ផ្លូវ Highway ថ្មីមួយខ្សែ សាងសង់រួចរាល់តភ្ជាប់ទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី
លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជាបានឲ្យ «កម្ពុជាថ្មី» ដឹងកាលពីពេលថ្មីៗនេះថា ផ្លូវទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីមួយខ្សែទើបតែបញ្ចប់ការសាងសង់ថ្មីៗនេះ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍តភ្ជាប់ចេញចូលទៅព្រលានយន្តហោះថ្មី។ លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា «ផ្លូវថ្មីដែលទើបសាងសង់រួចរាល់នោះគេហៅថា Special Airport Highway ដែលជាប្រភេទផ្លូវបេតុងកៅស៊ូ មិនមែនជាប្រភេទផ្លូវល្បឿនលឿនទេ តែជាប្រភេទផ្លូវកាត់ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៦ ទៅដល់ Airport មានប្រវែង ២៤.៥ គីឡូម៉ែត្រ»។ «ក្រៅពីផ្លូវថ្មីដែលស្ថាបនារួចរាល់ ក្នុងគម្រោងមិនមានការសាងសង់ផ្លូវថ្មីបន្ថែមដោយត្រូវប្រើប្រាស់ផ្លូវចាស់ដែលមានស្រាប់ដដែល»។ នេះបើតាមការអះអាងរបស់មន្រ្តីអាកាសចរស៊ីវិលរូបនេះ។ ទាក់ទងការអភិវឌ្ឍអាកាសយានដ្ឋានថ្មីខេត្តសៀមរាប អ្នកនាំពាក្យរូបនេះថានឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនទី១ ព្រលានថ្មីនេះស្ថិតនៅតំបន់មួយដែលមិនមានផលប៉ះពាល់ផ្នែកបរិស្ថាន សង្គម និងវប្បធម៌ និងទី២ មានសមត្ថភាពគ្រប់គ្រាន់ទទួលយន្តហោះប្រភេទធំៗគ្រប់ប្រភេទអាចចុះចតបាន។ បើតាមមន្រ្តីអ្នកនាំពាក្យរូបនេះ សម្រាប់គម្រោងអភិវឌ្ឍបន្ថែមទៀតនៅក្នុងព្រលានថ្មីនេះ លោកមិនអាចកំណត់បាននោះទេគឺអាស្រ័យស្ថានភាពជាក់ស្តែងនៃកំណើនភ្ញៀវទេសចរ។ បច្ចុប្បន្ននេះចំនួនភ្ញៀវទេសចរមានការធ្លាក់ចុះបន្ទាប់ពីបញ្ហាកូវីដ១៩ ដោយក្នុងមួយសប្ដាហ៍មានជើងហោះហើរតែ ៨ ជើងប៉ុណ្ណោះ។ លោកពន្យល់បន្ថែមថា «ដោយសារតែកន្លងមកតែងមានអ្នកយល់ច្រឡំច្រើនជុំវិញអាកាសយានដ្ឋានថ្មីនេះ។ ខ្ញុំចង់បញ្ជាក់ថាការហោះហើរបច្ចុប្បន្នមានតែ ៨ ជើង ក្នុងមួយសប្ដាហ៍ប៉ុណ្ណោះ ទោះផ្លាស់ពីចាស់មកថ្មីក៏ដោយ ព្រោះការហោះហើរ យើងដឹកទេសចរ ដឹកភ្ញៀវមកអាកាសយានដ្ឋាន មិនមែនបើកឱ្យដំណើរការភ្លាមមានយន្តហោះ ហោះចូលច្រើនភ្លាមទេ វាមិនបែបហ្នឹងនោះទេ»។…

