សៀមរាប៖ សំណេរទំាងស្រុងរបស់ ឯកឧត្តម សៀង ណំា អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប (ខ្ញុំបានរកឃើញរូបថតរបស់លោកស្រី ធីម វិជ្ជរ៉ា និងរឿងរ៉ាវពិតរបស់ក្មួយ បឺត សំរេចហើយ
ទិដ្ឋភាពទាំងស្រុងនៃការចុះស៊ើបករណីក្មួយ បឺត សំរេច សូមមហាជនតាមដានការផ្សាយរបស់ក្រុមដំណើរខ្មែរ មានក្មួយ វីរៈ វ៉ារ៉ានីជាប្រធាន។)
ដំណើររកការពិតនៃរឿងក្មួយ បឺត សំរេច
ក្រោយពីខ្ញុំបានឃើញ ក្មួយ បឺត សំរេច ឡើងច្រៀង និងរៀបរាប់ពីប្រវត្តិដ៏កំសត់របស់ខ្លួននៅក្នុងកម្មវិធី ចម្រៀងគ្រួសារខ្មែរ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។ ខ្ញុំបានអោយក្មួយ យាង វណ្ឌី ប្រធានក្រុមព្រះសុរិយា ហៅក្មួយបឺត សំរេច មកជួបខ្ញុំនៅផ្ទះទឹក ក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីឧបត្ថម្ភថវិកាចំនួន២០០០ដុល្លារសហរដ្ឋអាមេរិក។
នៅយប់ថ្ងៃនោះ ខ្ញុំអោយក្មួយយាង វណ្ឌី កត់ត្រា ដោយខ្ញុំផ្ទាល់ជាអ្នកសួរពីប្រវត្តិលំអិតរបស់ក្មួយបឺត សំរេច អះអាងថាជាកូនរបស់លោកស៊ីន ស៊ីសាមុត តាំងពីម៉ោង៦ល្ងាច ដល់ម៉ោង២កន្លះរំលងអាធ្រាត្រ។
ថ្ងៃបន្ទាប់ គឺថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ខ្ញុំយកអត្ថបទប្រវត្តិលំអិតក្មួយបឺត សំរេច ដែលសរសេររួចពីយប់ មិញ អោយក្មួយ វីរៈ វ៉ារ៉ានី ប្រធានក្រុមដំណើរខ្មែរ ជួយពិនិត្យ និងកែសម្រួល ផ្ដល់ភាពងាយស្រួលដល់អ្នកអានបាន យល់។ ពេលពិនិត្យ និងកែសម្រួលរួចរាល់ហើយ អត្ថបទនេះមានចំនួន៩ទំព័រ។ នៅល្ងាចថ្ងៃដដែរ ខ្ញុំក៏បានបង្ហោះ អត្ថបទនោះនៅក្នុងផេកហ្វេសបុកផ្លូវការរបស់ខ្ញុំ ដើម្បីអោយមហាជនបានស្វែងយល់ តែចំពោះខ្ញុំនៅមិនទាន់ជឿ ជាក់លើការអះអាងរបស់ក្មួយបឺត សំរេចទេ។ ខ្ញុំក៏បានបញ្ជាក់ថា ខ្ញុំនិងចុះស៊ើបសួរស្វែងរកការពិតតាមការអះអាង របស់ក្មួយបឺត សំរេច នៅពេលខាងមុខ ព្រោះពេលនោះខ្ញុំជាប់ភារកិច្ចក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត។
ក្រោយពីរៀបចំរាជរដ្ឋាភិបាលរួចហើយ ខ្ញុំក៏ឆ្លៀតពេលទំនេរ ផ្ដើមស៊ើបតាមសម្តីអះអាងរបស់ក្មួយបឺត សំរេច ជាបន្តបន្ទាប់ ដើម្បីរកអោយឃើញថា ការអះអាងទាំងអស់នេះជាការពិត រឺយ៉ាងណា?។
ជំហានដំបូង នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ខ្ញុំបានទៅជួបលោកយាយ ធីម រឺ ម្ដាយចិញ្ចឹមក្មួយបឺតសំរ ច នៅបុរី HM Lucky Home ដើម្បីបញ្ជាក់ពីការអះអាងរបស់ក្មួយបឺតសំរេច។ ក្នុងកិច្ចសាកសួររយៈពេលជាង២ ម៉ោង ខ្ញុំបានរកឃើញមានចំណុចខុសមួយ ដោយក្មួយបឺតសំរេចបានប្រាប់ខ្ញុំថា ឪពុករបស់លោកយាយ ធីម រី និង លោកស្រី ធីម វិជ្ជរ៉ា មានឈ្មោះថា តាហង់ ឯម្តាយឈ្មោះយាយ គូ។ តែលោកយាយ ធីម រី បានប្រាប់ខ្ញុំថា តាហង់ ជាឪពុកចុងរបស់គាត់ទេ មិនមែនជាឪពុកបង្កើតរបស់គាត់ឡើយ។ ឪពុកបង្កើតរបស់គាត់ ជាជនជាតិឡាវឈ្មោះ ខាំ សែងរិត ហៅតាសន ឯម្តាយឈ្មោះ យាយ គូ មែន។ នៅចុងឆ្នាំ១៩៧៣ តាសន និងយាយគូ បានទំនាស់ទាស់ ទែងគ្នា រឿងកូនស្រី ពេលនោះតាសន ក៏ត្រឡប់នៅស្រុកប៉ាក់សេ ខេត្តចំប៉ាសាក់ ប្រទេសឡាវវិញ។ ក្រោយមក លោកយាយ ធីម រឺ ក៏បានទៅអង្វរឪពុកនៅប្រទេសឡាវអោយត្រឡប់មករស់នៅជុំគ្នាជាមួយម្ដាយនៅខេត្តកំពង់ឆ្នាំងវិញ។
ពួកគាត់នៅជាមួយគ្នាបានមួយរយៈខ្លី តាសន និងយាយគូ មានទំនាស់និងគ្នាម្ដងទៀត រហូតដល់លែង លះគ្នា។ តាសន ក៏ត្រឡប់ទៅរស់នៅប្រទេសឡាវជារៀងរហូត ឯយាយគូ ក៏មានប្តីមួយទៀតឈ្មោះតាហង់ រស់នៅ ខេត្តកំពង់ឆ្នាំង។
បន្ទាប់ពីជួបលោកយាយ អ៊ឹម រី ហើយ ខ្ញុំក៏បានទាក់ទងតាមទូរសព្ទទៅអ្នកស្គាល់គ្នាជាច្រើនទាំងក្នុងនិង ក្រៅប្រទេស បានទទួលដំណឹងមកថា “ លោកស្រី ធីម វិជ្ជរ៉ា ពិតជាបានរៀបមង្គលជាមួយនិងអ្នកបើកយន្តម្នាក់ ហើយបានកូនស្រីមួយមែន។ ពេលកូនស្រីនោះអាយុបាន៤ឆ្នាំ ស្វាមីទី១របស់លោកស្រីធីម វិជ្ជរ៉ា បានស្លាប់ដោយ ធ្លាក់យន្តហោះ ក្នុងចំនោមអ្នកស្លាប់ទាំងអស់ចំនួន១៧នាក់ ក្នុងសង្គ្រាមនៅភូមិចន្ទ្រា ខេត្តស្វាយរៀង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ១៩៦៤។ ចំណែកកូនស្រីម្នាក់នោះ បានស្លាប់ក្នុងអាយុ២៤ឆ្នាំនៅប្រទេសថៃ ដូចការអះអាងរបស់ក្មួយ បឺតសំរេចមែន។
បន្ទាប់មកទៀត ខ្ញុំក៏បានទាក់ទងតាមទូរសព្ទទៅអ្នកស្គាល់គ្នាទាំងនៅប្រទេសថៃ និងប្រទេសឡាវ ដើម្បី ងាយស្រួលអោយខ្ញុំអាចចុះទៅដល់ទីនោះបាន។ ក្រោយពីបានដំណឹងខ្លះៗហើយ ខ្ញុំក៏ចាប់ផ្ដើមធ្វើដំណើរចុះទៅ ខេត្តត្រាត ប្រទេសថៃ ដោយមានលោកអាចាន ណយ អតីតតំណាងរាស្ត្រខេត្តសុរិន្ទ និងប៉ូលីសថៃពាក់សក្តិបួន ម្នាក់ ជាអ្នកជូនទៅ។
ម៉ោង១រសៀល ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ខ្ញុំឆ្លងដែនពីព្រំដែនប៉ោយប៉ែត ធ្វើដំណើរទៅខេត្តត្រាត ប្រទេស ថៃ។ ល្ងាចនោះ ពេលកំពុងធ្វើដំណើរតាមផ្លូវចេញពីទីរួមខេត្តត្រាត ឆ្ពោះទៅស្រុកខ្លងយ៉ៃ ខ្ញុំសួរក្មួយ បឺតសំរេចថា៖ តើពេលជិះកង់ជាមួយម្តាយចិញ្ចឹមមកជួបម្ដាយបង្កើតនៅខ្លងយ៉ៃនេះមានឃើញសមុទ្ររឺអត់? ក្មួយបឺតសំរេចឆ្លើយ តបមកខ្ញុំវិញថា៖ អត់មានឃើញសមុទ្រទេ មានតែឡើងភ្នំចុះភ្នំ និងមានដើមឈើធំៗប៉ុណ្ណោះ។ ត្រង់ចំណុចនេះ ខ្ញុំ សួរហើយសួរទៀត តែក្មួយបឺតសំរេចឆ្លើយចម្លើយដដែល។ ខ្ញុំក៏អង្គុយគិតក្នុងចិត្តថា៖ ក្មួយបឺត សំរេច និយាយ កុហកខ្ញុំហើយ ព្រោះផ្លូវពីទីរួមខេត្តត្រាត ទៅខ្លងយ៉ៃ ខ្ញុំធ្លាប់ធ្វើដំណើររកស៊ីទៅមកៗ តាំងពីទសវត្សឆ្នាំ៨០ម៉្លេះ តែ កាលណាធ្វើដំណើរតាមផ្លូវនេះ ត្រូវតែឃើញសមុទ្រជាដាច់ខាត។
លុះពេលមកដល់ស្រុកខ្លងយ៉ៃ តំបន់សមុទ្រ ជាប់ខេត្តកោះកុង ខ្ញុំបានសួរពីម្នាក់ទៅម្នាក់ ហើយក៏បានចូល សួរសាលាឃុំ និងសួរខាងប៉ូលីសស្រុក រកឈ្មោះតម្រួតសាន់ ជាប្តីរបស់លោកស្រី ធីម វិជ្ជរ៉ា និងកូនស្រីបីនាក់ ព្រម ទាំងកន្លែងធ្វើចម្ការសាវម៉ៅ។ ពួកគេប្រាប់ដូចៗគ្នាថា៖ មិនមានឈ្មោះនេះទេ ហើយនៅខ្លងយ៉ៃនេះ ក៏ពុំមានចម្ការ សាវម៉ៅដែរ។
ខ្ញុំកាន់តែអស់សង្ឃឹម លុះយប់នោះ ខ្ញុំនាំគ្នាចូលសំរាក នៅរីសត De Veranio ក្នុងស្រុកខ្លងយ៉ៃ ជាប់ឆ្នេរសមុទ្រ។
វេលាម៉ោង១០យប់ កំពុងតែហូបបាយ ខ្ញុំក៏សួរអ្នកមើលការខុសត្រូវភោជនីយដ្ឋានម្នាក់ ជាខ្មែរកោះកុង មក រស់នៅខ្លងយ៉ៃតាំងពីមុនឆ្នាំ១៩៧៥។
ខ្ញុំសួរគាត់ថា៖ តើនៅខ្លងយ៉ៃនេះមានស្គាល់ឈ្មោះតម្រួតសាន់ មានប្រពន្ធគាត់ជាជនជាតិខ្មែរឈ្មោះវិជ្ជរ៉
ទេ?
ប្អូននោះគិតមួយសន្ទុះហើយតបមកខ្ញុំវិញថា៖ ខ្ញុំ នៅខ្លងយ៉ៃនេះយូរហើយ មិនដែលលឺឈ្មោះតម្រួតសាន់ និងប្រពន្ធឈ្មោះវិជ្ជរ៉ា ជាជនជាតិខ្មែរទេ។
ខ្ញុំក៏សួរទៀតថា៖ ចុះនៅខ្លងយ៉ៃនេះ កន្លែងណាដែលមានចម្ការសៅម៉ៅ? ប្អូននោះតបមកខ្ញុំវិញថា៖ នៅខ្លងយ៉ៃនេះពុំមានគេធ្វើចម្ការសាវម៉ៅទេ។
លឺបែបនេះ ខ្ញុំកាន់តែអស់សង្ឃឹម ហើយគិតថា ក្មួយបឺត សំរេចនិយាយកុហកមែន។
មួយសន្ទុះ ស្រាប់តែប្អូនប្រុសអ្នកមើលការខុសត្រូវភោជនីយដ្ឋានបានប្រាប់ខ្ញុំវិញថា៖ ខ្លាចតែពួកបង ច្រឡំ ទេដឹង ព្រោះខេត្តត្រាតនេះ មានខ្លងយ៉ៃពីរ ខ្លងយ៉ៃដែលយើងកំពុងនៅនេះគឺ ខ្លងយ៉ៃក្រោម ហៅជាភាសាថៃថា ខ្លង យ៉ៃឡាង ជាប់ខេត្តកោះកុង ពុំដែលមានចម្ការសាវម៉ៅអីទេ តែខ្លងយ៉ៃមួយទៀត គឺខ្លងយ៉ៃលើ ហៅជាភាសាថៃថា ខ្លងយ៉ៃប៊ុន នៅក្នុងខេត្តត្រាតនេះដែរ មានភ្នំ មានចម្ការសាវម៉ៅ ចម្ការធូរ៉េនច្រើនណាស់ ចម្ងាយប្រហែលជា២០ គីឡូម៉ែត្រពីទីរួមខេត្តត្រាត។ គាត់ក៏អោយខ្ញុំទៅសួរខ្លងយំលើវិញទៅ។
លឺបែបនេះ ក្នុងចិត្តខ្ញុំគិតឡើងវិញថា៖ ក្មួយបឺតសំរេចមិនបាននិយាយកុហកទេ ហើយកន្លងទៅខ្ញុំស្គាល់ត ខ្លងយ៉ៃដែលជាប់សមុទ្រតែប៉ុណ្ណោះ មិនដែលដឹងសោះថា មានខ្លងយ៉ៃដល់ទៅពីរនៅក្នុងខេត្តត្រាតនោះទេ។
ស្អែកឡើង ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ មុននិងចេញដំណើរទៅស៊ើបនៅខ្លងយ៉ៃលើ។ ខ្ញុំបានចូលទៅទីរួម ខេត្តត្រាត ដើម្បីរកតាអឿន ដែលក្មួយបឺត សំរេចអះអាងថា ធ្លាប់រស់នៅស៊ីឈ្នួលមើលគោអោយគាត់។
ខ្ញុំក៏ចូលទៅសួរប្រជាជនចាស់ៗនៅក្នុងវត្តត្រាត ក្បែរផ្សារត្រាត ក៏ដឹងថា កាលពីជាង៣០ឆ្នាំមុន ពិតជាមាន ឈ្មោះអឿន ជាថៅកែចិញ្ចឹមគោនៅក្បែរវត្តនេះមែន ហើយសព្វថ្ងៃនេះកូនប្រុសរបស់តាអឿនម្នាក់រស់នៅក្បែរនេះ។ ពេលនោះ ប្រជាជនថៃក៏ជួយហៅកូនតាអឿនមួយជួបខ្ញុំ។ កូនតាអឿន សព្វថ្ងៃអាយុ៧៣ឆ្នាំ បានមកជួបខ្ញុំ ហើយ ប្រាប់ខ្ញុំថា ឪពុកគាត់ឈ្មោះអឿន ជាថៅកែរកស៊ីចិញ្ចឹមគោបានទទួលមរណភាពទៅហើយ តាំងពីឆ្នាំ២០១៩ ក្នុង ជន្មាយុ៩៥ឆ្នាំ ហើយក្មួយបឺតសំរេចនេះពិតជាធ្លាប់រស់នៅជាមួយឪពុកគាត់មែន។
ពេលដឹងប្រាកដថា ក្មួយបឺតសំរេច ធ្លាប់រស់នៅខេត្តត្រាតមែនហើយនោះ។ ខ្ញុំក៏បន្តចុះទៅស៊ើបនៅខ្លងយ៉ៃលើ។ ខ្ញុំ បានសួរអ្នកភូមិចាស់ៗ និងមេភូមិមេឃុំបានអោយដឹងថា ឈ្មោះតម្រួតសាន់មានច្រើន ហើយមានគ្រួសារខ្មែរភៀស ខ្លួនមករស់នៅទីនេះច្រើនណាស់ តែដោយរយៈពេលយូរឆ្នាំមកហើយនោះ ប្រជាជនខ្មែរមួយចំនួនធំបានស្លាប់អស់ ទៅហើយ នៅសល់តែក្មេងៗជំនាន់ក្រោយប៉ុណ្ណោះ។
ពេលត្រឡប់មកពីប្រទេសថៃវិញ ខ្ញុំក៏បានទាក់ទងទៅប្អូន១០គត់ អនិកជនខ្មែររស់នៅប្រទេសអូស្ត្រាលី ដោយដឹងថាប្អូន១០គត់មានភរិយាជាជនជាតិឡាវ កើតនៅក្រុងប៉ាក់សេ ខេត្តចំប៉ាសាក់ ប្រទេសឡាវ។
ប៉ុន្មានថ្ងៃក្រោយមក ប្អូន១០គត់ក៏បានដំណឹងមួយប្រាប់ខ្ញុំតាមទូរសព្ទថា៖ មានអ៊ំស្រីម្នាក់ឈ្មោះ Kesone Thepsombandith និងស្វាមីឈ្មោះ Noumanh Phothisane ជាអតីតរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម រស់នៅ ក្រុងវៀងចន្ទន៍ ប្រទេសឡាវ ត្រូវជាអ៊ំរបស់ប្រពន្ធប្អូន១០គត់ បានដឹងអំពីប្រវត្តិរបស់លោកស្រី ធីម វិជ្ជរ៉ា ជាមួយ លោកស៊ីន ស៊ីសាមុត។
ដឹងដំណឹងនេះហើយ ខ្ញុំក៏ហៅប្អូន១០គត់មកជួបខ្ញុំ នៅផ្ទះទឹក ក្រុងសៀមរាប ខេត្តសៀមរាប នៅយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ ពេលជួបប្អូនដប់គត់ហើយ ខ្ញុំក៏ស្នើសុំប្អូនដប់គត់ ទាក់ទងខលវីដេអូទៅអ៊ំស្រី Kesone Thepsombandith សួរនាំបញ្ជាក់ពីរឿងលោកស្រីធីម វិជ្ជរ៉ា។ អ៊ំស្រីបានប្រាប់ខ្ញុំថា៖ គាត់ពិតជាបានស្គាល់លោក ស្រីធីម វិជ្ជរ៉ាមែន ដែលមានស្រុកកំណើតនៅភូមិក្បាលស្ពាន ក្រុងប៉ាក់សេ ហើយអ៊ំស្រីបញ្ជាក់ថា គាត់មានរូបថត របស់លោកស្រីធីម វិជ្ជរ៉ា ដែលគាត់កំពុងរក្សាទុក។ លឺដូច្នោះ ខ្ញុំក៏ស្នើអ៊ំស្រីអនុញ្ញាតអោយខ្ញុំសុំទៅជួបគាត់និងស្វាមី គាត់ នៅគេហដ្ឋានរបស់គាត់ដោយផ្ទាល់ តើអ៊ំស្រីអនុញ្ញាតបានទេ?។ អ៊ំស្រី ក៏អនុញ្ញាត អោយខ្ញុំជួបនៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នៅគេហដ្ឋានរបស់គាត់ ក្នុងក្រុងវៀងចន្ទន៍បាន។
លុះដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ខ្ញុំទំនេរពីការងារ ក៏ឆ្លៀតចេញដំណើរទៅច្រកព្រំដែនអូរស្មាច់។ មុន និងទៅជួបអ៊ំស្រីនៅក្រុងវៀងចន្ទន៍ ខ្ញុំចុះទៅភូមិក្បាលស្ពាន ក្រុងប៉ាក់សេសិន ដើម្បីទៅរកសាច់ញាតិឪពុករបស់ លោកស្រីធីម វិជ្ជរ៉ា។ ទៅដល់ទីនោះ ខ្ញុំក៏បានជួបអ៊ំស្រីម្នាក់អាយុប្រហែលជា៧៥ឆ្នាំបានប្រាប់ខ្ញុំថា កាលគាត់នៅ ក្មេង គាត់បានស្គាល់តាសន រស់នៅភូមិក្បាលស្ពានជាមួយគ្នា មានប្រពន្ធជាជនជាតិខ្មែរស្រុកកំណើតនៅខេត្ត កំពង់ឆ្នាំង មានកូនស្រីពីរនាក់ តែគាត់មិនចាំឈ្មោះកូនស្រីទាំងពីរនាក់នេះទេ ហើយមានកូនស្រីម្នាក់ឧស្សាហ៍ចុះ មកលេងទីនេះ ហើយបានចូលរៀនវាយអង្គលីលេខ តែអ៊ំស្រីរូបនេះក៏ប្រាប់ខ្ញុំថា ផ្ទះចាស់តាសន នៅជិតសាលាវាយ អង្គលីលេខ និងនៅក្បែររោងភាពយន្ត ប៉ុន្តែតាសនបានលក់ផ្ទះនេះអោយគេបានទៅហើយ តាសនបានមកធ្វើខ្ទម នៅក្បែរផ្ទះគាត់បណ្តោះអាសន្នរយះពេលខ្លី។ ពេលប្រទេសឡាវចប់សង្គ្រាមភ្លាម តាសនក៏ចេញទៅរស់នៅសហរដ្ឋអាមេរិកបាត់ទៅ។
ខ្ញុំក៏សួរគាត់បន្តទៀតថា៖ តើតាសនមាននៅសល់បងប្អូនរស់នៅទីនេះរឺអត់? អំស្រី តបមកវិញថា ពេលដែលតាសនបានប្រពន្ធខ្មែរនៅខេត្តកំពង់ឆ្នាំង តាសនប្រមូលបងប្អូនគាត់ទាំងអស់ទៅរស់នៅកំពង់ឆ្នាំងអស់ ហើយ ពុំមានបងប្អូនគាត់រស់នៅទីនេះទៀតទេ។ បើចង់សួរបញ្ជាក់បន្ថែមទៀត អាចទៅរកផ្ទះគាត់នៅក្បែររោង ភាពយន្តនោះទៅ។ ខ្ញុំក៏លាគាត់ ហើយទៅរកផ្ទះសនតាមការប្រាប់របស់គាត់។
ពេលទៅរកផ្ទះតាសនឃើញហើយ ខ្ញុំក៏បានជួបម្ចាស់ផ្ទះសព្វថ្ងៃ។ ម្ចាស់ផ្ទះសព្វថ្ងៃបានប្រាប់ខ្ញុំថា នេះជាដី របស់តាសន ដែលម្តាយគាត់ទិញពីតាសនយូរឆ្នាំមកហើយ ហើយម្តាយគាត់បានរុះរើផ្ទះចាស់ធ្វើផ្ទះថ្មីនេះ។ ខ្ញុំក៏សួរ គាត់ថា តើតាសនទៅណាហើយ? គាត់ប្រាប់ខ្ញុំថា តាសនមិនដឹងទៅណាទេ បាត់គាត់យូរហើយ។
ថ្ងៃបន្ទាប់ គឺថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ខ្ញុំបានចេញពីក្រុងប៉ាក់សេ ទៅសំរាកនៅក្រុងវៀងចន្ទន៍មួយយ ប់។ លុះម៉ោង៨ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ប្អូន១០គត់ក៏នាំខ្ញុំជួបអ៊ំស្រី Kesone Thepsombandith និងអ៊ំ ប្រុស Noumanh Phothisane នៅគេហដ្ឋានរបស់គាត់ក្នុងសង្កាត់ចន្ថាប៊ូលី ក្រុងវៀងចន្ទន៍។ អ៊ំប្រុសអ៊ំស្រីទទួល រាក់ទាក់ខ្ញុំណាស់ ហើយបានសំណេះសំណាលយ៉ាងយូរពីម៉ោង៨ព្រឹក រហូតដល់ម៉ោង១១ថ្ងៃត្រង់។
ខ្ញុំបានសួរអ៊ំស្រីថា៖ ហេតុម្ដេចបានជាអ៊ំស្រីស្គាល់លោកស្រីធ្នឹម វិជ្ជរ៉ា?
អ៊ំស្រីប្រាប់ខ្ញុំថា ៖ កាលពីមុនពេលស្រុកឡាវកើតសង្គ្រាម ក្រុមគ្រួសារគាត់ រស់នៅក្រុងប៉ាក់សេ ខេត្តចំប៉ា សាក់ ហើយធី វិជ្ជរ៉ានេះ ត្រូវជាមិត្តភក្ដិដ៏ជិតស្និទ្ធរបស់បងស្រីបង្កើតរបស់គាត់ឈ្មោះ Keepkeo Thepsombandith តែបងស្រីរបស់គាត់បានស្លាប់អស់រយះពេល២០ឆ្នាំមកហើយ។ អំស្រីប្រាប់ខ្ញុំទៀតថា កាលពីគាត់នៅក្មេងមានអាយុ១៣. រឺ១៤ឆ្នាំ គាត់ធ្លាប់ជួបធ៌ម វិជ្ជរ៉ា ដែលឧស្សាហ៍មកលេងបងស្រីគាត់ ហើយបងស្រីគាត់ប្រាប់ថា ធឹម វិជ្ជរ៉ានេះ មានសង្សារជាអ្នកចម្រៀងល្បីនៅស្រុកខ្មែរឈ្មោះ សាមុត ស្រុក កំណើតសាមុតនៅខេត្តស្ទឹងត្រែង។ នៅពេលស្រុកឡាវចប់សង្គ្រាម ក្រុមគ្រួសារគាត់ក៏ផ្លាស់មករស់នៅក្រុង វៀងចន្ទន៍វិញ។
ក្រោយពីសំណេះសំណាលគ្នារួច អ៊ំស្រីក៏យករូបថតពីរសន្លឹកមកអោយខ្ញុំ។ មួយសន្លឹក អ៊ំស្រីបញ្ជាក់ថា ជា រូបថតរបស់លោកស្រី ធីម វិជ្ជរ៉ាថតតែម្នាក់ឯង និងមួយសន្លឹកទៀតជារូបថតរបស់លោកស្រីធីម វិជ្ជរ៉ា ឈរថត ជាមួយមិត្តភក្តិ។ អ៊ំស្រីបានប្រាប់មកខ្ញុំថា គាត់នឹងខិតខំស្រាវជ្រាវរករូបថតលោកស្រី ធីម វិជ្ជរ៉ាបន្តទៀត ព្រមទាំង ជួយស្រាវជ្រាវរកបងប្អូនរបស់វិជ្ជរ៉ាថែមទៀត។ ខ្ញុំក៏អរគុណអ៊ំទាំងពីរ រួចចេញដំណើរពីវៀងចន្ទន៍ ចូលទៅប្រទេសថៃ វិញ ហើយសំរាក នៅខេត្តសុរិន្ទមួយយប់។
ថ្ងៃបន្ទាប់ គឺព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ដោយនឹកឃើញក្មួយបឺត សំរេចធ្លាប់និយាយប្រាប់ខ្ញុំថា មាន មិត្តភក្តិម្នាក់ឈ្មោះឆាតធ្លាប់ជូនរូបគេទៅផ្ទះម្ដាយបង្កើត នៅខ្លងយ៉ៃ។ ខ្ញុំក៏ចេញដំណើរពីសុរិន្ទ ទៅត្រាត ម្តងទៀត ដើម្បីរកឈ្មោះឆាតនេះអោយជូនពួកខ្ញុំទៅរកផ្ទះម្តាយបង្កើតក្មួយបឺត សំរេច។
ទៅវត្តត្រាត ក៏បានជួបចាស់ៗនៅទីនោះ គេបានជូនខ្ញុំទៅផ្ទះឆាត នៅក្បែរវត្តនេះដែរ តែជាអកុសលឆាត បានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍តាំងពីឆ្នាំ១៩៩៧ សព្វថ្ងៃនៅសល់តែប្រពន្ធកូនគេប៉ុណ្ណោះ។ មុននឹងត្រឡប់ពីទីនោះមកប្រទេសកម្ពុជាវិញ ខ្ញុំបានផ្តាំផ្ញើចាស់ៗនៅទីនោះ អោយជួយរកតម្រួតសាន់ និង កូនទាំងបីនាក់បន្តទៀតផង៕
ក្រុងសៀមរាប ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ សរសេរដោយ ខ្ញុំបាទ សៀង ណាំ