សៀមរាប៖ ប្រជាពលរដ្ឋបានផ្ញើឯកសារពាក់ព័ន្ធនឹងសាលដីការបស់សាលាឧទ្ធរណ៍បាត់ដំបង មកកាន់អង្គភាពសារព័ត៌មានមហាខ្មែរ ដើម្បីស្នើសុំផ្សព្វផ្សាយជូនសាធារណជនបានជ្រាប។
យោងតាមឯកសារនោះ នៅទំព័រទី៦ មេធាវីការពារក្តីឱ្យជនជាប់ចោទឈ្មោះ សាន សែន បានលើកឡើងថា៖ «ចំពោះសាកសពជនរងគ្រោះពុំបានធ្វើកោសល្យវិច្ច័យអំពីមូលហេតុនៃការស្លាប់ពីជំនាញនោះទេ»។
ទោះជាយ៉ាងណាក៏ដោយ យោងតាមឯកសារ និងព័ត៌មានដែលអង្គភាពសារព័ត៌មានមហាខ្មែរទទួលបាន ការធ្វើកោសល្យវិច្ច័យលើសព ត្រូវបានអនុវត្តរួចរាល់ស្របតាមនីតិវិធីច្បាប់ ដោយមានការចូលរួម និងសម្របសម្រួលពីតំណាងអយ្យការ គឺលោក ប៉ុក តារា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ដែលបានដឹកនាំ និងសម្របសម្រួលដំណើរការនីតិវិធីពាក់ព័ន្ធ។
ដើម្បីធានាភាពគ្រប់ជ្រុងជ្រោយនៃព័ត៌មាន និងគោរពគោលការណ៍តុល្យភាពក្នុងការផ្សព្វផ្សាយ អង្គភាពសារព័ត៌មានមហាខ្មែរ សូមបង្ហាញជាសាធារណៈនូវឯកសារពាក់ព័ន្ធដែលទទួលបាន ដូចមានភ្ជាប់ជូនខាងក្រោម ដើម្បីឱ្យសាធារណជន អ្នកជំនាញ និងភាគីពាក់ព័ន្ធ ធ្វើការពិនិត្យ និងវាយតម្លៃដោយខ្លួនឯង។
សេចក្តីបញ្ជាក់របស់អង្គភាពសារព័ត៌មានមហាខ្មែរ (Disclaimer)
ឯកសារ និងព័ត៌មានដែលអង្គភាពសារព័ត៌មានមហាខ្មែរបានបង្ហាញជូនខាងក្រោម គឺជាឯកសារដែលទទួលបានពីប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយជូនសាធារណជនបានជ្រាប។
អង្គភាពសារព័ត៌មានមហាខ្មែរ ប្រកាន់ខ្ជាប់នូវគោលការណ៍វិជ្ជាជីវៈសារព័ត៌មាន ស្របតាមច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ដោយមិនធ្វើការកែប្រែ បំភ្លៃ ឬបន្ថែមខ្លឹមសារនៃឯកសារដែលទទួលបានឡើយ។
ការផ្សព្វផ្សាយនេះ មានគោលបំណងផ្តល់ព័ត៌មានជូនសាធារណជនឱ្យបានគ្រប់ជ្រុងជ្រោយ និងលើកកម្ពស់សិទ្ធិទទួលបានព័ត៌មានប៉ុណ្ណោះ មិនមានបំណងធ្វើការសន្និដ្ឋានជំនួសស្ថាប័នតុលាការ ឬមានចេតនាប៉ះពាល់ដល់សិទ្ធិ កិត្តិយស ឬផលប្រយោជន៍ស្របច្បាប់របស់បុគ្គល ឬភាគីណាមួយឡើយ។
អង្គភាពសារព័ត៌មានមហាខ្មែរ ក៏គោរពសិទ្ធិឆ្លើយតប (Right of Reply) របស់ភាគីពាក់ព័ន្ធផងដែរ។ ក្នុងករណីមានការបំភ្លឺ ការកែតម្រូវ ឬឯកសារបន្ថែមពីស្ថាប័ន ឬភាគីពាក់ព័ន្ធ អង្គភាពសារព័ត៌មានមហាខ្មែរ ស្វាគមន៍ទទួល និងត្រៀមផ្សព្វផ្សាយដោយស្មើភាព ស្របតាមគោលការណ៍តុល្យភាព និងវិជ្ជាជីវៈសារព័ត៌មាន៕







