ក្រុមហ៊ុន Danong Development Group របស់ប្រទេសចិន បានបង្ហាញគំនិតផ្តួចផ្តើមវិនិយោគទ្រង់ទ្រាយធំមួយ ដោយគ្រោងនឹងវិនិយោគថវិកាដ៏ធំចំនួនជាង ១២,៧ ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើកសិកម្មឆ្លាតវៃលើខេត្តយុទ្ធសាស្រ្តចំនួនប្រាំមួយ។ សេចក្តីប្រកាសនេះ ត្រូវបានបង្ហាញក្នុងសន្និសីទសារព័ត៌មានផ្តាច់មុខដោយទូរទស្សន៍អនឡាញ BDN កាលពីថ្ងៃទី ១៤ ខែសីហា។
ជាមួយនឹងទីតាំងយុទ្ធសាស្ត្រដែលលាតសន្ធឹងលើខេត្តព្រះសីហនុ កំពត បាត់ដំបង ពោធិ៍សាត់ សៀមរាប និងកំពង់ធំ ភាពធំទូលាយនៃគម្រោងនេះត្រូវការផ្ទៃដីកសិកម្មប្រមាណ ៧៥0 000 ហិកតា។ ក្រុមហ៊ុន Danong Development Group ត្រៀមខ្លួនជាស្រេចក្នុងការជំរុញឱ្យមានបដិវត្តន៍ក្នុងវិស័យកសិកម្ម ពង្រឹងជំហររបស់ប្រទេសកម្ពុជានៅលើឆាកកសិពាណិជ្ជកម្មពិភពលោក។
ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចសហការជាយុទ្ធសាស្ត្រនេះ ដោយលោកមានប្រសាសន៍ថា “ក្រុមហ៊ុន Danong Development Group ជាក្រុមហ៊ុនមានបទពិសោធន៍និងជំនាញច្បាស់លាស់ ក្នុងវិស័យកសិឧស្សាហកម្មបែបទំនើប និងឆ្លាតវៃ ដែលមានមូលដ្ឋាននៅខេត្តសាន់តុងរបស់ចិន។ ខ្ញុំគិតថាបើបានក្រុមហ៊ុននេះមកចូលរួមជាមួយយើង នោះវិស័យកសិកម្មនៅស្រុកយើងនឹងរីកចម្រើនបានលឿនយ៉ាងពិតប្រាកដ។ ហើយពេលនោះ ប្រទេសកម្ពុជានឹងក្លាយជាគំរូនៃការអភិវឌ្ឍកសិឧស្សាហកម្ម។”
ឯកឧត្តម ដួង តារា បន្តថា “ចេញពីការវិនិយោគនេះ កម្ពុជានឹងដើរតួជាឃ្លាំងស្បៀងអាហារ ដើម្បីផ្គត់ផ្គង់ស្បៀងអាហារដល់ប្រទេសចិន ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចមួយនេះកំពុងមានកំណើនយ៉ាងខ្លាំង ហើយប្រជាជនចិននឹងត្រូវការការផ្គត់ផ្គង់ស្បៀងអាហារបន្ថែមកាន់តែច្រើន។”
លោក ZHAO SHUJE ប្រធានក្រុមហ៊ុន Danong Development Group បានលើកឡើងពីយុទ្ធសាស្រ្តវិនិយោគដ៏ទូលំទូលាយ ដោយសង្កត់ធ្ងន់ថា “ក្រុមហ៊ុនយើងនឹងធ្វើការវិនិយោគលើវិស័យបសុសត្វ និងផលិតផលកសិកម្ម០៤ប្រភេទ រួមមាន (១). ការដាំស្មៅសម្រាប់ការចិញ្ចឹមសត្វ (២). ការបង្កាត់ពូជនិងដាំពោត (៣). ការដាំដុះដំឡូងមី និង(៤).ការចិញ្ចឹមជ្រូក និងគោ។ សមាសធាតុសំខាន់ៗទាំងនេះនឹងបង្កើតជាខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំ ដោយរួមបញ្ចូលនូវគ្រឿងបរិក្ខារកែច្នៃកម្រិតខ្ពស់ និងការអនុវត្តកសិកម្មបសុសត្វប្រកបដោយភាពច្នៃប្រតិដ្ឋ។”
មូលដ្ឋានគ្រឹះនៃគំនិតផ្តួចផ្តើមផ្លាស់ប្តូរនេះគឺទិសដៅនៃការនាំចេញក្រោយពេលដំាំដុះនិងផលិតហើយ។ លោក ZHAO SHUJE បានគូសបញ្ជាក់អំពីសារៈសំខាន់នៃប្រទេសកម្ពុជាដែលក្លាយជាឃ្លាំងស្បៀងអាហារដ៏សំខាន់មួយ ដែលឆ្លើយតបទៅនឹងតម្រូវការកើនឡើងរបស់ប្រទេសចិន ដោយសារតែការពង្រីកសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ខ្លួន។
“ក្រុមហ៊ុន Danong Development Group នឹងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មកណ្តាលរបស់ខ្លួននៅក្នងតំបន់សេដ្ឋកិច្ចពិសេសពហុបំណងក្នុងខេត្តព្រះសីហនុ ក្នុងនោះមាន ប្រព័ន្ធអេកូឡូស៊ីថាមវន្តដែលរួមមានមជ្ឈមណ្ឌលស្តុកអាហារ មជ្ឈមណ្ឌលផ្គត់ផ្គង់ មជ្ឈមណ្ឌលសេវាកម្មចម្រុះ និងបណ្តាញដឹកជញ្ជូនទំនើប នៅលើផ្ទៃដីទំហំរហូតដល់ ១៥ គីឡូម៉ែត្រការ៉េ។”
ជាចុងក្រោយលោក ZHAO SHUJE បញ្ជាក់ថា “ដោយសាររដ្ឋាភិបាលកម្ពុជាពុំមានដីសល់សម្រាប់សម្បទាន យុទ្ធសាស្រ្តវិនិយោគរបស់ក្រុមហ៊ុននឹងអនុវត្តជា០៣រូបភាព៖ (១).ជួលដីវិនិយោគ (២).សហការវិនិយោគ និង(៣). ទិញដីវិនិយោគក្នុងតម្លៃទីផ្សារសមស្រប។”
គួររំលឹកថា គម្រោងវិនិយោគប្រកបដោយចក្ខុវិស័យនេះ បានលេចចេញជារូបរាងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសចិនកាលពីខែកុម្ភៈ ឆ្នាំ២០២៣ ដែលកាលណោះ សម្តេចបានអំពាវនាវឱ្យវិនិយោគិនធំៗចិនបន្តមកវិនិយោគនៅកម្ពុជា។
លើសពីទំហំហិរញ្ញវត្ថុរបស់ខ្លួន គំនិតផ្តួចផ្តើមនេះ អាចរាប់ថាជាពន្លឺថ្មីនៃការជំរុញកំណើននៅទូទាំងវិស័យកសិកម្ម ដែលនឹងអាចនាំផលប្រយោជន៍ច្រើនក្រែលដល់សេដ្ឋកិច្ចរបស់ប្រទេស។ តម្លៃដ៏គួរឱ្យភ្ញាក់ផ្អើលនៃការវិនិយោគជាង ១២,៧ ពាន់លានដុល្លារនេះ គឺ ស្ទើរតែពាក់កណ្តាលនៃចំណូលក្នុងស្រុកសរុប (GDP) របស់ប្រទេសកម្ពុជាទាំងមូល កាលពីឆ្នាំ ២០២១៕ ប្រភព៖ Construction Property