សៀមរាប៖ ក្នុងពេលជួបជាមួយប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជា កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នំា ២០២៤ អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ បានបង្ហើបឱ្យដឹងថា នាពេលឆាប់ៗខាងមុខនេះ ក្នុងខេត្ត នឹងមានទីស្នាក់ការសម្រាប់ធ្វើលិខិតឆ្លងដែន ជូនប្រជាពលរដ្ឋ។
តាមលោក ប្រាក់ សោភ័ណ ការបង្ខិតទីស្នាក់ការធ្វើលិខិតឆ្លងដែនមកដល់ខេត្តសៀមរាបនេះ គឺក្នុងគោលបំណង ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្ត និងពលរដ្ឋរស់នៅក្នុងខេត្តដែលនៅជុំវិញ ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរទៅធ្វើលិខិតឆ្លងដែននៅទីកន្លែងឆ្ងាយ។
ដោយឡែក ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានណែនាំឱ្យសមាគមសហគ្រិនស្ត្រីកម្ពុជា ក៏ដូចជាភាគីពាក់ព័ន្ធ ត្រូវចូលរួមរក្សា ការពារ ទ្រទ្រង់ប្រពៃណី វប្បធម៌ ទំនៀមទម្លាប់របស់ខ្មែរ វប្បធម៌ ជាពិសេស នៅពេលមានពិធីបុណ្យប្រពៃណី ឬក្នុងពេលទទួលប្រតិភូជាតិ អន្តរជាតិ អ្នកបម្រើសេវាទេសចរណ៍ត្រូវស្លៀកពាក់តាមបែបប្រពៃណីដើមី្ប រំលឹកនូវពីអត្តសញ្ញាណរបស់ជាតិខ្មែរ។
ក្រៅពីនេះ លោក ប្រាក់ សោភ័ណ ក៏បានជំរុញដល់សហគ្រិនស្ត្រី ក៏ដូចប្រជាពលរដ្ឋ ត្រូវចូលរួមការពារបរិស្ថាន អនាម័យ សំដៅធ្វើឲ្យខេត្តសៀមរាប ទទួលភ្ញៀវកាន់តែច្រើនឡើង៕