ពិភពលោកកាន់តែជ្រួលច្របល់! រញ្ជួយដីនៅភាគពាយ័ព្យអាហ្វហ្កានីស្ថាន ស្លា.ប់ជាង២០០០នាក់
គ្រោះធម្មជាតិរញ្ជួយដី កម្រិត៦,៣ រិឆទែរ បានកើតឡើងនៅខេត្ត Herat ភាគពាយ័ព្យអាហ្វហ្កានីស្ថាន កាលពី ថ្ងៃសៅរ៍ទី៧កក្កដា វេលាម៉ោងប្រមាណ១១ព្រឹក។ យោងតាមតួលេខបឋម ផ្តល់ឲ្យដោយអ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ យ៉ាងហោចណាស់ មានស្លាប់មនុស្សជាង២០០០នាក់។ ប្រភពដដែលអះអាងថា ចំនួនមនុស្សស្លាប់អាចនឹងកើនច្រើនជាងនេះទៀត ខណៈការរុករកអ្នកបាត់ខ្លួនកំពុងតែដំណើរការទៅ។
ព្រឹកថ្ងៃអាទិត្យ តួលេខចុងក្រោយបានបង្ហាញថា ភូមិចំនួន១៣ បានរងគ្រោះ ដោយផ្ទះប្រមាណ១៣២០ខ្នង ត្រូវបាក់ស្រុតទាំងស្រុង ដោយសារតែកម្លាំងរញ្ជួយដី។ ក្រៅពីមនុស្សស្លាប់ ចំនួន ២០៥៣នាក់ មានអ្នករបួសជាង៩០០០នាក់។ នេះបើផ្អែកតាមអ្នកនាំពាក្យ ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយអាហ្វហ្កានីស្ថាន។ យោងតាមអាជ្ញាធរខេត្ត Herat នៅព្រឹកថ្ងៃអាទិត្យ សាកសពមនុស្សប្រមាណ ២០០នាក់ ត្រូវបានដឹកបញ្ជូនយកទៅទុកនៅតាមទីតាំងផ្សេងៗគ្នា មានទាំងមន្ទីរពេទ្យ និងបន្ទាយទាហានផងដែរ។
យោងតាមសាក្សី ដីបានរញ្ជួយចំនួន៨ដង ក្នុងរយៈពេលតែប៉ុន្មាននាទី។ ផ្ទះសម្បែងប្រជាជន ដែលភាគច្រើនធ្វើពីដីឥដ្ឋ បានដួលបាក់រលំ តាំងតែពីការរញ្ជួយលើកទី១។ គ្រួសារខ្លះ មានទាំងកុមារតូចៗ គឺត្រូវផ្ទះបាក់គ្របសង្កត់ទាំងគ្រួសារតែម្តង។ ជនរងគ្រោះ បានថ្លែងទួញសោកថាពួកគេ កំពុងតែជួបការលំបាកខ្លាំង ដោយគ្មាននរណាមកជួយទេ ក្រៅតែពីអ្នកភូមិដែលនៅរស់រានមានជីវិត។ បុរសម្នាក់បានថ្លែងថា សម្រាប់ពេលនេះប្រជាជនគ្មានអ្វីទាំងអស់ គ្មានសូម្បីតែភួយដណ្តប់។
សូមបញ្ជាក់ថា ខេត្ត Herat មានប្រជាជនរស់នៅប្រមាណ ១,៩លាននាក់។ យោងតាមទិន្នន័យរបស់ធនាគារពិភពលោក ខេត្តនេះបានរងគ្រោះផ្ទួនៗគ្នាជាច្រើនឆ្នាំ ដោយគ្រោះរាំងស្ងួត បង្កការលំបាកជាខ្លាំងដល់វិស័យកសិកម្ម។ គួរកត់សំគាល់ដែរថា អាហ្វហ្កានីស្ថាន តែងតែបានរងនូវគ្រោះមហន្តរាយរញ្ជួយដីជាញឹកញាប់ ជាពិសេសនៅតំបន់ប្រជុំភ្នំ Hindu Kush ដែលស្ថិតនៅក្បែរចំនុចប្រសព្វនៃស្រទាប់ទ្វីបអឺរ៉ាស៊ី និងឥណ្ឌា។ កាលពីខែមិថុនា ឆ្នាំ២០២២ ករណីរញ្ជួយដីកម្រិត ៥,៩ រិឆទែរ បានផ្តាច់ជីវិតមនុស្សជាង១០០០នាក់ និងមនុស្សច្រើនម៉ឺននាក់ បាត់បង់ផ្ទះសំបែង នៅខេត្ត Paktika ភាគអាគ្នេយ៍។
ក្រៅពីករណីមហន្តរាយធម្មជាតិ ប្រជាជនអាហ្វហ្កានីស្ថាន កំពុងតែប្រឈមយ៉ាងខ្លាំង នឹងវិបត្តិមនុស្សធម៌ គ្មានស្បៀងអាហារ ថ្នាំសង្កូវ ក្រោយការត្រលប់មកកាន់អំណាចវិញ របស់ពួកតាលីបង់។ ប្រព័ន្ធសុខាភិបាលអាហ្វហ្កានីស្ថាន រំពឹងទាំងស្រុងទៅលើជំនួយពីបរទេស។ កាលពីខែសីហា អង្គការកាកបាតក្រហមអន្តរជាតិ បានទាញសញ្ញាអាសន្នថា ខ្លួននឹងមិនអាចធានាដំណើរការការងារ នៃមន្ទីរពេទ្យទាំង២៥នៅទូទាំងអាហ្វហ្កានីស្ថាន បានទៀតទេ ដោយសារគ្មានថវិកាគ្រប់គ្រាន់៕