ភ្នំពេញ៖ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ ដោយសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។
បានចុះបង្រ្កាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ (Online Scams) មួយកន្លែង ដែលមានទីតាំងនៅក្នុងអគារលេខ១៥ ផ្លូវ១២៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការបង្រ្កាបនេះ ក្រុមសមត្ថកិច្ចបានរកឃើញជនជាតិវៀតណាម សរុបចំនួន ១៤៩នាក់ (ស្រី២៣នាក់) និងជនជាតិខ្មែរ ៨៥នាក់ (ស្រី១៧ នាក់) ដែលមានមុខរបរជាជាងភ្លើង កម្មករសំណង់ សន្តិសុខ មកពីក្រុមហ៊ុនសេវាកម្មសន្តិសុខឈ្មោះ ហាន ហុង, និងជាចុងភៅ និងកូនកាំបិត ផងដែរ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងអនុវត្តនីតិវិធីអន្តោប្រវេសន៍ចំពោះជនជាតិវៀតណាមដែលពាក់ព័ន្ធ និងបានប្រគល់ជនជាតិខ្មែរចំនួន ៦៧នាក់ (ស្រី ១២នាក់) ព្រមទាំងមធ្យោបាយសម្ភារជូនស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីបន្តអនុវត្តនីតិវិធី ខណៈអនុវត្តវិធានការអប់រំណែនាំដល់អ្នកពាក់ព័ន្ធផ្សេងទៀត និង បានប្រគល់ជូនទីតាំងអគារជូនម្ចាស់អគារគ្រប់គ្រងបន្តវិញ៕










