សៀមរាប៖ កាលពីរសៀលថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ២០២៣ម្សិលមិញនេះ នៅសាលប្រជុំសាលាខេត្តសៀមរាប មានកិច្ចប្រជុំមួយស្តីពីការពិនិត្យ និងពិភាក្សា លើការបង្កើតក្រុងរុនតាឯក នៃខេត្តសៀមរាប ក្រោមការដឹកនាំរបស់ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចួលរួមពីឯកឧត្ដម លោក លោកស្រី ជាថ្នាក់ដឹកនាំគ្រប់ស្ថាប័ន អង្គភាព អាជ្ញាធរស្រុក និងឃុំពាក់ព័ន្ធ ។
ឯកឧត្តម ប្រាក់ សោភ័ណ មានប្រសាសន៍ថា ភូមិធម្មជាតិរុនតាឯក គឺស្ថិតនៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ដែលមានប្រជាពលរដ្ឋរស់នៅ ៤៤២គ្រួសារ ហើយត្រូវបានអាជ្ញាធរជាតិអប្សរា ធ្វើការអភិវឌ្ឍន៍ជាភូមិធម្មជាតិរុនតាឯក ដោយសារតែបងប្អូនប្រជាពលរដ្ឋមានលំនៅដ្ឋាននៅក្នុងតំបន់រមណីយដ្ឋានអង្គរ បានស្ម័គ្រចិត្តទៅរស់នៅទីនោះ ដែលបានផ្តល់ផ្ទះ និង ដីសម្រាប់កសិកម្ម ។
ឯកឧត្តម បន្តថា នៅក្នុងដំណាក់កាលទី៣នេះ រាជរដ្ឋាភិបាលបានផ្តល់ដីឡូតិ៍ ចំនួន ១ ១២៦ឡូត៌ ដើមី្បធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ ដែលរស់នៅដីចំណីស្ទឹងសៀមរាប ក្នុងពេលធ្វើការអភិវឌ្ឍន៍ផ្លូវ៣៨ខ្សែ និង រៀបចំសោភ័ណភាពដងស្ទឹងសៀមរាប ហើយនៅក្នុងដំណាក់កាលទី៤នេះ រាជរដ្ឋាភិបាល ក៏បានផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋស្ម័ត្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ មានដីចំនួន ៥ ៨៦៥ឡូតិ៍ មានប្រជាពលរដ្ឋចំនួន ៥ ៨៦៥គ្រួសារ ខណៈបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋទៅរស់នៅតំបន់រុនតាឯកចំនួន ៦ ៤៤៥គ្រួសារ ហើយតំបន់នេះបានរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ប្រព័ន្ធទឹកកខ្វក់ ប្រព័ន្ធទឹកស្អាត បណ្តាញអគ្គិសនី សាលាស្រុក សាលារៀន ,មន្ទីរពេទ្យ វត្តអារាម ,ផ្សារ លក់ដូរ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលទៀតផង ។
ឯកឧត្តមបន្តទៀតថា អនុវត្តទៅតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឲ្យអភិវឌ្ឍន៍តំបន់រុនតាឯក ឲ្យក្លាយទៅជាក្រុងមួយដ៏ស្រស់ស្អាតរបស់ខេត្តសៀមរាប ក្នុងការផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ និង ជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលនៅសេសសល់ក្នុងតំបន់រមណីយដ្ឋានអង្គរ មករស់នៅទីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែន បានផ្តល់នូវប័ណ្ណសមធម៌ដល់បងប្អូនដែលបានចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ក្នុងរយៈពេល១០ឆ្នាំ ដើម្បីទ្រទ្រង់ជីវភាពរបស់បងប្អូនទៅកាន់ទីតាំងថ្មី ប៉ុន្តែការរៀបចំក្រុងរុនតាឯក ក្នុងជំហានដំបូងនេះ គឺអាចអនុវត្តនូវឃុំចំនួន២ គឺ ឃុំរុនតាឯក របស់ស្រុកបន្ទាយស្រី និង ឃុំបល័ង្គ របស់ស្រុកប្រាសាទបាគង ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ដោយផ្អែកទៅលើការវិនិច្ឆ័យក្នុងការបង្កើតជាទីក្រុង ដោយផ្តោតទៅលើចំនួ ប្រជាពលរដ្ឋជាធំ និង សក្តានុពលផ្នែកសេវាកម្ម ពាណិជ្ជកម្ម ប្រព័ន្ធរោងចក្រ ឧស្សាហកម្ម ដែលមានកសិកម្ម៣០ភាគរយយ៉ាងច្រើន ហើយតាមការចុះពិនិត្យទៅលើឃុំ៣ គឺមានតែឃុំពីរទេ ដែលអាចបង្កើតជាក្រុងបាននោះ គឺឃុំ រុនតាឯក ស្រុកបន្ទាយស្រី និង ឃុំ បល័ង្គ ស្រុកប្រាសាទបាគង ដែលជាឃុំមានហេដ្ឋារចនាសម្ព័ន្ធសមស្រប ទៅនឹងលក្ខ័ន្តក្នុងការបង្កើត ទីក្រុងបាន ។
ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់អាជ្ញាធរខេត្ត ត្រូវធ្វើការពិភាក្សាឲ្យបានជាក់លាក់ ជាមួយក្រុមប្រឹក្សាខេត្ត ក្នុងការដាក់ឈ្មោះទីក្រុងថ្មីនេះ ព្រមទាំងត្រូវពន្លឿនក្នុងការរៀបចំធ្វើសំណើជាបន្ទាន់ ដើមី្បដាក់ជូនដល់រាជរដ្ឋាភិបាល ស្មើសុំទៅរដ្ឋសភា សុំការសម្រេចជាផ្លូវការ ព្រោះតំបន់រុនតាឯកនេះ ក៏ជាសក្តានុពលនៃវិស័យទេសចរណ៍មួយផងដែររបស់ខេត្ត ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលទៅទស្សនាកម្សាន្ត ។
គួររំលឹកថា នៅព្រឹកថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ២០២៣នេះ ក្រុមប្រតិភូនៃក្រសួងមហាផ្ទៃ ដឹកនាំដោយឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ រួមដំណើរដោយឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប រួមទាំងឯកឧត្តមជាអគ្គនាយកដ្ឋាន និងសហការី ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរស្រុក ឃុំ ដែលមានការពាក់ព័ន្ធទៅនឹងភូមិសាស្ត្រក្នុងការបង្កើតក្រុងរុនតាឯក មានស្រុកបន្ទាយស្រី ,ស្រុកប្រាសាទបាគង និង ស្រុកសូទ្រនិគម បានចុះត្រួតពិនិត្យពីស្ថានភាពភូមិសាស្ត្រ និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំបល័ង្គ ស្រុកប្រាសាទបាគង , ឃុំខ្នារពោធិ ស្រុកសូទ្រនិគម និង ឃុំរុនតាឯក , ឃុំត្បែង ក្នុងស្រុកបន្ទាយស្រី ៕