គួរយល់ដឹង! អាជីវកម្មដែលមានចំណូលដុលប្រចាំឆ្នាំតិចជាង ២៥០លានរៀល ឬ៦ម៉ឺនដុល្លារ មិនតម្រូវឱ្យចុះបញ្ជីពន្ធទេ
(ភ្នំពេញ)៖ ការប្រកបរបររស៊ី ឬការធ្វើជំនួញ ឬធ្វើពាណិជ្ជកម្ម ត្រូវបានតម្រូវឱ្យម្ចាស់អាជីវកម្មទៅចុះបញ្ជី និងសុំលិខិតបញ្ជាក់ពីអាជ្ញាធរ ដើម្បីបញ្ជាក់ពីការរស៊ីដោយស្របច្បាប់។ ប៉ុន្តែជារឿយអ្នករកស៊ីមួយចំនួន ជាពិសេសអ្នកប្រកបអាជីវកម្មតូចតាច តែងតែត្អូញ និងខ្លាចរអាក្នុងការទៅចុះបញ្ជី ដោយខ្លាចក្នុងការបង់ពន្ធច្រើន ដោយសារតែពួកគាត់មិនបានស្វែងយល់ឱ្យបានស៊ីជម្រៅពីប្រភេទអាជីវកម្ម ដែលជាប់ពន្ធ និងមិនជាប់ពន្ធ។ នេះគឺជាអ្វីដែលម្ចាស់អាជីវកម្ម ត្រូវស្វែងយល់ ដើម្បីជៀសវាងមន្រ្តីខិលខូចមួយចំនួន ទៅគម្រាមកំហែងទារប្រាក់ ដែលនាំឱ្យប៉ះពាល់ដល់ការរកស៊ីប្រចាំថ្ងៃ។ បើតាម លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា អាជីវកម្មដែលមានផលរបរចំណូលដុលសរុបប្រចាំឆ្នាំតិចជាង ២៥០ លានរៀល ឬ៦ម៉ឺនដុល្លារ នឹងមិនតម្រូវឱ្យទៅចុះបញ្ជីពន្ធ នៅអគ្គនាយកដ្ឋានពន្ធដារនោះទេ ខណៈអាជីវកម្មតូចតាច ក៏មិនត្រូវឱ្យសុំសេវារដ្ឋបាលនៅតាមក្រុង ស្រុកដែរ ដើម្បីកុំឱ្យប៉ះពាល់ទៅដល់អ្នករកស៊ីរបរតូចតាច។ លោកបានឱ្យដឹងថា សម្រាប់អាជីវកម្មដែលទទួលបានចំណូលលើពី ២៥០លានរៀល ដល់៧៥០លានរៀល ឬប្រមាណ១៨ម៉ឺនដុល្លារ តម្រូវឱ្យចុះបញ្ជីជាប់ពន្ធតូច ដែលជាប្រភេទអាជីវកម្មកត់ត្រា នូវបញ្ជីស្នាមលក្ខណៈសាមញ្ញ ដោយកត់ត្រាតែចំណូល និងចំណាយប៉ុណ្ណោះ។ ចំណែកអាជីវកម្មដែលទទួលបានចំណូលលើសពី ៧៥០លានរៀល ដល់៤០ពាន់លានរៀល ឬប្រមាណ១លានដុល្លារ ជាប់ពន្ធមធ្យម ដែលម្ចាស់អាជីវកម្មតម្រូវឱ្យមានការចុះបញ្ជីឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ។ នៅកម្មវិធីផ្សាយផ្ទាល់…

