បាលគ្រាប់រំសេវសំបកក្រហម ) ចំនួន ៦២គ្រាប់, កូនសោលេខ១០ ចំនួន០២, កាបូបស្ពាយចំនួន០១, រំសេវកន្លះដប ។
បច្ចុប្បន្ន៖ ជនត្រូវចោទឈ្មោះ ស៊ី លឿយ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ កសិករ មានស្រុកកំណើតនៅភូមិសាលា ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្នភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ដែលពាក់ព័ន្ធនឹងករណី: ប៉ុនប៉ងឃាតកម្ម ( បាញ់ដោយអាវុធកែច្នៃ ) ប្រព្រឹត្តនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៨:០០នាទី នៅត្រង់ចំណុចដីចម្ការត្រពាំងរាំង ស្ថិតក្នុងភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានលោក ឃី ឆៃ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្គាប់ឲ្យឃុំខ្លួន លេខ ១៣៤១ ឃខ/ឃ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ហើយត្រូវបានកម្លាំងសនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនាំខ្លួនទៅដល់ពន្ធនាគារខេត្តសៀមរាប។
ក្នុងនោះដែរ យើងបានឃើញរដ្ឋបាលខេត្តសៀមរាប ចេញសេចក្តិបំភ្លឺ ព័ត៌មានជុំវិញករណីខាងលើផងដែរ ដែលមានខ្លំាងសារដូចខាងក្រោម៖
រដ្ឋបាលខេត្តសៀមរាបសូមប្រកាសព័ត៌មានអំពីករណី ប៉ុនប៉ងមនុស្សឃាតពីជនមិនស្គាល់អត្តសញ្ញាណបានលប លួចបាញ់មួយគ្រាប់ ដោយប្រើប្រាស់អាវុធកែច្នៃទៅលើឈ្មោះ ឈឿង ឈឹង ភេទប្រុស អាយុ ៦៣ឆ្នាំ មុខរបរ ជាអ្នកយកព័ត៌មាន កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៨៖០០នាទីយប់ នៅក្នុងភូមិសាស្រ្ត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។
រដ្ឋបាលខេត្ត សូមបញ្ជាក់ជូនថា ពាក់ព័ន្ធនឹងករណីខាងលើនេះអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជា កងកម្លាំនគរបាល នៃ អធិការដ្ឋាននគរបាល ស្រុកជីក្រែង បានធ្វើការស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញា និង ធ្វើការ ឃាត់ខ្លួន ជន សង្ស័យមកធ្វើការសាកសួរព័ត៌មានបន្ថែម អំពី ករណី ប៉ុនប៉ងឃាតមនុស្សឃាត ដោយចេតនា និង ទទួលបាន ចម្លើយសារភាពពីជនសង្ស័យ គឺដោយសារទំនាស់បុគ្គល។
ចំណែកឯ លោក ឈឿង ឈឹង អ្នកសារព័ត៌មានពេលនេះបានទទួលមរណៈភាពហើយ វេលាម៉ោង ២នឹង១០នាទី ទាបភ្លឺឈានចូលថ្ងៃទី៧ ធ្នូ ឆ្នាំ២០២៤។ សពគាត់បានដឹកចេញពីមន្ទីពេទ្យបង្អែកខេត្តសៀមរាបនៅវេលាម៉ោង៣:១០នាទីខែថ្ងៃដដែលទៅធ្វើបុណ្យនៅឯភូមិអញ្ចាញ សង្កាត់នរគធំ ខេត្តសៀមរាប។
ទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ & សារព័ត៌មានមហាខ្មែរ សូមចូលរួមមរណទុក្ខ ចំពោះការស្លាប់របស់លោក ឈឿង ឈឹង សូមវិញ្ញាណក្ខន្ធ លោកបានទៅកាន់សុគិភព៕ រាយការណដោយ៖ ល.ស