បន្ទាយមានជ័យ៖ លោក លី សុវណ្ណារិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយមន្ត្រីរាជការនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ បានផ្តិតមេដៃស្នើសុំទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ដើម្បីសុំផ្លាស់ប្តូរលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យចេញ។ ឥឡូវនេះ មន្ត្រីចំនួន ៨រូប រួមមាន៖ ប្រធានមន្ទីរ និងអនុប្រធាន ៥នាក់ រួមទាំងប្រធានការិយាល័យ ២រូប ត្រូវផ្ទេរទៅក្រសួងរៀបចំដែនដី។
លោកបញ្ជាក់ថា តាមពាក្យស្នើសុំ និងមេដៃផ្លាស់ប្តូរចេញនេះ ដោយសារលោក អាង ណារិទ្ធ ប្រធានមន្ទីរ គ្មានភាពជាអ្នកដឹកនាំក្នុងមន្ទីរ គ្មានសាមគ្គីផ្ទៃក្នុង គ្មានសីលធម៌ គ្មានគុណធម៌ក្នុងខ្លួន និយាយស្តីទៅកាន់មន្ត្រីក្រោមឱវាទអសុរោះ មើលងាយមន្ត្រីក្រោមឱវាទ និងស៊ីដាច់លុយការងារមន្ត្រី ធ្វើការមិនទទួលការងារខុសត្រូវ ពេលមានរឿងទម្លាក់លើកូនចៅជាអ្នកទទួលខុស។
លោក លី សុវណ្ណារិទ្ធ បានបញ្ជាក់ទៀតថា ក្រោយពីមន្ត្រីរាជការក្រោមឱវាទផ្តិតមេដៃ និងធ្វើពាក្យស្នើសុំទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបានចាត់តាំងមន្ត្រីថ្នាក់ជាតិចុះធ្វើអធិការកិច្ច និងស្រាវជ្រាវ ហើយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ អន្តរក្រសួង និងខេត្តបានប្រជុំសម្រេចផ្លាស់ប្តូរលោក អាង ណារិទ្ធ ប្រធានមន្ទី និងអនុប្រធាន ៥នាក់ ព្រមទាំងប្រធានការិយាល័យ២នាក់ ត្រូវបានផ្លាស់ប្តូរទៅបម្រើការងារនៅក្រសួងរៀបចំដែនដី និងចាត់មន្ត្រីខេត្ត១រូប ស្តីទីដើម្បីបម្រើការងារបន្ត៕