ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងក្រោមការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបទាំងមូល អំពីបញ្ហាសន្តិសុខ សុវត្ថិភាព និងមានកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។
សៀមរាប ៖ ករណីឃា.ត.ក.ម្មលើក្មេងស្រី ជីកក្តាមនៅស្រុកអង្គរជុំ ដ៏អាថ៌កំបាំងត្រូវបានសមត្ថកិច្ចនគរបាលខេត្តសៀមរាបស្រាវជ្រាវ និងបង្ក្រាបបានហើយ។ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចវាលស្រែអូរបាក់រនាស់ ស្ថិតក្នុងភូមិអន្ទិតសុខ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប មានករណី ឃា.ត.ក.ម្ម លើក្មេងស្រី ឈ្មោះ គុណ ស្រីលិម ហៅ ស្រីតយ ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
ក្រោយពេលទទួលបានព័ត៌មាន និងបទបញ្ជា កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកអង្គរជុំធ្វើការស្រាវជ្រាវខិតខំប្រមូលសាក្សី និងភស្តុតាងជាបន្តបន្ទាប់ ជុំវិញករណីខាងលើនេះ រហូតដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ កម្លាំងយើងបានដាក់ការសង្ស័យឈ្មោះ ស៊ាយ អាយប៉ឹម ហៅប៉ឹម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ កសិករ រស់នៅភូមិកើតហេតុ ដែលមានតម្រុយអំពីពិរុទ្ធភាព និងបាននាំខ្លួនមកធ្វើការសាកសួរជុំវិញរឿងហេតុខាងលើ ។
ក្រោយការសាកសួរតាមនីតិវិធី ជនសង្ស័យមិនអាចឆ្លើយប្រកែកបាន ក៏ឆ្លើយសារភាពថា នៅអំឡុងដើមខែមករា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១៦:០០នាទី ខណៈពេលឪពុករបស់ខ្លួនឈ្មោះ ហឿត ស៊ាយ ភេទប្រុស អាយុ ៤០ឆ្នាំ កំពុងផឹកស្រាជាមួយឈ្មោះ សែ ភឿយ ហៅពឿត ឬឈឿយ ភេទប្រុស អាយុប្រហែល ៤៧ឆ្នាំ ជាប្រជាការពារភូមិអន្ទិតសុខ និងឈ្មោះ សែ សោម ភេទប្រុស អាយុប្រហែល ៣៨ឆ្នាំ មុខរបរកសិករ ស្រាប់តែឈ្មោះ គក់ គុណ ភេទប្រុស អាយុ ៤៥ឆ្នាំ (ឪពុកចុងជនរងគ្រោះ) ជាអ្នកភូមិឃុំជាមួយគ្នាបានដើរមកក្នុងសភាពស្រវឹងស្រែកជេរប្រមាថ ភ្លាមៗនោះឈ្មោះ គក់ គុណ បានចាប់យកដំបងឈើ វាយមកលើឪពុករបស់ខ្លួនចំនួន ០២ដំបង ត្រូវចំស្មាផ្នែកខាងស្តាំ បណ្តាលឱ្យថ្លោះគ្រេចស្មារហើយបន្តដើរទៅ យកខ្វែវដងឈើរបស់ឈ្មោះ សែ ភឿយ ដែលទុកក្រោមផ្ទះហើយស្រែកថា “ ហែងផឹកស្រា មិនដែលហៅអញ ចាំមើលអញយកខ្វែ.វកា.ប់ពួកហែងឲ្យងា.ប់អស់ “ ប៉ុន្តែពេលនោះត្រូវបាន ឈ្មោះ ម៉ៅ ដា ភេទស្រី អាយុប្រហែល ៣៧ឆ្នាំ ដែលនៅក្បែរនោះចាប់ជាប់ ហើយឈ្មោះ គក់ គុណ បានដើរទៅផ្ទះបាត់ទៅ។
ជាក់ស្តែងនៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោងប្រហែល ១៥:០០នាទី ជីតារបស់ខ្លួនឈ្មោះ ឆេង (មិនស្គាល់ត្រកូល) អាយុប្រហែល ៧០ឆ្នាំ បានប្រើឱ្យរូបខ្លួនទៅចងគោនៅចំណុចវាលស្រែអូរបាក់រនាស់ ស្ថិតនៅភូមិកើតហេតុ ពេលនោះក៏បានឃើញឈ្មោះ គុណ ស្រីលិម ហៅ តយ ភេទស្រី អាយុ១៣ឆ្នាំ ត្រូវជាកូនស្រីចុងរបស់ឈ្មោះ គក់ គុណ ពាក់អាវយឺត មិនចាំពណ៌ និងមិនចាំថាដៃវែង ឬដៃខ្លី មិនមានស្លៀកខោរ កំពុងលេងទឹកម្នាក់ឯង ក្នុងចំណុចថ្លុកទឹកអូរបាក់រនាស់ ដោយនៅក្បែរឈ្មោះ គុណ ស្រីលិម មានសម្ភារៈដូចជា ធុងជ័រ ពណ៌ស ចំនួន០១, ចបជីកចំនួន០១, ស្បែកជើងសូកពណ៌ផ្កាឈូក ចំនួន ០១គូរ និងមានខោរចំនួន០១ មិនចាំថាពណ៌អ្វីនោះទេ ភ្លាមនោះដោយខ្លួនមានគំនុំរឿងឪពុកខ្លួនត្រូវបានឪពុករបស់ឈ្មោះ គុណ ស្រីលិម វាយកន្លងមកផង រូបខ្លួនបានដើរសំដៅទៅរកឈ្មោះ គុណ ស្រីលិម ពីខាងក្រោយ បន្ទាប់មកធ្វើ សកម្មភាពប្រើដៃស្តាំច្របាច់ក របស់ឈ្មោះ គុណ ស្រីលិម ពីផ្នែកខាងក្រោយ រុញពន្លិចទៅក្នុងទឹកថ្លុក ពេលនោះឈ្មោះ គុណ ស្រីលិម បានរើបម្រាស់បានប្រហែល ០២នាទី ក៏លែងមានសកម្មភាពរើ រូបខ្លួនដឹងថា ឈ្មោះ គុណ ស្រីលិម បានស្លា.ប់ ក៏បានប្រើជើងខាងស្តាំជាន់ពន្លិចសពផ្កាប់មុខចូលទៅក្នុងដីភក់សភាពទន់ជ្រាយ លិចសពចូលទៅក្នុងដី ហើយដើរគេចខ្លួនទៅទិសខាងត្បូង ដល់ផ្លូវលំក៏ដើរទៅទិសខាងកើត សំដៅទៅផ្ទះម្តាយមីងរបស់ខ្លួនឈ្មោះ ភាំង នេត ភេទស្រី អាយុប្រហែល២០ឆ្នាំ នៅភូមិឃុំជាមួយគ្នា ដោយលាក់បាំងរឿងនេះមិនប្រាប់អ្នកណាឡើយ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕









