ភាគីពាក់ព័ន្ធ កំពុងពិគ្រោះយោបល់លើ ព្រះរាជក្រឹត្យស្តីពី «ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ»
ភ្នំពេញ៖ ក្រសួងយុត្តិធម៌ រួមនឹងក្រសួងស្ថាប័នជំនាញពាក់ព័ន្ធមួយចំនួនទៀត អាជ្ញាធរពាក់ព័ន្ធ រួមនឹងអង្គការសង្គមស៊ីវិលផងដែរ បានឯកភាពគ្នារៀបចំសិក្ខាសាលាមួយស្តីពី ការពិគ្រោះយោបល់លើព្រះរាជក្រឹត្យស្តីពី «ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ»។ សិក្ខាសាលានេះបានធ្វើឡើងក្រោមវត្តមាន លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅបណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជា នៅព្រឹកថ្ងៃ១៤ ខែកញ្ញា ឆ្នាំ២០២៣។ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងនូវចំណុចសំខាន់នៃការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះគឺ ជាទិសដៅអាទិភាពនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដើម្បីឆ្លើយតបនឹងស្នូលយុទ្ធសាស្ត្របញ្ចុកោណ ដែលប្រកាសចេញក្នុងកិច្ចប្រជុំគណៈពេញអង្គលើកដំបូងដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ នេះជាស្នូលមួយធំក្នុងចំណោមស្នូលផ្សេងៗទៀត ដែលជាការពង្រឹងប្រសិទ្ធភាពច្បាប់ និងប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា។ ការពង្រឹងប្រសិទ្ធភាពច្បាប់ និងប្រព័ន្ធយុត្តិធម៌ បានដាក់ចេញនូវទិសដៅអាទិភាពជាច្រើន ក្នុងនោះរួមមាន ពាក់ព័ន្ធនឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះតែម្តង។ លោករដ្ឋមន្ត្រីបាន បានសង្កត់ធ្ងន់ថា សារៈសំខាន់នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ទី១ ជាការបង្កើតនូវជម្រើសផ្សេងៗសម្រាប់ប្រជាពលរដ្ឋ ដោយពលរដ្ឋមិនចាំបាច់មកតុលាការនោះទេ ដោយអាចធ្វើការដោះស្រាយជាមួយនឹងជម្រើសផ្សេងៗ ងាយស្រួលសាមញ្ញ និងនៅជិតពួកគាត់។ ទី២ ជាការបង្កភាពងាយស្រួល ដោយបង្ខិតសេវានេះឱ្យនៅជិតបំផុតចៀសវាងការចំណាយពេលមកតុលាការដែលអាចនៅឆ្ងាយពីពួកគាត់។ ទី៣…

