(សៀមរាប)៖ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានប្រាប់បណ្តាញព័ត៌មាន ឲ្យដឹងថា នៅខេត្តសៀមរាប គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប ដោយអាចគ្រប់គ្រងបាន ៦/៦អាសនៈ។
សូមបញ្ជាក់ថា ការបោះឆ្នោតបានបិទបញ្ចប់ហើយ ខណៈដែលមានប្រជាពលរដ្ឋទូទាំងប្រទេសជាង ៨៤ភាគរយបានទៅបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។
អត្ថបទគួរអាន៖
នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ យ៉ាងច្រើនកុះករដោយបង្ហាញនូវទឹកចិត្ដសប្បាយរីករាយក្នុងការចូលរួមបំពេញនូវកាតព្វកិច្ចរបស់ខ្លួន។ ដោយឡែកនៅខេត្តសៀមរាប ឯកឧត្តម សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និងលោកជំទាវ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកជំទាវ រួមជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ក៏បានអញ្ជើញទៅបំពេញកាតព្វកិច្ចរបស់ខ្លួនផងដែរ។
ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានគូសបញ្ជាក់ថា ពីមួយអាណត្តិ ទៅមួយអាណត្តិ បងប្អូនប្រជាពលរដ្ឋយើងបានអញ្ជើញមកចូលរួមបោះឆ្នោតយ៉ាងច្រើន ដោយពួកគាត់ពេញចិត្តក្នុងការបញ្ចេញនូវសិទ្ធិ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស គោរពសិទ្ធិមនុស្ស តាមរយៈការបោះឆ្នោតនេះ ក្នុងការជ្រើសរើសអ្នកដឹកនាំដែលខ្លួនពេញចិត្ត សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្ដមបានបញ្ជាក់ថា នៅក្នុងឱកាសដែលប្រជាពលរដ្ឋយើង អញ្ជើញទៅបោះឆ្នោត អាជ្ញាធរខេត្តបានរៀបចំជាស្រេច ក្នុងការធានាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅតាមការិយាល័យបោះឆ្នោត សរុប ១ ៥២១ ការិយាល័យ។
ឯកឧត្តមអភិបាលខេត្ដមានសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តសៀមរាប នឹងអញ្ជើញទៅបោះឆ្នោតបានគ្រប់ៗគ្នា ទោះបីមានភ្លៀងធ្លាក់យ៉ាងណា ក៏បងប្អូនយើងនៅតែមកយ៉ាងច្រើន តាមការិយាល័យបោះឆ្នោតទូទាំងខេត្តផងដែរ ។
លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានគូសបញ្ជាក់ថា ការបោះឆ្នោតបាននិងកំពុងប្រព្រឹត្តិទៅតាមប្រក្រតីទិន និងនីតិវិធី ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានកំណត់ បើទោះបីមានការរំខានខ្លះដោយភ្លៀងធ្លាក់ក៏ដោយ។ លោកបន្តថា គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត មានមន្ត្រីការិយាល័យបោះឆ្នោតសរុបចំនួន ៩ ១២៦ នាក់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅខេត្តសៀមរាប។ ចំពោះអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៦១៨ ៨៣៥ នាក់ មានការិយាល័យបោះឆ្នោត ចំនួន ១ ៥២១ ការិយាល័យ មានអ្នកសង្កេតការណ៍ជាតិ , សមាគម និងអង្គការសរុប ៦ ៦៧៨ នាក់ ក្នុងនោះ ស្រីចំនួន ៥ ០១៤ នាក់។ ចំពោះគណបក្សនយោបាយដែលបានឈរឈ្មោះមានចំនួន១៤ គណបក្ស មានបេក្ខជនសរុប ១៦៨នាក់ ស្រី ៧១នាក់ និងកម្លាំងសន្តិសុខ មានចំនួនសរុប ៤ ០០០ នាក់ ទាំងនគរបាល និងប្រជាការពារ។
លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានបញ្ជាក់បន្ថែមថា ក្នុងព្រឹត្តិការណ៍នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ ដែលបានចាប់ដំណើរការពីម៉ោង៧៖០០នាទីព្រឹក រហូតដល់ម៉ោង១៥៖០០នាទីរសៀល ហើយការបោះឆ្នោតបានដំណើរការទៅដោយរលូន នៅតាមការិយាល័យនីមួយៗ ដែលមានប្រជាពលរដ្ឋទូទាំងខេត្តចូលរួមធ្វើការបោះឆ្នោត៕