សេចក្ដីប្រកាសព័ត៌មាន ស្តីពី ចំណាត់ការសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងករណីគំរាមកំហែងហែកកេរ្តិ៍ ដែលមានជនជាប់ចោទឈ្មោះ ចិន សីដា
សៀមរាប៖ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបណ្តាញ សារព័ត៌មានទាំងអស់មេត្តាជ្រាបថា សាលាដំបូងខេត្តសៀមរាប បានទទួលជំនុំជម្រះលើសំណុំរឿង ព្រហ្មទណ្ឌលេខ ៥៨៨ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្តសៀមរាប តាមដីកាដំណោះស្រាយលេខ ៧៥១០ ពស.ពស/ខ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានដើមបណ្តឹង រដ្ឋប្បវេណីឈ្មោះ សម្បត្តិ កុសល ភេទប្រុស និងមានជនជាប់ចោទ ឈ្មោះ ចិន ស្រីដា ភេទស្រី អាយុ២៧ឆ្នាំ ជាប់ចោទពីបទ គំរាមកំហែងហែកកេរ្ដិ៍ប្រព្រឹត្តនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៤ និងអំឡុងខែមីនា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត ៣៧២ និងមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ។
ពាក់ព័ន្ធនឹងចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌខាងលើនេះ នៅគ្រប់ដំណាក់កាលនីតិវិធីរបស់តុលាការ ឈ្មោះ ចិន ស្រីដា បានគេចវេស មិនសហការ ដោយពុំដែលចូលខ្លួនតាមការកោះហៅនោះទេ។ នៅដំណាក់កាលអយ្យការ ជនសង្ស័យឈ្មោះ ចិន ស្រីដា មិនបានចូលខ្លួនតាមការកោះហៅរបស់តំណាងអយ្យការឡើយ បន្ទាប់មកនៅដំណាក់កាលស៊ើបសួរ ចៅក្រមស៊ើបសួរបានចេញដីកាបង្គាប់ឱ្យចូលខ្លួន ប៉ុន្ដែជនត្រូវចោទឈ្មោះ ចិន ស្រីដា ពុំបានចូលខ្លួនតាមការកំណត់របស់ចៅក្រមស៊ើបសួរ ហើយចៅក្រម ស៊ើបសួរក៏បានចេញដីកាបង្គាប់ឱ្យនាំខ្លួន ប៉ុន្តែពុំអាចនាំខ្លួនជនត្រូវចោទរូបនេះបាន ទើបចៅក្រមស៊ើបសួរ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ដើម្បីអាចបង្ខំឱ្យជនត្រូវចោទរូបនេះមកបង្ហាញខ្លួន និងសួរចម្លើយតាមនីតិវិធីច្បាប់។
នៅដំណាក់កាលជំនុំជម្រះមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទឈ្មោះ ចិន ស្រីដា បានដាក់ពាក្យសុំពន្យារពេលជំនុំជម្រះ១លើក ដោយមូលហេតុថា មេធាវីទើបតែទទួលការពឹងពាក់ពីជនជាប់ចោទ ហើយចៅក្រមជំនុំជម្រះបានសម្រេចពន្យារពេលតាមការស្នើសុំ។ បន្ទាប់មក ចៅក្រមជំនុំជម្រះបានកំណត់កាល បរិច្ឆេទជំនុំជម្រះម្តងទៀត ហើយនាកាលបរិច្ឆេទនោះ មេធាវីការពារសិទ្ធិឱ្យជនជាប់ចោទមានវត្តមាន ប៉ុន្តជនជាប់ចោទ នៅតែគេចវេសមិនមកចូលរួមការជំនុំជម្រះដដែល។
ក្រោយបញ្ចប់ការពិភាក្សាដេញដោល និងបានពិនិត្យភស្តុតាងទាំងអស់ដែលមានក្នុងសំណុំរឿង ចៅក្រមជំនុំជម្រះយល់ឃើញថា អំពើរបស់ជនជាប់ចោទមានធាតុផ្សំបទល្មើសគ្រប់គ្រាន់ បទគំរាមកំហែងហែកកេរ្ដិ៍ បទល្មើសព្រហ្មទណ្ឌដែលមាន ចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧២ និងមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ ដូច្នេះចៅក្រមជំនុំជម្រះ បានប្រកាសសាលក្រមព្រហ្មទណ្ឌលេខ ១៥ “ឃ”/១៦១ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបានសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ ចិន ស្រីដា ដាក់ពន្ធនាគារកំណត់រយៈពេល ២ (ពីរ) ឆ្នាំ, បង្គាប់ឱ្យជនជាប់ចោទសងសំណងជម្ងឺចិត្តទៅឱ្យដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៤ (បួន) លានរៀល និងបង្គាប់ឱ្យ ចាប់ខ្លួនជនជាប់ចោទ ដើម្បីយកមកអនុវត្តទោសតាមនីតិវិធីច្បាប់។
ការសម្រេចរបស់ចៅក្រមជំនុំជម្រះនេះ គឺផ្អែកលើអង្គហេតុ និងអង្គច្បាប់ ប្រកបដោយការពិចារណាត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ ចំពោះភាគី ដែលមានការពាក់ព័ន្ធក្នុងសំណុំរឿង។
នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ មេធាវីការពារសិទ្ធិឱ្យជនជាប់ចោទឈ្មោះ ចិន ស្រីដា បានប្ដឹង ឧទ្ធរណ៍ទៅនឹងសាលក្រមខាងលើ ហើយសំណុំរឿងខាងលើនេះ ត្រូវបានបញ្ជូនទៅសាលាឧទ្ធរណ៍បាត់ដំបង កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។ បច្ចុប្បន្ន សំណុំរឿងនេះ កំពុងស្ថិតក្នុងចំណាត់ការរបស់សាលាឧទ្ធរណ៍បាត់ដំបង។
សូមបញ្ជាក់ជូនថា៖ ការទាមទារប្រាក់ពីកូនបំណុល គឺជាសិទ្ធិរបស់ម្ចាស់បំណុល ប៉ុន្តែម្ចាស់បំណុល ត្រូវប្រើសិទ្ធិទាមទារនេះ ក្នុងព្រំដែនដែលច្បាប់អនុញ្ញាត កុំឱ្យបំពានលើសិទ្ធិរបស់អ្នកដទៃ។ ក្នុងករណីដែល ម្ចាស់បំណុលធ្វើការទាមទារបំណុលរបស់ខ្លួន ដោយប្រើមធ្យោបាយដែលបំពានទៅលើសិទ្ធិរបស់អ្នកដទៃនោះ ម្ចាស់បំណុលត្រូវទទួលខុសត្រូវចំពោះអំពើរបស់ខ្លួនទៅតាមច្បាប់ជាធរមាន។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបណ្ដាញសារព័ត៌មានទាំងអស់មេត្តជ្រាបតាមការគួរ។
ថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨
ខេត្តសៀមរាប, ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប




