ការផ្តល់ឥណទានរបស់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា កើនដល់ជិត ៦០ពាន់លានដុល្លារ នៅត្រឹមឆ្នាំ ២០២៣

59

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ការផ្តល់ឥណទានរបស់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ ២០២៣ កើនដល់ ៥៩,៣១ពាន់លានដុល្លារ កើនឡើង ៤,៨ភាគរយ បើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំ ២០២២។ នេះគឺជាអត្រាកំណើនឥណទានទាបបំផុត ក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រោយ។

របាយការណ៍ឱ្យដឹងទៀតថា ការបែងចែកប្រាក់កម្ចីតាមវិស័យរួមមានសណ្ឋាគារ និងភោជនីយដ្ឋាន បានកើនឡើង ០,៦ភាគរយ, ការលក់ដុំ កើនឡើង ៤,៨ភាគរយ, ការទិញលំនៅឋាន កើនឡើង ៦,៤ភាគរយ, អចលនទ្រព្យ កើនឡើង ១៦,៩ ភាគរយ, និងសំណង់ កើន ១៣,៩ភាគរយ។ ប្រាក់កម្ចីមិនដំណើរការ (NPL) នៅក្នុងវិស័យធនាគារទាំងមូលមានចំនួន ៥,៤ ភាគរយ និងវិស័យមីក្រូហិរញ្ញវត្ថុមានចំនួន ៦,៧ភាគរយកាលពីឆ្នាំមុន។

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបង្ហាញមោទកភាព ដែលប្រព័ន្ធធនាគារកម្ពុជា បន្តមានស្ថិរភាពយ៉ាងរឹងមាំ ក្នុងស្ថានភាពដែលនៅបណ្តាប្រទេសមួយចំនួន ដូចជានៅសហរដ្ឋអាមេរិក និងស្វីស ដែលបានបង្កជាការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថិរភាពហិរញ្ញសកល។

ទន្ទឹមនេះ លោកស្រីបានបញ្ជាក់ថា អត្រាការប្រាក់ឥណទាននៅកម្ពុជា ក៏រក្សាបានស្ថិរភាពល្អ បើទោះជាបានកើនឡើងបន្តិចបន្តួចចំពោះគ្រឹះស្ថានមួយចំនួន បើធៀបនឹងការកើនឡើង នៅបណ្តាប្រទេសនានា ដោយសារការដំឡើងអត្រាការប្រាក់គោលរបស់ធនាគារកណ្តាល ក្នុងប្រទេសអភិវឌ្ឍន៍ចម្បងៗ ដូចជាសហរដ្ឋអាមេរិក និងអឺរ៉ុប។

ទោះជាយ៉ាងណា លោកស្រីទេសាភិបាល លើកឡើងថា ឥណទានមិន ដំណើរការក៏បានបន្តកើនឡើងផងដែរ ដែលតម្រូវឱ្យមានការយកចិត្តដាក់ខ្ពស់ លើការត្រួតពិនិត្យធនាគារ ការធ្វើ Stress Test ជាប់ជាប្រចាំការតាមដានវាយតម្លៃឱ្យបានស៊ីជម្រៅលើហានិភ័យប្រទាក់ក្រឡា ក៏ដូចជាទាមទារឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានប្រសាសន៍ថា ការផ្តល់ឥណទានរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងឆ្នាំ ២០២៣ មានអត្រាកំណើ នទាបជាងបណ្តាឆ្នាំមុនៗ ដោយសារតម្រូវការឥណទានរបស់អតិថិជនសម្រាប់យកទៅប្រើប្រាស់ពង្រីកមុខរបរ ឬអាជីវកម្មផ្សេងៗ ហាក់មិនសូវមានសកម្មភាពខ្លាំងក្លា ពិសេសវិស័យ អចលនទ្រព្យ និងសំណង់។

លោកបានបញ្ជាក់ថា៖ «ហេតុផលដែលមានកំណើនទាប ដោយសារ Demand ផ្សារ ពីខាងអតិថិជន ឃើញថា ក្នុងស្ថានភាពសេដ្ឋកិច្ចយើងបច្ចុប្បន្ននេះ គឺថា តម្រូវការដើម្បីគាត់ពង្រីកអាជីវកម្ម ពង្រីកអ្វីផ្សេងៗមួយចំនួននោះ គាត់មានការទ្រឹង ឬគាត់មិនហ៊ានវិនិយោគឲ្យវាធំដុំ ក្នុងពេលនេះ។ ជាពិសេសទៀត ក្នុងវិស័យពីរដែលយើងមើលឃើញថា នៅក្នុងវិស័យអចលនទ្រព្យ និងវិស័យសំណង់ ខ្ញុំមើលឃើញវា វាមានបញ្ហាធ្លាក់ចុះ កាលណាវិស័យពីរនេះ មានការធ្លាក់ចុះ ធ្វើឲ្យបរិយាកាសទូទៅឃើញថា អត្រាកំណើនវាមានការធ្លាក់ចុះបន្តិច»។

ទោះជាយ៉ាងលោក សុខ វឿន បានលើកឡើងថា ជាទូទៅអត្រាកំណើនឥណទានស្ថិតក្នុងរង្វង់ ៤ទៅ ៥% គឺនៅតែបង្ហាញពីភាពរឹងមាំនៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ដែលកំពុងដំណើរការវិវឌ្ឍទៅមុខយ៉ាងល្អ។

ទន្ទឹមនឹងនេះ លោក មានសុទិដ្ឋិយមថា នៅឆ្នាំ ២០២៤នេះ ការផ្តល់ឥណទានរបស់វិស័យ ធនាគារ និងហិរញ្ញវត្ថុ នឹងមានកំណើនល្អប្រសើរជាងឆ្នាំមុន ខណៈដែលទស្សនវិស័យ របស់វិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារនៅតែបន្តគាំទ្រ ក្នុងការចាក់បញ្ចូលលុយចូលទៅក្នុងសេដ្ឋកិច្ច ដើម្បីបំពេញតម្រូវការរបស់អតិថិជនយកទៅប្រើប្រាស់ ដែលធ្វើឲ្យសេដ្ឋកិច្ចដំណើរការទៅមុខដោយរលូន និងដើម្បីការពារកម្រិតហានិភ័យរបស់វិស័យនេះឲ្យបន្តរីកចម្រើនប្រកបដោយនិរន្តភាពផងដែរ។

តាមការព្យាករណ៍ នៅឆ្នាំ ២០២៤នេះ ការផ្តល់ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នឹងមានអត្រាកំណើនចន្លោះពី ៥ទៅ ១៥% ខណៈកាលពីឆ្នាំ ២០២៣ មានអត្រាកំណើនក្នុងរង្វង់ ៣% ជាមួយទំហំឥណទានសរុបប្រមាណ ៥ពាន់លានដុល្លារ សម្រាប់សមាជិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា។ នេះបើតាមការបញ្ជាប់របស់ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

គិតត្រឹមឆមាសទី១ឆ្នាំ ២០២៣ កម្ពុជា មានគ្រឹះស្ថានធនាគារពាណិជ្ជចំនួន ៥៩ ធនាគារឯកទេសចំនួន ៩ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ៨៧ ដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅទូទាំងប្រទេស៕