សៀមរាប៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប រួមទាំងម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន បានអះអាងថា ពួកគាត់កំពុងប្រឈមនឹងបញ្ហា សំឡេងរំខានពីក្លឹបកម្សាន្ត Dr. Sad – Siem Reap ជាពិសេសនៅពេលយប់ ដែលបានបង្កការរំខានដល់ការរស់នៅ ការសម្រាក និងការប្រកបអាជីវកម្មរបស់ពួកគាត់។
តាមការលើកឡើងរបស់ប្រជាពលរដ្ឋ បញ្ហាសំឡេងខ្លាំងនៅពេលយប់ គឺជាកង្វល់មួយដែលពួកគាត់ចង់ឱ្យអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យ និងរកដំណោះស្រាយឱ្យបានសមស្រប ដើម្បីធានាបាននូវបរិយាកាសរស់នៅ និងប្រកបអាជីវកម្មប្រកបដោយសុខដុមរមនា។
ប្រជាពលរដ្ឋម្នាក់ ដែលស្នើសុំមិនបញ្ចេញឈ្មោះ បានប្រាប់ សារព័ត៌មានមហាខ្មែរ ថា៖
«ពួកខ្ញុំរកស៊ីពេលថ្ងៃ ហើយពេលយប់ត្រូវការសម្រាក ប៉ុន្តែបែរជាត្រូវប្រឈមនឹងសំឡេងរំខានពីក្លឹបកម្សាន្ត។ ពួកខ្ញុំស្នើសុំឱ្យអាជ្ញាធរជួយពិនិត្យ និងដោះស្រាយឱ្យបានសមស្របផង»។
ជាមួយគ្នានេះ ម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក៏បានលើកឡើងពីការព្រួយបារម្ភចំពោះផលប៉ះពាល់ដែលអាចកើតមានចំពោះអាជីវកម្មរបស់ពួកគាត់ ប្រសិនបើភ្ញៀវមិនអាចសម្រាកបានដោយសារសំឡេងរំខាន ហើយសម្រេចចិត្តផ្លាស់ប្តូរកន្លែងស្នាក់នៅ។
ម្ចាស់អាជីវកម្មម្នាក់បានលើកឡើងថា៖
«ពួកខ្ញុំក៏ជាអ្នកប្រកបអាជីវកម្ម និងបង់ពន្ធជូនរដ្ឋដែរ។ បើភ្ញៀវមកស្នាក់នៅហើយមិនអាចសម្រាកបាន ដោយសារសំឡេងរំខាន រហូតត្រូវចាកចេញ តើអាជីវកម្មរបស់ពួកខ្ញុំនឹងអាចដំណើរការបានយ៉ាងដូចម្តេច?»។
ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋមួយចំនួនបានអះអាងថា ពួកគាត់ធ្លាប់ស្នើសុំឱ្យអាជ្ញាធរមូលដ្ឋានជួយពិនិត្យ និងដោះស្រាយ ប៉ុន្តែពួកគាត់ថា បញ្ហានៅមិនទាន់ត្រូវបានដោះស្រាយតាមការរំពឹងទុកនៅឡើយ។
ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងរបស់ថា ក្លឹបកម្សាន្តខាងលើអាចមានអ្នកមានអំណាចនៅពីក្រោយខ្នងទើបគ្មានអ្នកណាហ៊ានប៉ះបាន។
ពេលនេះ ប្រជាពលរដ្ឋដែល រងផលប៉ះពាល់ រួមទាំងម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន សូមគោរពស្នើសុំ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប មេត្តាជួយពិនិត្យ និងចាត់វិធានការដោះស្រាយបញ្ហានេះឱ្យបានសមស្រប និងតាមច្បាប់ ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាបរិយាកាសរស់នៅប្រកបដោយភាពសុខសាន្ត ជូនប្រជាពលរដ្ឋ ព្រមទាំងជួយការពារផលប្រយោជន៍ស្របច្បាប់របស់ម្ចាស់អាជីវកម្មក្នុងតំបន់។
សារព័ត៌មានមហាខ្មែរ នឹងបន្តតាមដាន និងស្វែងរកការបំភ្លឺពីភាគីពាក់ព័ន្ធ ជាពិសេសពី ក្លឹបកម្សាន្ត Dr. Sad – Siem Reap និងអាជ្ញាធរមូលដ្ឋាន ដើម្បីផ្តល់ព័ត៌មានជូនសាធារណជនពីគ្រប់ភាគី និងឱ្យការផ្សព្វផ្សាយព័ត៌មានមានតុល្យភាព និងតម្លាភាព៕

ប្រភពរូប៖ Dr. Sad – Siem Reap





