សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ជាថ្មីថា «រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ មិនមានការបង្កើតពន្ធថ្មីនោះទេ ចំពោះពន្ធដែលមានស្រាប់ ក៏នឹងមិនមានការដំឡើងពន្ធនោះដែរ»។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតី នៃវេទិកា «រាជរដ្ឋាភិបាល -ផ្នែកឯកជន» លើកទី១៩ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព។
ជាមួយគ្នានេះសម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីដែរថា រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ គឺលុបមិនឱ្យមានការ យកភាស៊ី ចំពោះអ្នកលក់ដូរកញ្ជើ ល្អី ឬអ្នកលក់ដូរតូចតាចនោះទេ ក្នុងករណីមានការយកភាស៊ីចំពោះអាជីវករទាំងនោះ ត្រូវចាត់វិធានការចំពោះអ្នកយកភាស៊ីនោះជាបន្ទាន់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ដែរថា ដីដែលមិនបានប្រើប្រាស់ ហើយមិនមានជាប់ការបង់ពន្ធនោះ គឺជាប្រភេទដី ដែលកំពុងប្រើប្រាស់ដាំដុះ, ដីដែលជួលបង្កើតជារោងចក្រ សហគ្រាសនានា, ដីមានសំណង់ ឬ គ្មានសំណង់ ស្ថិតនៅក្រោមកិច្ចសន្យាជួល, ដីដែលជាកម្មសិទ្ធិរបស់រដ្ឋ ដែលបានជួល, ដី ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស, ដីដែលត្រូវបានចុះបញ្ជីក្នុងវិស័យអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសិក្សាធិការជាដើម។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ថា ការអនុវត្តយកពន្ធលើដីធ្លីដែលមិនបានប្រើប្រាស់ និងមានទំហំ លើសពី ៥ ហិកតា នឹងចាប់អនុវត្តនៅដើមឆ្នាំ២០២៥៕