សៀមរាប៖ ក្រោមការដឹកនាំប្រកបដោយប្រសិទ្ធភាព និងការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនគរបាលជំនាញបានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងសកម្ម និងម៉ឺងម៉ាត់ រហូតឈានដល់ការបំបែកសំណុំរឿងប្លន់ម៉ូតូដ៏សាហាវមួយ ដែលបានកើតឡើងនៅចំណុចខាងលិចស្ពានក្អែក ស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយចាប់ខ្លួនជនសង្ស័យបានចំនួន ៨នាក់ និងដកហូតម៉ូតូរបស់ជនរងគ្រោះបានមកវិញ ប្រគល់ជូនម្ចាស់ដោយជោគជ័យ។
ករណីនេះបានកើតឡើងនៅវេលាម៉ោង ១:០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង ខណៈជនរងគ្រោះឈ្មោះ អង អែម អាយុ ១៩ឆ្នាំ ត្រូវបានក្រុមជនសង្ស័យមួយក្រុមប្រដាប់ដោយកាំបិតផ្គាក់ ធ្វើសកម្មភាពធាក់ និងកាប់បង្ករបួសស្នាម មុនពេលប្លន់យកម៉ូតូម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០២៦ រួចគេចខ្លួនបាត់។
ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានដាក់បទបញ្ជាភ្លាមៗឱ្យកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត សហការជាមួយអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បើកការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ក្រោមការសម្របសម្រួលនីតិវិធីពីឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។
ដោយប្រើប្រាស់វិធានការជំនាញ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ និងអធិការដ្ឋាននគរបាលស្រុកស្វាយលើ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណ និងឈានដល់ការចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ សរុបចំនួន ៨នាក់ ទាំងក្រុមដែលធ្វើសកម្មភាពផ្ទាល់ និងអ្នកទទួលផលចោរកម្ម។
ជនសង្ស័យទាំង ៨នាក់ រួមមាន៖
១- ឡុង រក្សា ហៅ សាល អាយុ ១៦ឆ្នាំ
២- ផា ផាន់ណាដុល្លា ហៅ ខ្លា អាយុ ១៥ឆ្នាំ
៣- ប្រុស អ៊ីវិនកុម្ភៈ ហៅ ជឺម អាយុ ១៦ឆ្នាំ
៤- ព្រុំ ផល្លា អាយុ ១៨ឆ្នាំ
៥- ហាច ធារ៉ា ហៅ បេន អាយុ ១៥ឆ្នាំ
៦- សោម សេងលី ហៅ ពេជ្រ អាយុ ២៤ឆ្នាំ (ទទួលផលចោរកម្ម)
៧- ធី ថែត អាយុ ២៨ឆ្នាំ (ទទួលផលចោរកម្ម)
៨- កុក ពេទ្យ អាយុ ១៨ឆ្នាំ (ទទួលផលចោរកម្ម)
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ៥នាក់ដំបូងបានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពប្រើហិង្សាលើជនរងគ្រោះ និងប្លន់យកម៉ូតូពិតប្រាកដមែន មុននឹងយកទៅលក់នៅក្រុងប៉ោយប៉ែត ក្នុងតម្លៃ ៤០០ដុល្លារអាមេរិក ហើយចែកប្រាក់គ្នាចាយវាយអស់។
ការស្រាវជ្រាវបន្តបាននាំឱ្យសមត្ថកិច្ចឈានទៅដល់ការចាប់ខ្លួនអ្នកទទួលទិញម៉ូតូ និងអ្នកបន្តទិញទុកប្រើប្រាស់នៅស្រុកស្វាយលើ។ ជនសង្ស័យបានសារភាពថា បានទិញម៉ូតូក្នុងតម្លៃ ៣,៣០០,០០០រៀល និងថែមទាំងប្តូរស្លាកលេខ ដើម្បីបន្លំសមត្ថកិច្ចទៀតផង។
ទោះជាយ៉ាងណា ក្រោមការបញ្ជាដឹកនាំដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី និងការខិតខំប្រឹងប្រែងរបស់កម្លាំងជំនាញ សមត្ថកិច្ចបានរកឃើញ និងដកហូតម៉ូតូរបស់ជនរងគ្រោះបានមកវិញទាំងស្រុង។
នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក នួន ស័ក្តិចំរើនរិទ្ធ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ តំណាងលោកស្នងការនគរបាលខេត្តសៀមរាប បានធ្វើការប្រគល់ម៉ូតូជូនជនរងគ្រោះវិញ ដែលជាការបង្ហាញពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាពប្រជាពលរដ្ឋ។
បច្ចុប្បន្ន ជនសង្ស័យទាំង ៨នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំណែកបក្ខពួកផ្សេងទៀតដែលនៅរត់គេចខ្លួន សមត្ថកិច្ចបានកំណត់អត្តសញ្ញាណ និងសាវតារួចរាល់ហើយ កំពុងស្នើសុំដីកាចាប់ខ្លួន ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់ជាបន្តទៀត។
ស្នាដៃបង្ក្រាបដ៏ជោគជ័យនេះ បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំនគរបាលខេត្តសៀមរាប ក្នុងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ មិនទុកឱ្យជនល្មើសណាម្នាក់រួចផុតពីសំណាញ់ច្បាប់ឡើយ និងធានាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ក្នុងខេត្តសៀមរាប។ ៕អត្ថបទដោយ៖ ល.ស











