ព្រៃវែង៖ មានការចាប់អារម្មណ៍ជាសាធារណៈ បន្ទាប់ពីលោកឧកញ៉ា ជឹម សុខ ប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែង បានធ្វើការលើកឡើងថា លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង និងលោក ឡេង ពៅ ស្នងការរងទទួលបន្ទុកសេនាធិការ បានធ្វើទុក្ខបុកម្នេញ និងទារប្រាក់ពីពាណិជ្ជករដែលប្រកបអាជីវកម្មស្របច្បាប់។
យោងតាមព័ត៌មានដែលត្រូវបានផ្សព្វផ្សាយដោយលោក ផែង វណ្ណៈ លោកឧកញ៉ា ជឹម សុខ អះអាងថា ក្រុមហ៊ុនរបស់លោកប្រកបអាជីវកម្មនាំគោ និងក្របីទៅលក់នៅប្រទេសវៀតណាម ដោយមានអាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាតត្រឹមត្រូវពីស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងបានបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋតាមច្បាប់រួចរាល់។ ទោះជាយ៉ាងណា លោកអះអាងថា អាជីវកម្មរបស់លោកនៅតែរងការរំខានជាបន្តបន្ទាប់។
ប្រភពដដែលអះអាងបន្ថែមថា លោក ឡេង ពៅ ត្រូវបានចោទប្រកាន់ថា ជាអ្នកប្រមូលប្រាក់ចំនួន ១ម៉ឺនដុល្លារអាមេរិកក្នុងមួយខែ ពីពាណិជ្ជករ ដើម្បីយកទៅជូនលោកស្នងការខេត្ត។ ដោយសារមិនអាចទ្រាំទ្រនឹងសម្ពាធលើការធ្វើអាជីវកម្មបានទៀត លោកឧកញ៉ា ជឹម សុខ បានសម្រេចចិត្តលើកឡើងជាសាធារណៈ និងស្នើសុំឱ្យថ្នាក់ដឹកនាំពាក់ព័ន្ធ ចុះពិនិត្យ និងស៊ើបអង្កេតលើករណីនេះ។
គិតត្រឹមពេលផ្សព្វផ្សាយព័ត៌មាននេះ អង្គភាពសារព័ត៌មានមិនទាន់ទទួលបានការបំភ្លឺពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន និងលោក ឡេង ពៅ នៅឡើយទេ។ អង្គភាពសារព័ត៌មានរង់ចាំទទួលការបកស្រាយ ឬការបំភ្លឺពីភាគីទាំងពីរ ហើយនឹងធ្វើការផ្សព្វផ្សាយជូនសាធារណជនដោយស្មើភាព ស្របតាមគោលការណ៍វិជ្ជាជីវៈសារព័ត៌មាន៕





