ផឹកស៊ីស្រវឹងបាញ់រះជាង២០០គ្រាប់ នៅលើខ្នងភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺ ខណៈពេលសមត្ថកិច្ចកំពុងចាត់វិធានការតាមច្បាប់ចំំពោះជនបង្ក

186

(កំពង់ស្ពឺ)៖ ស្នូរគ្រាប់កំាភ្លើងមិនតិជាង២០០គ្រាប់ បានបន្លឺឡើងយ៉ាងកងរំពងនៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលឮចេញពីក្នុងពិធីខួបកំណើតមួយស្ថិតនៅចំណុចផ្ទះលំហែ ភូមិថ្មី (ចំការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (លើខ្នងភ្នំគិរីរម្យ) ដែលសមត្ថកិច្ចអះអាងថាជាកម្មសិទ្ធិរបស់ឈ្មោះ ឆាយ ភេទប្រុស អាយុប្រហែល២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ។

ក្រោយមានការបាញ់បោះសេរី ដែលតែងតែកើតមានឡើងនៅបរិវេណផ្ទះខាងលើ នៅពេលមានការជួបជុំម្តងៗនោះ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចចំរុះបានចុះទៅពិនិត្យនៅកន្លែងកើតហេតុ ដោយរកឃើញសំបកគ្រាប់កាំភ្លើងវែង ខ្លីជាង២០០គ្រាប់។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ ដែលបណ្តាញព័ត៌មាន ទទួលបាននៅរសៀលថ្ងៃនេះ បានបញ្ជាក់ថា នៅវេលាម៉ោង ៨ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្លាំងជំនាញបានបង្កើតគណៈកម្មការដោយមានការចូលរួមពីសំណាក់អាជ្ញាធរភូមិ ឃុំ មន្ត្រីបរិស្ថាន និងកម្លាំងកងរាជអាវុធហត្ថ ដើម្បីធ្វើការស្រាវជ្រាវពាក់ព័ន្ធករណីបាញ់បោះសេរីកាលពីថ្ងៃទី១១ ខែវិច្ឆិកា។

យោងតាមរបាយការណ៍រប​ស់អធិការ, លោក សេ ចូច អាយុ៦៤ឆ្នាំ និងប្រពន្ធឈ្មោះ សឿន ស្រីធា អាយុ៣៨ឆ្នាំ ដែលជាអ្នកចាំដីផ្ទះចំណុចកើតហេតុ បានប្រាប់ថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១២:០០នាទីឈ្មោះ ឆាយ បានមកពីភ្នំពេញ ដើម្បីរៀបចំកម្មពិធីខួបកំណើត ដោយមានមិត្តភក្តិរបស់គាត់ប្រហែលជិត២០នាក់ មានស្រី មានប្រុស មកចូលរួមផឹកស៊ីផងដែរ។

លោក សេ ចូច បាននិយាយទៀតថា រហូតដល់វេលាម៉ោងប្រហែល ១៦:០០នាទី ថ្ងៃខែឆ្នាំដដែល ពេលដែលពួកគាត់ជួយរៀបចំផ្ទះ លាងចាន-ឆ្នាំង ឲ្យគេរួច ក៏នាំគ្នាទៅសំរាកនៅផ្ទះរបស់ឈ្មោះ រ៉ា ភេទប្រុស អាយុប្រហែល ៤៥ឆ្នាំ ជាអ្នករស់នៅជាប់របងគ្នា។

ពេលគាត់កំពុងសំរាកស្រាប់តែនៅវេលាម៉ោងប្រហែល ២១:០០នាទី ថ្ងៃខែឆ្នាំដដែល ពួកគាត់បានឮសូរសំលេងបាញ់កាំភ្លើងបន្តបន្ទាប់នៅកន្លែងកម្មពិធី តែពួកគាត់មិនបានចេញមើលទេ ព្រោះខ្លាចមានគ្រោះថ្នាក់ ហើយពួកគាត់ក៏ពុំបានដឹងថាអ្នកណាជាអ្នកបាញ់ដែរ ហើយពួកគាត់និយាយបន្តទៀតថា កន្លងមកឲ្យតែម្ចាស់ផ្ទះមានកម្មពិធីផឹកស៊ី គឺតែងតែបាញ់កាំភ្លើងលេងហើយ។

លោក អ៊ុំ សាង អាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិថ្មីជាមួយគ្នា បាននិយាយថា នៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែល១៦:៣០នាទី រូបគាត់កំពុងធ្វើការ (ជាកម្មករ) នៅចំណុចខាងក្រោយផ្ទះរបស់ឈ្មោះ ឆាយ ក៏ឃើញឈ្មោះ ឆាយ ឈរកាន់កាំភ្លើងខ្លីបាញ់ឡើងលើប្រហែលជា១០គ្រាប់ ខណៈពេលដែលកំពុងផឹកស៊ីជាមួយមិត្តភក្តិរបស់គាត់ប្រហែល ៧ ទៅ ៨នាក់ទៀត នៅម៉ោង១៧:០០នាទី ពេលចប់ម៉ោងការងាររឈ្មោះ អ៊ុំ សាង ក៏ត្រឡប់ទៅផ្ទះវិញទៅ។

ក្រោយការចុះពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ កម្លាំងសមត្ថកិច្ចចំរុះ បានរកឃើញសំបកគ្រាប់កាំភ្លើងខ្លីចំរុះចំនួន១១២គ្រាប់, សំបកគ្រាប់កាំភ្លើងM16ចំនួន៣៦គ្រាប់ និងសំបកគ្រាប់កាំភ្លើងAKចំនួន៥៥គ្រាប់។

សម្រាប់ករណីខាងលើ គណ:កម្មការ បានធ្វើការចាប់យកមករក្សាទុកនៅអធិការដ្ឋាន និងកំពុងធ្វើការស្រាវជ្រាវបន្តទៀត ដើម្បីចាត់ការចំពោះជនដែលបាញ់បោះសេរីខាងលើនេះ៕