កាលពីលើកមុនមហាខ្មែរបានចុះផ្សាយអំពី ទីប្រឹក្សាក្រសួងព័ត៌មានម្នាក់ត្រូវបានព្រះរាជអាជ្ញានៃអយ្យការអមតុលាការខេត្តសៀមរាបសម្រេចឱ្យបើកការស៊ើបអង្កេតលើករណីឆបោក (សូមចុចអានអត្ថបទពេញ)។

សៀមរាប៖ ក្រោយការចុះផ្សាយរបស់អង្គភាពសារព័ត៌មានយើងខ្ញុំកន្លងមកក៏មានប្រជាពលរដ្ឋសុំមិនបញ្ជេញឈ្មោះ ធ្លាប់បានរងគ្រោះ ដោយសារបុគ្គលឈ្មោះ ធឹម សំផូត បានផ្ញើឯកសារពាក់ព័ន្ធមកកាន់អង្គភាពយើងខ្ញុំឱ្យជួយផ្សាយបន្ថែម។ ក្នុងនោះយើងបានរកឃើញសាវតារបស់បុគ្គល ធឹម សំផូត គឺមានតួនាទី និងការងារបីក្រសួង គឺ ទីប្រឹក្សាក្រសួងព័ត៌មាន មន្ត្រី នៃមន្ទីរមុខងារសាធារណៈខេត្តសៀមរាប និងជាពេទ្យធ្មេញ (ទន្តពេទ្យ) នេះទើបគេហៅថាមនុស្សពហុជំនាញ ដែលក្រសួងពាក់ព័ន្ធខ្វះមិនបានឬយ៉ាងណា?
១- បុគ្គលឈ្មោះ ធឹម សំផូត ធ្លាប់ជាទណ្ឌិត (ជាប់ទោសដោយបទល្មើសឆបោក) កាលពីកំឡុងឆ្នំា២០១២។ ប៉ុន្តែក្រោយពីពេញពីគុកមកវិញ បុគ្គលរូបនេះមិនបានកែប្រែខ្លួននោះទេ គឺនៅប្រព្រឹត្តិបទល្មើសដដែល។ ដោយនៅក្នុងខែតុលា ឆ្នំា២០២៥ នេះ បុគ្គលឈ្មោះ ធឹម សំផូត ត្រូវបានឯកឧត្តមព្រះរាជអាជ្ញារង នៃអយ្យការអមតុលាការខេត្តសៀមរាបចេញដីកាសម្រេចឲ្យបើកការស៊ើបអង្កេតលើករណីឆបោក និងត្រូវបាននគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបចេញលិខិតកោះហៅឱ្យចូលខ្លួនកាលពីថ្ងៃទី២៤ ខែតុលាឆ្នំា២០២៥ វេលាម៉ោង០៨ និង៣០ នាទីព្រឹក ដោយយោងទៅតាមពាក្យបណ្តឹងរបស់ស្ត្រីម្នាក់ ដោយមានលិខិតលេខ៖ ១៤៤/២០២៥ ល.ក.ហ ។


២-បុគ្គលឈ្មោះ ធឹម សំផុត ត្រូវបានក្រសួងសុខាភិបាល ចេញប្រកាសលុបឈ្មោះមន្ត្រីរាជាការចេញពីក្របខ័ណ្ឌ តាមរយៈប្រកាសលេខ ៦៧៧ ស.ន.ប ចុះថ្ងៃទី២៩ ខែវិច្ឆកា ឆ្នំា២០១៧ ។ ហើយអ្វីដែលយើងកាន់ចម្លែកទៀតនោះ គឺ បុគ្គលឈ្មោះ ធឹម សំផូតនេះមានសញ្ញាបត្រ ទន្តបណ្ឌិត ជំនាញទន្តសាស្ត្រដល់ទៅពីរ ម្នាក់ឯង និងមានថ្ងៃខែឆ្នំាកំណើតខុសគ្នាផងដែរ។ គឺទីមួយសន្លឹកវិញ្ញាបនបត្របញ្ជាក់ការសិក្សាបានប្រលងបញ្ជាប់ការសិក្សាកំរិត ទន្តបណ្ឌិត ជំនាញ ទន្តសាស្ត្រ លេខៈ T0628 ស.អ ចេញដោយដោយសាកលវិទ្យាល័យ អន្តរជាតិ ចុះថ្ងៃទីទី២៣ ខែឆ្នូ ឆ្នំា២០០៩ គឺមានថ្ងៃខែឆ្នំាកំណើត កើតថ្ងៃទី២០ ខែកក្កដា ឆ្នំា១៩៨២។ ចំណែកឯសញ្ញាបត្រទន្តបណ្ឌិត នេះដដែល ដែលចេញដោយ សាកលវិទ្យាល័យ អន្តរជាតិ លេខៈD5121 ស.អ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នំា២០១៣ គឺមានថ្ងៃខែឆ្នំាកំណើត កើតថ្ងៃទី២០ ខែកក្កដា ឆ្នំា១៩៨៧។
តើសញ្ញាបត្រនេះមានភាពមិនប្រក្រតី ឬយ៉ាងណា? គឺមានតែជំនាញពាក់ព័ន្ធ ក្នុងនោះមានក្រសួងសុខាភិបាល និងសាកលវិទ្យាល័យ អន្តរជាតិ ដែលអាចបញ្ជាក់កាន់តែច្បាស់។ ប៉ុន្តែទោះជាយ៉ាងណាក្តី មនុស្សម្នាក់កាលណារៀនចប់បរិញ្ញាបត្រមួយ គឺមិនអាចមានថ្ងៃខែឆ្នំាកំណើតខុសគ្នាបាននោះឡើយ។

យ៉ាងណាមិញយើងខ្ញុំនិងធ្វើការព្យាយាមសុំការបំភ្លឺពីគណៈទន្តពេទ្យខេត្តសៀមរាប ដើម្បីឲ្យមហាកាន់តែជ្រាបច្បាស់ និងជៀសវាងការចូលទៅទទួលនូវការបំរើសេវាកម្មដែលគ្មានជំនាញពិតប្រាកដ និងនំាអោយមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ។
បច្ចុប្បន្នបុគ្គលឈ្មោះ ធឹម សំផូត កំពុងប្រកបរបរជាទន្តពេទ្យ(ពេទ្យធ្មេញ) នៅតាមបណ្តោយផ្លូវជាតិលេខ៦ ម្តុំទល់មុខផ្សារសាមគ្គីក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
៣- បច្ចុប្បន្ននេះដែរ បុគ្គលឈ្មោះ ធឹម សំផូត កំពុងបំរើការងារជាមន្ត្រី នៃមន្ទីរមុខងារសាធារណៈខេត្តសៀមរាប និងជាទីប្រឹក្សាក្រសួងព័ត៌មាន។
បើបុគ្គលនេះ នៅប្រព្រឹត្តទង្វើ និងបទល្មើសដែលៗ តើក្រសួងទំាងពីរ គឺក្រសួងមុខងារសាធារណៈ និងក្រសួងព័ត៌មាន នឹងព្រមបន្តឲ្យនៅជាមួយឬយ៉ាងណា?

ទោះជាយ៉ាងណាក្តី អង្គភាពសារព័ត៌មានមហាខ្មែរនៅតែបើកអោយមានការបំភ្លឺពីភាគីពាក់ព័ន្ធ ដោយអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន រាល់ម៉ោងរដ្ឋបាល៕ ដោយ៖ L.S


