សៀមរាប៖ ប្រជាពលរដ្ឋបានរាយការណ៍មកកាន់អង្គភាពសារព័ត៌មាន “មហាខ្មែរ” ដោយលើកឡើងថា លោក ហ៊ា ហាវ ចៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កំពុងរងការរិះគន់យ៉ាងខ្លាំង ពាក់ព័ន្ធនឹងការប្រើប្រាស់អំណាចដោយខ្វះតម្លាភាព និងមិនគោរពតាមនីតិវិធីបច្ចេកទេស ក្នុងការយកគ្រឿងចក្រទៅកាយយកអាចម៍ដី ដើម្បីសាងសង់ផ្លូវ ដោយមិនមានការចូលរួមពីប្រជាពលរដ្ឋ និងមន្ត្រីជំនាញពាក់ព័ន្ធឡើយ។
តាមការអះអាងពីប្រជាពលរដ្ឋ បានឲ្យដឹងថា សកម្មភាពធ្វើផ្លូវនេះ ត្រូវបានអនុវត្តឡើងដោយចិត្តឯង ពុំមានការចុះត្រួតពិនិត្យ វាស់វែង ឬវាយតម្លៃពីមន្ត្រីជំនាញនោះទេ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង ពីសុវត្ថិភាព និងគុណភាពសំណង់ផ្លូវ។
ប្រជាពលរដ្ឋបានបន្តទៀតថា ការធ្វើផ្លូវដោយគ្មានបច្ចេកទេសត្រឹមត្រូវ និងគ្មានការចូលរួមពិភាក្សាជាមួយអ្នករស់នៅក្នុងមូលដ្ឋាន អាចបង្កហានិភ័យធ្ងន់ធ្ងរ ដល់ប្រជាពលរដ្ឋ ជាពិសេសកុមារតូចៗ ដែលរស់នៅក្បែរតំបន់កំពុងដំណើរការកាយដី។ ពួកគាត់ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជំនាញ ចុះពិនិត្យសកម្មភាពនេះជាបន្ទាន់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ។
ជុំវិញករណីនេះ អង្គភាពសារព័ត៌មាន “មហាខ្មែរ” បានព្យាយាមទាក់ទងសុំការបំភ្លឺពីលោក ហ៊ា ហាវ ចៅសង្កាត់ស្វាយដង្គំ ប៉ុន្តែពេលទូរសព្ទចូល មិនមានអ្នកទទួល ហើយក្រោយមកទូរសព្ទត្រូវបានបិទ។ ដោយឡែក លោកអភិបាលក្រុងសៀមរាប ក៏ត្រូវបានទាក់ទងផងដែរ ប៉ុន្តែទូរសព្ទចូលហើយ មិនមានការលើកទទួលនោះឡើយ។
ប្រជាពលរដ្ឋកំពុងរង់ចាំការបកស្រាយ និងចំណាត់ការពីអាជ្ញាធរពាក់ព័ន្ធ ថាតើការអនុវត្តគម្រោងខាងលើ មានច្បាប់អនុញ្ញាត និងគោរពតាមនីតិវិធីបច្ចេកទេសដែរឬទេ?




