សៀមរាប៖ ប្រជាពលរដ្ឋជាច្រើនដែលអះអាងថាជាជនរងគ្រោះ រួមទាំងអាជីវករដែលប្រកបអាជីវករបើហាងទទួលបញ្ចាំស្របច្បាប់ បានស្នើសុំឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តសៀមរាប ចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានតឹងរ៉ឹង ចំពោះករណីដែលពួកគេលើកឡើងថា ពាក់ព័ន្ធនឹងការចងការប្រាក់ ការលេងតុងទីន ការទទួលបញ្ចាំ និងការផ្តល់កម្ចីអនឡាញដែលសង្ស័យថាខុសច្បាប់។
តាមការលើកឡើងរបស់ប្រជាពលរដ្ឋ ករណីនេះពាក់ព័ន្ធនឹងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Reaksa Ly» ដែលពួកគេអះអាងថា មានឈ្មោះពិត សាញ់ ស៊ីណាត។ ប្រភពបានលើកឡើងថា អ្នកស្រីបានប្រកាសជាសាធារណៈអំពីសកម្មភាពចងការប្រាក់ លេងតុងទីន និងទទួលបញ្ចាំ ខណៈពួកគេអះអាងថា អ្នកស្រីមិនមានអាជ្ញាបណ្ណស្របច្បាប់សម្រាប់ប្រកបអាជីវកម្មទាំងនោះឡើយ។
យោងតាមរូបភាព និងសំណេរជាច្រើនដែលសារព័ត៌មានមហាខ្មែរទទួលបានពីប្រជាពលរដ្ឋ មានការបង្ហោះសារពាក់ព័ន្ធនឹងការទាមទារបំណុល និងការប្រើប្រាស់ពាក្យសម្ដីធ្ងន់ៗទៅលើអ្នកដែលត្រូវបានចោទថាជំពាក់ប្រាក់មិនព្រមសង។ ក្នុងនោះ មានការប្រើពាក្យដូចជា «ឆបោក» និង «ប្រយ័ត្នជាប់គុក»។
ប្រភពដដែលបានឱ្យដឹងថា កាលពីវេលាម៉ោង ៦ និង៣៨នាទី អ្នកស្រី សាញ់ ស៊ីណាត បានធ្វើការផ្សាយផ្ទាល់តាមគណនីហ្វេសប៊ុកដែលមានរយៈពេលជាមួយម៉ោង ដោយមានការជេរប្រមាថបុគ្គលមួយចំនួន។ មិនតែប៉ុណ្ណោះ ប្រភពបានអះអាងថា ក្នុងការផ្សាយផ្ទាល់នោះ អ្នកស្រីក៏បាននិយាយប៉ះពាល់ដល់គណបក្សប្រជាជនកម្ពុជា និងបានលើកយកឈ្មោះឯកឧត្តមបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ដែលជាថ្នាក់ដឹកនាំមួយរូបក្នុងខេត្តសៀមរាប មកនិយាយលាយឡំជាមួយបញ្ហាការចងការប្រាក់ដែលប្រភពចាត់ទុកថាខុសច្បាប់។
ប្រជាពលរដ្ឋម្នាក់បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានមហាខ្មែរ ដោយស្នើសុំមិនបញ្ចេញឈ្មោះ។ ប្រភពរូបនេះបានអះអាងថា ខ្លួនធ្លាប់ខ្ចីប្រាក់ពីអ្នកស្រី សាញ់ ស៊ីណាត និងមានទ្រព្យសម្បត្តិដាក់បញ្ចាំនៅជាមួយអ្នកស្រី ប៉ុន្តែដោយសារការប្រាក់ខ្ពស់ពេក បានធ្វើឱ្យខ្លួនជួបការលំបាកក្នុងការសងបំណុល។
ប្រជាពលរដ្ឋរូបនេះបានលើកឡើងថា៖ «ខ្លួនបានខ្ចីលុយពីអ្នកស្រី សាញ់ ស៊ីណាត ដែលមានរបស់បញ្ចាំនៅជាមួយអ្នកស្រី សាញ់ ស៊ីណាត ប៉ុន្តែការប្រាក់ខ្ពស់ពេក ធ្វើឱ្យខ្លួនមិនអាចរត់រួច ហើយអ្នកស្រី សាញ់ ស៊ីណាត បង្ខំឱ្យលេងតុងទីន។ ពេលដេញបាន អ្នកស្រីកាត់យកអស់ ហើយបំណុលនៅដដែល»។
នេះជាការអះអាងរបស់ប្រជាពលរដ្ឋម្នាក់ដែលបានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានមហាខ្មែរ។
អាជីវករបើកហាងទទួលបញ្ចាំស្របច្បាប់ត្អូញត្អែរពីផលប៉ះពាល់ដល់មុខរបររបស់ខ្លួន
ជាមួយគ្នានេះ អាជីវករដែលអះអាងថាប្រកបអាជីវករបើហាងទទួលបញ្ចាំស្របច្បាប់ និងបានបង់ពន្ធជូនរដ្ឋត្រឹមត្រូវ បានត្អូញត្អែរថា ប្រសិនបើអាជ្ញាធរនៅតែបណ្តែតបណ្តោយឱ្យមានការប្រកបអាជីវកម្មបញ្ចាំដែលសង្ស័យថាខុសច្បាប់បន្តទៀត នោះអាចធ្វើឱ្យពួកគេរងផលប៉ះពាល់យ៉ាងខ្លាំង រហូតដល់អាចឈានទៅបិទអាជីវកម្មទាំងស្រុង។
អាជីវករទាំងនោះបានស្នើឱ្យអាជ្ញាធរចាត់វិធានការឱ្យបានស្មើភាពចំពោះអ្នកប្រកបអាជីវកម្មគ្រប់រូប ដើម្បីធានាថា អ្នកដែលប្រកបអាជីវកម្មស្របច្បាប់មិនរងផលប៉ះពាល់ពីការប្រកួតប្រជែងដែលពួកគេយល់ថាមិនមានភាពយុត្តិធម៌។
ប្រជាពលរដ្ឋ និងអាជីវករបានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ និងស្ថាប័នជំនាញ រួមមាន ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា មេត្តាចុះពិនិត្យសកម្មភាពអាជីវកម្មផ្តល់កម្ចី និងការទទួលបញ្ចាំរបស់អ្នកស្រី សាញ់ ស៊ីណាត ដើម្បីផ្ទៀងផ្ទាត់ថា តើសកម្មភាពទាំងនោះមានអាជ្ញាបណ្ណ និងអនុវត្តស្របតាមច្បាប់ដែរឬទេ។
ជុំវិញករណីខាងលើ សារព័ត៌មានមហាខ្មែររង់ចាំទទួលការបំភ្លឺពីអ្នកស្រី សាញ់ ស៊ីណាត និងភាគីពាក់ព័ន្ធ ដើម្បីបញ្ជាក់ព័ត៌មាន និងផ្តល់ឱកាសឱ្យគ្រប់ភាគីបង្ហាញទស្សនៈរៀងៗខ្លួន។
កន្លងមក សារព័ត៌មានមហាខ្មែរ ធ្លាប់បានទាក់ទងទៅអ្នកស្រី សាញ់ ស៊ីណាត ដើម្បីស្នើសុំការបំភ្លឺរួចមកហើយ ប៉ុន្តែមិនទាន់ទទួលបានការបំភ្លឺ ឬឯកសារពាក់ព័ន្ធណាមួយនៅឡើយ។
សារព័ត៌មានមហាខ្មែរនឹងបន្តតាមដានករណីនេះ និងរង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងព័ត៌មានផ្លូវការពីស្ថាប័នមានសមត្ថកិច្ច ដើម្បីផ្សព្វផ្សាយជូនសាធារណជនឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ៕







