ប្រធានបទ៖ បំភ្លឺជុំវិញករណីឃាត់ខ្លួនមនុស្ស ៣២នាក់ ពាក់ព័ន្ធហិង្សានៅតំបន់ភ្នំគូលែន និងការលើកឡើងអំពីការបញ្ជូនទៅតុលាការ និងការចោទប្រកាន់ពាក់ព័ន្ធការយកប្រាក់
ទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ និងសារព័ត៌មានមហាខ្មែរ បានធ្វើបទសម្ភាសន៍ជាមួយបទសម្ភាសន៍ជាមួយលោកវរសេនីយ៍ទោ យឹប យ៉ុងឈាង អធិការនៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ ខេត្តសៀមរាប ខ្លឹមសារសំខាន់ៗមានដូចខាងក្រោ៖
សំនួរ៖ សូមគោរពលោកអធិការ! ជាដំបូង សូមលោកជួយបញ្ជាក់ថា តើហេតុការណ៍អ្វីបានកើតឡើងនៅចំណុចអូរម្នាស់ នៃរមណីយដ្ឋានភ្នំគូលែន កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦?
លោកវរសេនីយ៍ទោ យឹប យ៉ុងឈាង៖ ដោយទទួលបានការអនុញ្ញត ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបានអនុញ្ញិតឱ្យខ្ញុំឆ្លើយបំភ្លឺតាមបណ្តាញសារព័ត៌មាន។ នៅវេលាម៉ោងប្រមាណ ១៤:៥០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ មានករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា កើតឡើងនៅចំណុចអូរម្នាស់ នៃរមណីយដ្ឋានភ្នំគូលែន ស្ថិតនៅភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។
ករណីនេះបង្កឡើងដោយមនុស្សចំនួន ២ក្រុម បណ្តាលឱ្យមនុស្សម្នាក់រងរបួសស្រាល និងម៉ូតូចំនួន ២គ្រឿងរងការខូចខាត។
ក្រោយទទួលបានសេចក្តីរាយការណ៍ កម្លាំងនគរបាលមូលដ្ឋានរបស់យើងបានចុះអន្តរាគមន៍ភ្លាមៗ និងឃាត់ខ្លួនមុខសញ្ញាពាក់ព័ន្ធ។
សំនួរ៖ តើសរុបមានមនុស្សប៉ុន្មាននាក់ដែលត្រូវបានឃាត់ខ្លួន ហើយមានមធ្យោបាយធ្វើដំណើរប៉ុន្មានគ្រឿងត្រូវបានរក្សាទុក?
លោកអធិការ៖ មនុស្សមាន២ក្រុម ដោយក្រុមទី១ មានចំនួន ១២នាក់ ក្នុងនោះមានស្ត្រីម្នាក់ និងមានម៉ូតូចំនួន ៥គ្រឿង។
ចំណែកក្រុមទី២ មានចំនួន ១៩នាក់(ស្រី០នាក់) និងមានម៉ូតូចំនួន ១០គ្រឿង។
ដូច្នេះ ចំនួនឃាត់ខ្លួន ជាក់លាក់សរុបមាន ៣១នាក់។
សំនួរ៖ តាមការចុះផ្សាយតាមសារព៏ត៌មានមួយចំនួន បានលើកឡើងថា មានការចាប់ក្មេងទំនើងចំនួន ៣២នាក់។ តើចំនួននេះមានភាពខុសគ្នាយ៉ាងដូចម្តេច?
លោកអធិការ៖ ចំពោះចំនួនជាក់លាក់ យើងត្រូវផ្អែកលើកំណត់ត្រា និងលទ្ធផលនៃការស្រាវជ្រាវរបស់សមត្ថកិច្ច។ ក្នុងការបំភ្លឺនេះ ចំនួនជាក់លាក់ពីក្រុមទាំងពីរគឺ ១២នាក់ និង ១៩នាក់ ដែលសរុប ៣១នាក់។
ដូច្នេះ ចំពោះការលើកឡើងអំពីចំនួន ៣២នាក់ ខ្ញុំសូមឱ្យមានការផ្ទៀងផ្ទាត់ជាមួយកំណត់ត្រាផ្លូវការ ដើម្បីជៀសវាងការភាន់ច្រឡំ។
សំនួរ៖ ចំណុចដែលសាធារណជនកំពុងចាប់អារម្មណ៍ខ្លាំង គឺឃាត់ខ្លួនមនុស្សជាច្រើន ប៉ុន្តែបញ្ជូនទៅតុលាការតែ ៧នាក់។ តើមូលហេតុអ្វី?
លោកអធិការ៖ បន្ទាប់ពីឃាត់ខ្លួនក្មេងទំនើងទំាងនោះរួច ខ្ញុំបានបានគោរពស្នើសុំ លោកស្នងការ និងលោកស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ដើម្បសុំបញ្ជូនកម្លាំងជំនាញ(កម្លំាងជំនាញនៃការិយាល័យព្រហ្មទណ្ឌកំរិកធ្ងន់ខេត្ត)បានចុះសហការជាមួយអធិការដ្ឋាននគរបាលស្រុកស្វាយលើ ដើម្បីសាកសួរ និងស្រាវជ្រាវលម្អិត។
ជាក់ស្តែង មនុស្សដែលត្រូវបានឃាត់ខ្លួន មិនមែនមានន័យថា គ្រប់គ្នាសុទ្ធតែបានចូលរួមប្រព្រឹត្តបទល្មើសនោះទេ។
តាមលទ្ធផលនៃការសាកសួរ និងភស្តុតាងពាក់ព័ន្ធ សមត្ថកិច្ចបានកំណត់ថា មានចំនួន ១០នាក់ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស។ ក្នុងចំណោមនោះ ៧នាក់ត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ខណៈ ៣នាក់ទៀតបានរត់គេចខ្លួន។
សំនួរ៖ ចំពោះ ៣នាក់ដែលបានរត់គេចខ្លួន តើសមត្ថកិច្ចមានវិធានការយ៉ាងដូចម្តេច?
លោកអធិការ៖ កម្លាំងជំនាញបានស្រាវជ្រាវ និងកំណត់អត្តសញ្ញាណរួចហើយ ហើយបានបញ្ចូលក្នុងសំណុំរឿង ដើម្បីបន្តស្វែងរក និងចាប់ខ្លួនយកមកអនុវត្តតាមនីតិវិធីច្បាប់។
សំនួរ៖ ចុះចំពោះមនុស្សផ្សេងទៀតដែលត្រូវបានឃាត់ខ្លួន ប៉ុន្តែមិនត្រូវបានបញ្ជូនទៅតុលាការ តើពួកគេត្រូវបានដោះលែងដោយមូលហេតុអ្វី?
លោកអធិការ៖ ចំពោះមុខសញ្ញាដែលមិនមានភស្តុតាងបង្ហាញថាបានចូលរួមប្រព្រឹត្តបទល្មើស អាណាព្យាបាលបានពឹងពាក់មេធាវី ដើម្បីស្នើសុំធានាខ្លួនជាបណ្តោះអាសន្ន។
កម្លាំងជំនាញបានឆ្លងយោបល់ជាមួយតំណាងអយ្យការ ហើយត្រូវបានអនុញ្ញាតឱ្យធ្វើកិច្ចសន្យាអប់រំ និងវិលត្រឡប់ទៅលំនៅដ្ឋានវិញ។
សំនួរ៖ មានការលើកឡើងតាមបណ្តាញសង្គមថា មនុស្សម្នាក់ត្រូវបង់ប្រាក់ ២លានរៀល ដើម្បីត្រូវបានដោះលែង។ តើលោកអាចបញ្ជាក់ចំពោះការចោទប្រកាន់នេះយ៉ាងដូចម្តេច?
លោកអធិការ៖ ខ្ញុំសូមបដិសេធទាំងស្រុងចំពោះការចោទប្រកាន់នេះ។
កម្លាំងនគរបាលមិនបានទទួលប្រាក់ ឬផលប្រយោជន៍ណាមួយពីប្រជាពលរដ្ឋ ជាថ្នូរនឹងការមិនបញ្ជូនមុខសញ្ញាទៅតុលាការនោះទេ។
ការអនុវត្តចំពោះមុខសញ្ញានីមួយៗ គឺផ្អែកលើលទ្ធផលនៃការសាកសួរ ការស្រាវជ្រាវ និងភស្តុតាងពាក់ព័ន្ធ ព្រមទាំងអនុវត្តតាមនីតិវិធីច្បាប់។
សំនួរ៖ តើលោកយល់ឃើញយ៉ាងដូចម្តេចចំពោះការចុះផ្សាយដែលសួរថា «ចាប់បាន ៣២នាក់ ប៉ុន្តែបញ្ជូនឡើងតែ ៧នាក់ ឬម្នាក់អស់ ២លានរៀល?»?
លោកអធិការ៖ ខ្ញុំយល់ថា សំណួររបស់សារព័ត៌មានអាចធ្វើឡើងដើម្បីស្វែងរកការពិត ប៉ុន្តែការចោទប្រកាន់អំពីការទទួលប្រាក់ គួរតែមានភស្តុតាងច្បាស់លាស់។
ចំពោះករណីនេះ ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ថា សមត្ថកិច្ចមិនបានទទួលប្រាក់ដូចការលើកឡើងនោះទេ។
ប្រសិនបើមានអ្នកណាម្នាក់មានភស្តុតាងពាក់ព័ន្ធ ខ្ញុំសូមឱ្យបង្ហាញភស្តុតាង ដើម្បីឱ្យមានការពិនិត្យ និងបំភ្លឺតាមផ្លូវច្បាប់។
សំនួរ៖ ដោយមានមានការលើកឡើងមួយចំនួនថា មានការយកប្រាក់ពីកូនចៅ ឬប្រជាពលរដ្ឋ ដើម្បីសាងសង់អង្គភាព ហើយមានការភ្ជាប់ទៅនឹងឈ្មោះថ្នាក់ដឹកនាំ។ តើលោកមានការឆ្លើយតបយ៉ាងដូចម្តេច?
លោកអធិការ៖ ខ្ញុំសូមបដិសេធចំពោះការលើកឡើងដែលមិនមានមូលដ្ឋានច្បាស់លាស់។
ការសាងសង់ និងសមិទ្ធផលនានានៅអធិការដ្ឋាននគរបាលស្រុកស្វាយលើ និងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋចំណុះអធិការដ្ឋាន គឺមានការចូលរួមឧបត្ថម្ភពីសប្បុរសជននៅក្នុងស្រុក និងខេត្ត។
លោកស្នងការក៏បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនជួយផងដែរ។ ដូចបានភ្ជាប់រូបភាពមកជាមួយ។
ចំពោះសប្បុរសជនដែលអនុញ្ញាតឱ្យបង្ហាញឈ្មោះ យើងបានដាក់ស្លាកឈ្មោះនៅតាមទីតាំងដែលពួកគាត់បានឧបត្ថម្ភ។ ចំពោះសប្បុរសជនដែលស្នើសុំមិនបញ្ចេញឈ្មោះ យើងក៏គោរពតាមបំណងរបស់ពួកគាត់។
សំនួរ៖ ប្រសិនបើការលើកឡើងទាំងនេះប៉ះពាល់ដល់កិត្តិយសរបស់លោក និងអង្គភាព តើលោកមានវិធានការអ្វីបន្តទៀត?
លោកអធិការ៖ ប្រសិនបើមានការផ្សព្វផ្សាយព័ត៌មានដែលមានលក្ខណៈបង្ខូចកេរ្តិ៍ឈ្មោះ និងប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់បុគ្គល ឬអង្គភាព យើងមានសិទ្ធិប្រើប្រាស់នីតិវិធីដែលច្បាប់បានកំណត់ ដើម្បីការពារកិត្តិយស និងសិទ្ធិស្របច្បាប់របស់ខ្លួន។
ប៉ុន្តែយើងក៏ស្វាគមន៍ចំពោះការរិះគន់ដែលមានមូលដ្ឋានលើការពិត និងភស្តុតាង។
សំនួរ៖ ជាសំណួរចុងក្រោយ តើលោកអធិការមានអ្វីចង់ជម្រាបជូនសាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម?
លោកអធិការ៖ ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ មេត្តាពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងចែករំលែក ឬធ្វើការសន្និដ្ឋានចំពោះបុគ្គល ឬអង្គភាពណាមួយ។
ចំពោះករណីនេះ សមត្ថកិច្ចបានអនុវត្តការងារដោយផ្អែកលើការសាកសួរ ការស្រាវជ្រាវ និងភស្តុតាងពាក់ព័ន្ធ ហើយអនុវត្តតាមនីតិវិធីច្បាប់។
ប្រសិនបើមានការចោទប្រកាន់ណាមួយដែលមានភស្តុតាងជាក់លាក់ ខ្ញុំសូមស្វាគមន៍ឱ្យមានការបង្ហាញភស្តុតាង និងដោះស្រាយតាមនីតិវិធីច្បាប់ ដើម្បីឱ្យការពិតត្រូវបានបង្ហាញជូនសាធារណជន។
ក្នុងនាមសមត្ថកិច្ចមូលដ្ឋាន យើងនឹងបន្តខិតខំរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយបន្តសហការជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់បទល្មើស និងបញ្ហាសង្គមផ្សេងៗ។
សេចក្តីបញ្ចប់៖ ទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ និងសារព័តឥមានមហាខ្មែរ សូមអរគុណលោកអធិការ ដែលបានចំណាយពេលផ្តល់ការបំភ្លឺ និងឆ្លើយតបចំពោះចម្ងល់របស់សាធារណជន។
លោកអធិការ៖ សូមអរគុណដល់សារព័ត៌មាន និងសាធារណជនដែលបានចាប់អារម្មណ៍ និងចូលរួមស្វែងរកការពិត។
សារព័ត៌មាននឹងបន្តគោរពគោលការណ៍វិជ្ជាជីវៈ ដោយផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធក្នុងការបកស្រាយ និងបំភ្លឺចំពោះបញ្ហាដែលត្រូវបានលើកឡើង ដើម្បីឱ្យសាធារណៈជនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងមានតុល្យភាព៕

សកម្មភាពបង្ក្រាបក្មេងទំនើង

សកម្មភាពសាងសង់ និងឈ្មោះសប្បុរជន



