ខេត្តសៀមរាប៖ ដោយទទួលបានបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួរ សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចាត់ឱ្យលោកឧត្តមសេនីយ៍ត្រី សឿន សេន ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំកម្លាំងនគរបាលចូលរួមសហការជាមួយជំនាញរដ្ឋបាលព្រៃឈើខេត្តសៀមរាប ចុះពិនិត្យទីតាំងស្តុកចំនួន២កន្លែង របស់ ឈ្មួញ មានឈ្មោះ ស៊ង វាសនា ភេទប្រុស អាយុ៦០ឆ្នាំ រកឃើញនិងដកហូតធ្យូងខុសច្បាប់ជាង១០០តោន កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ។
ការចុះសហការរបស់កម្លំាងនគរបាលជាមួយជំនាញរដ្ឋបាលព្រៃឈើក្នុងពេលនោះគឺដើម្បីពិនិត្យទីតាំងស្តុកចំនួន២កន្លែងរបស់ឈ្មួញខាងលើ និងបានរកឃើញថា៖
១. ទីតាំងស្តុកអុសចម្រុះ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប មានអុសចម្រុះ សរុបចំនួន ២៥៥.៤៧៥ស្ទែរ (មានច្បាប់អនុញ្ញាត)។
២. ទីតាំងស្តុកធ្យូង មានចំនួន ៥,០១៨ការ៉ុង ស្មើនឹង ១០០,៣៦០គីឡូក្រាម ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប (គ្មានលិខិអនុញ្ញាត) ។
ដោយមានការបញ្ជារបស់ថ្នាក់ដឹកនាំខេត្តសៀមរាប ចំពោះករណីនេះ កម្លាំងចម្រុះ បានធ្វើការចាប់យកវត្ថុតាង ធ្យូងចំនួន៥,០១៨ការ៉ុង ស្មើនឹង ១០០,៣៦០kg បញ្ជូនទៅកាន់ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដើម្បីអនុវត្តទៅតាមនីតិវិធី តាមច្បាប់ស្តីពី ព្រៃឈើ។
សូមបញ្ជាក់ជូនផងដែរថា៖ ធ្យូងលក់ចេញ ១ ការ៉ុង តម្លៃ = ១៩,០០០រៀល
នេះតាមអ្វីដែលដែលលោកឧត្តមសេនីយ៍ទោ ហួរ សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ថ្លែងប្រាប់សារព័ត៌មានមហាខ្មែរ៕







