សៀមរាប៖ ករណីប្រមូលលុយពីអាជីវករតូចតាច និងអ្នកទទួលផ្ញើម៉ូតូតាមបណ្ដោយមាត់ស្ទឹងសាធារណៈ ក្នុងក្រុងសៀមរាប កំពុងផ្ទុះការរិះគន់យ៉ាងខ្លាំងពីមហាជន បន្ទាប់ពីមន្ត្រីសាលាក្រុងបានចេញមុខទទួលស្គាល់ជាសាធារណៈថា ពិតជាមានការប្រមូលប្រាក់ទាំងនោះប្រាកដមែន។
លោក ធា សថានី អភិបាលរងក្រុងសៀមរាប បានថ្លែងទទួលស្គាល់ថា រដ្ឋបាលក្រុងពិតជាបានប្រមូលលុយពីអ្នកទទួលផ្ញើម៉ូតូ នៅចំណុចមាត់ស្ទឹង ក្នុង១ខែចំនួន៤០០ដុល្លារ។ ជាមួយគ្នានេះ អ្នកលក់ដូរតាមរទេះ និងរ៉ឺម៉កម៉ូតូតាមបណ្ដោយមាត់ស្ទឹង ក៏ត្រូវបង់ប្រាក់ចំនួន៣.០០០រៀលក្នុង១យប់ សម្រាប់១រទេះផងដែរ។
បើតាមការបញ្ជាក់របស់មន្ត្រីសាលាក្រុង ការបង់ប្រាក់ទាំងនេះ គឺជាការស្ម័គ្រចិត្តពីសំណាក់ប្រជាពលរដ្ឋ ដោយថវិកាដែលប្រមូលបាន ត្រូវយកទៅផ្គត់ផ្គង់កម្លាំងសណ្ដាប់ធ្នាប់ និងប្រជាការពារ។
ប៉ុន្តែផ្ទុយទៅវិញ អាជីវករជាច្រើនដែលលក់នំប៉័ងសាច់ ប្រហិតចៀន ការ៉េម ទឹកអំពៅ បង្អែម មីឆា បាយឆា សាច់អាំង និងម្ហូបអាហារផ្សេងៗ តាមរទេះ និងរ៉ឺម៉កម៉ូតូ បានអះអាងស្រដៀងគ្នាថា ការបង់លុយនេះមិនមែនជាការស្ម័គ្រចិត្តនោះទេ ប៉ុន្តែជាកាតព្វកិច្ចដែលពួកគេត្រូវបង់ ប្រសិនបើចង់បន្តលក់ដូរនៅទីនោះ។
ពួកគេលើកឡើងថា រៀងរាល់ពេលព្រលប់ កម្លាំងសណ្ដាប់ធ្នាប់តែងដើរប្រមូលលុយមិនដែលខកខានឡើយ។ លើសពីនេះ ខាងអនាម័យក៏ប្រមូលបន្ថែម ១.៥០០រៀល ក្នុង២ថ្ងៃម្ដងផងដែរ។
អាជីវករមួយចំនួនបញ្ជាក់ទៀតថា ការប្រមូលលុយបែបនេះ មិនមែនទើបកើតឡើងថ្មីៗទេ ប៉ុន្តែបានអូសបន្លាយរាប់ឆ្នាំមកហើយ។ ខណៈដែលតំបន់មាត់ស្ទឹង ជាតំបន់ទេសចរណ៍ដ៏សំខាន់ មានអាជីវកររាប់សិបនាក់លក់ដូរតម្រៀបគ្នា តាមបណ្ដោយផ្លូវសាធារណៈ ដែលធ្វើឱ្យមានការសង្ស័យថា អាចមានការប្រមូលប្រាក់បានរាប់សិបលានរៀលក្នុង១ខែៗ។
ប្រភពពីអាជីវករបានអះអាងថា សម្រាប់អ្នកចង់ចូលលក់ថ្មី ត្រូវចំណាយលុយទិញ “កន្លែង” ពីអ្នកមុន ចន្លោះពី១.៥០០ដុល្លារ ទៅ៣.០០០ដុល្លារ អាស្រ័យលើទំហំទីតាំង។ មិនតែប៉ុណ្ណោះ ថែមទាំងត្រូវជូនលុយទៅខាងសណ្ដាប់ធ្នាប់ ចន្លោះពី១០០ដុល្លារ ទៅ២០០ដុល្លារទៀតផង។
ដោយឡែក អ្នកទទួលផ្ញើម៉ូតូនៅមាត់ស្ទឹង ទល់មុខ “កាហ្វេអាម៉ាហ្សូន” ក៏បានអះអាងដែរថា ខ្លួនត្រូវបង់ឱ្យសាលាក្រុងចំនួន៤០០ដុល្លារក្នុង១ខែ និងបង់ឱ្យសណ្ដាប់ធ្នាប់បន្ថែម៣០ម៉ឺនរៀលទៀត។
ជុំវិញបញ្ហានេះ លោក លី វណ្ណៈ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប បានថ្លែងថា រដ្ឋបាលខេត្តមិនមានគោលការណ៍ឱ្យប្រមូលលុយពីពលរដ្ឋនោះឡើយ។ លោកបញ្ជាក់ថា ករណីនេះអាចជាការចាត់ចែងនៅថ្នាក់ក្រុងផ្ទាល់។
ទន្ទឹមនឹងនេះ មហាជន និងប្រជាពលរដ្ឋជាច្រើន បានស្នើឱ្យថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងមហាផ្ទៃ ចុះស៊ើបអង្កេតឱ្យបានច្បាស់លាស់ ជុំវិញការប្រមូលប្រាក់ពីអាជីវករតូចតាចនៅលើដីសាធារណៈ ដើម្បីធានាតម្លាភាព និងយុត្តិធម៌សង្គម។ ផ្តល់សិទ្ធដោយ ដើមរំាង៖ https://dermrang-ct.com.kh/?p=47312
ទោះជាយ៉ាងណាក្តី អង្គភាពសារព័ត៌មានមហាខ្មែរនៅតែបើកអោយមានការបំភ្លឺពីភាគីពាក់ព័ន្ធ ដោយអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន រាល់ម៉ោងរដ្ឋបាល៕










