សៀមរាប៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានផ្តល់បទសម្ភាសន៍ជាមួយ ទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ &សារព័ត៌មានមហាខ្មែរ ដោយបានបកស្រាយ និងបំភ្លឺលើបញ្ហាសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងការងាររក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ការការពារប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងការលើកឡើងតាមបណ្តាញសង្គមពាក់ព័ន្ធនឹងការជ្រើសរើសក្របខណ្ឌនគរបាល។
ក្នុងបទសម្ភាសន៍នេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ក៏បានបំភ្លឺអំពីការលើកឡើងពាក់ព័ន្ធនឹងលោកអនុសេនីយ៍ឯក យុត សាស្ត្រ ដែលជាមន្ត្រីនគរបាលក្រោមឱវាទរបស់លោក ព្រមទាំងបញ្ជាក់អំពីដំណើរការស្រាវជ្រាវ និងការរាយការណ៍ទៅថ្នាក់លើពាក់ព័ន្ធនឹងករណីនេះ។
លោកស្នងការបានបញ្ជាក់ថា ករណីដែលត្រូវបានលើកឡើងនេះ ពាក់ព័ន្ធនឹងការជ្រើសរើសកម្លាំងសម្រាប់បម្រើការងារនៅតំបន់ព្រំដែន មិនមែនជាការជ្រើសរើសកម្លាំងសម្រាប់បម្រើការងារនៅខេត្តសៀមរាបក្រោមការគ្រប់គ្រងរបស់លោកនោះទេ។
ខាងក្រោមនេះ គឺជាខ្លឹមសារសំខាន់ៗនៃបទសម្ភាសន៍៖
សំណួរ៖ តើលោកឧត្តមសេនីយ៍ទោ មានវិធានការអ្វីខ្លះ ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងទប់ស្កាត់បញ្ហាក្មេងទំនើង និងគ្រឿងញៀន?
លោកឧត្តមសេនីយ៍ទោ ហួត សុធី៖ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ គឺជាភារកិច្ចសំខាន់របស់កម្លាំងនគរបាល។
សម្រាប់ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់កម្ពុជា ការធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ គឺជាការងារដែលយើងត្រូវយកចិត្តទុកដាក់ជាប្រចាំ។
ស្នងការដ្ឋាននគរបាលខេត្ត បានដាក់ចេញនូវវិធានការជាច្រើន ដោយផ្តោតលើការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ការចុះល្បាត ការរក្សាសណ្តាប់ធ្នាប់នៅតំបន់សំខាន់ៗ និងតំបន់ទេសចរណ៍ ព្រមទាំងការឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះបញ្ហាដែលអាចប៉ះពាល់ដល់សន្តិសុខ និងសុវត្ថិភាពសង្គម។
យើងក៏បន្តពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាបាននូវបរិយាកាសសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អនៅក្នុងខេត្ត។
ដូចបានភ្ជាប់ជូននូវសកម្មភាពការងារជាក់ស្តែងរបស់កម្លាំងនគរបាលខេត្តសៀមរាប ក្នុងការចុះបំពេញភារកិច្ចរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងសកម្មភាពសាងសង់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរបស់អង្គភាព។
សំណួរ៖ មានការលើកឡើងពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងលោកអនុសេនីយ៍ឯក យុត សាស្ត្រ ដែលជាមន្ត្រីនគរបាលក្រោមឱវាទរបស់លោក ត្រូវបានចោទប្រកាន់ថា ទទួលប្រាក់ពីប្រជាពលរដ្ឋម្នាក់ៗប្រមាណ ៥,៥០០ ទៅ ៦,០០០ ដុល្លារ ដើម្បីជួយរៀបចំការចូលក្របខណ្ឌនគរបាល។ តើអង្គភាពបានស្រាវជ្រាវយ៉ាងដូចម្តេច?
លោកឧត្តមសេនីយ៍ទោ ហួត សុធី៖ បន្ទាប់ពីទទួលបានព័ត៌មាន ខ្ញុំបានបញ្ជាឱ្យមានការស្រាវជ្រាវ ដើម្បីឱ្យមានការបញ្ជាក់ច្បាស់លាស់អំពីករណីនេះ។
តាមលទ្ធផលស្រាវជ្រាវយើងរកឃើញថា ក្នុងឆ្នាំ២០២៦ លោកអនុសេនីយ៍ឯក យុត សាស្ត្រ បានផ្សព្វផ្សាយនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងការជ្រើសរើសមន្ត្រីក្របខណ្ឌនគរបាលជាតិ សម្រាប់បម្រើការងារនៅតំបន់ព្រំដែន។
អង្គភាពបានក៏បានរកឃើញថា លោកអនុសេនីយ៍ឯក យុត សាស្ត្រ បានទទួលប្រាក់ពីប្រជាពលរដ្ឋចំនួន ៦នាក់ ដោយយក ប្រាក់ទាំងនោះសម្រាប់ការជួយរៀបចំចូលក្របខណ្ឌនគរបាលជាតិនៅតំបន់ព្រំដែន។ បន្ទាប់មក រត់ការចូលក្របខណ្ឌមិនបានសម្រេច ហើយលោក យុត សាស្ត្រ បានសម្របសម្រួលជាមួយប្រជាពលរដ្ឋ និងបានធ្វើកិច្ចព្រមព្រៀងសងប្រាក់ទៅពួកគាត់វិញ។
ប្រជាពលរដ្ឋទាំង ៦នាក់ មិនទាន់បានដាក់ពាក្យបណ្តឹងជាផ្លូវការនៅឡើយទេ ដោយបានស្នើសុំឱ្យលោក យុត សាស្ត្រ សងប្រាក់ជូនពួកគាត់វិញឱ្យបានគ្រប់ចំនួន។
ប្រសិនបើកិច្ចព្រមព្រៀងមិនត្រូវបានអនុវត្ត ប្រជាពលរដ្ឋអាចបន្តប្រើប្រាស់សិទ្ធិតាមនីតិវិធីច្បាប់។
ចំពោះករណីនេះ ខ្ញុំក៏បានធ្វើរបាយការណ៍រាយការណ៍ទៅថ្នាក់លើ ដើម្បីសុំគោលការណ៍ និងអនុវត្តវិន័យកងកម្លាំងចំពោះលោកអនុសេនីយ៍ឯក យុត សាស្ត្រ។
សំណួរ៖ តើករណីនេះមានជាប់ពាក់ព័ន្ធនឹងការជ្រើសរើសកម្លាំងនគរបាលនៅខេត្តសៀមរាបដែរឬទេ?
លោកឧត្តមសេនីយ៍ទោ ហួត សុធី៖
ខ្ញុំសូមបញ្ជាក់ជូនឱ្យបានច្បាស់ថា ករណីរបស់លោកអនុសេនីយ៍ឯក យុត សាស្ត្រ នេះ មិនមែនជាការជ្រើសរើសកម្លាំងនគរបាលសម្រាប់បម្រើការងារនៅខេត្តសៀមរាបទេ។
សកម្មភាពទំាងនោះ គឺពាក់ព័ន្ធនឹងការជ្រើសរើសកម្លាំងសម្រាប់បម្រើការងារនៅតំបន់ព្រំដែន។
ចំណែកឯការជ្រើសរើសកម្លាំងនគរបាលនៅខេត្តសៀមរាប មានគណៈកម្មការជ្រើសរើស និងស្ថាប័នពាក់ព័ន្ធមកពីថ្នាក់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចូលរួមអនុវត្តការប្រឡងជ្រើសរើសចូលក្របខណ្ឌ។
សម្រាប់ខ្ញុំ មានតួនាទីដឹកនាំ និងសម្របសម្រួល រៀបចំទីតាំង និងកម្លាំងសហការ ចូលរួមអនុវត្តការងារតាមការកំណត់របស់ក្រសួង មិនមែនជាអ្នកមានសិទ្ធិសម្រេចលើការជ្រើសរើសនោះទេ។
ខ្ញុំសូមផ្តាំទៅប្អូនៗក្មួយៗថា អ្នកចេះ គឺជាប់ ហើយសូមកុំចាញ់បោកជនឆ្លៀតឱកាសដែលអះអាងថា អាចរត់ការចូលក្របខណ្ឌបាន។
ប្រសិនបើមានព័ត៌មាន ឬមានអ្នកណាម្នាក់អះអាងថាអាចរត់ការបាន សូមរាយការណ៍មកជំនាញ ដើម្បីឱ្យសមត្ថកិច្ចអាចសហការគ្នាពិនិត្យ និងចាត់វិធានការតាមនីតិវិធីច្បាប់។
សំណួរ៖ ថ្មីៗនេះ មានការលើកឡើងតាមបណ្តាញសង្គមពាក់ព័ន្ធនឹងការយកប្រាក់ចូលក្របខណ្ឌនគរបាល និងការសាងសង់ ព្រមទាំងការងារជួសជុលផ្សេងៗរបស់អង្គភាព។ តើលោកមានការបំភ្លឺយ៉ាងដូចម្តេច?
លោកឧត្តមសេនីយ៍ទោ ហួត សុធី៖
ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនអាចទទួលយកការចោទប្រកាន់ដែលគ្មានមូលដ្ឋាន និងភស្តុតាងច្បាស់លាស់នោះទេ។
ខ្ញុំតែងតែទទួលយកការរិះគន់ដែលមានលក្ខណៈស្ថាបនា។ ប្រសិនបើមានចំណុចខ្វះខាត ខ្ញុំត្រៀមខ្លួនស្តាប់ និងកែតម្រូវ។ ប៉ុន្តែការលើកឡើងដែលមានលក្ខណៈចោទប្រកាន់ គួរតែមានមូលដ្ឋាន និងភស្តុតាង ដើម្បីអាចពិនិត្យ និងផ្ទៀងផ្ទាត់បាន។
ចំពោះការសាងសង់អគារអធិការដ្ឋាន ប៉ុស្តិ៍នគរបាល ការជួសជុល និងកែលម្អអង្គភាព យើងតែងតែស្វែងរកការចូលរួមឧបត្ថបម្ភ ពីថ្នាក់ដឹកនាំ មន្ត្រី សប្បុរសជន និងអ្នកមានសទ្ធា ដើម្បីជួយដល់ការងាររបស់អង្គភាព។
ជាក់ស្តែង បច្ចុប្បន្ននេះ យើងកំពុងសាងសង់ខ្លោងទ្វារ និងរបងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សៀមរាប នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប។
ក្នុងការងារនេះ យើងបានទទួលការឧបត្ថម្ភពីលោក ជ្រីវ ប៉េងសៀង និងលោកស្រី សូ សុភា ដែលបានឧបត្ថម្ភឥដ្ឋចំនួន ៨,០០០ដុំ សម្រាប់យកមកសាងសង់ខ្លោងទ្វារ និងរបងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សៀមរាប។
ក្រៅពីនេះ ក៏មានសប្បុរសជនមួយចំនួនបានចូលរួមឧបត្ថម្ភក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះផងដែរ។
ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនដែលណែនាំឱ្យមន្ត្រីក្រោមឱវាទប្រព្រឹត្តអំពើមិនគប្បី ដើម្បីយកមកធ្វើជាមុខមាត់របស់ខ្ញុំនោះទេ។
សំណួរ៖ ជាចុងក្រោយ តើលោកមានសារអ្វីចង់ជម្រាបជូនសាធារណៈជន?
លោកឧត្តមសេនីយ៍ទោ ហួត សុធី៖
ខ្ញុំសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមសហការជាមួយសមត្ថកិច្ច ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។
ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ ប្រសិនបើមានព័ត៌មាន ឬបញ្ហាណាមួយពាក់ព័ន្ធនឹងសន្តិសុខ សុវត្ថិភាព ឬការប្រព្រឹត្តមិនប្រក្រតី សូមផ្តល់ព័ត៌មានមកសមត្ថកិច្ច ដើម្បីឱ្យយើងអាចពិនិត្យ និងចាត់វិធានការតាមនីតិវិធីច្បាប់។
ចំពោះព័ត៌មានដែលផ្សព្វផ្សាយតាមបណ្តាញសង្គម ខ្ញុំក៏សូមអំពាវនាវឱ្យមានការពិនិត្យ និងផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់លាស់ មុននឹងផ្សព្វផ្សាយបន្ត ដើម្បីជៀសវាងការយល់ច្រឡំ និងការប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល និងអង្គភាព។
ប្រសិនបើមានការផ្សព្វផ្សាយណាមួយដែលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ឬអង្គភាព យើងអាចប្រើប្រាស់សិទ្ធិការពារតាមនីតិវិធីច្បាប់។
ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តសៀមរាប យើងនឹងបន្តខិតខំបំពេញភារកិច្ចដោយគោរពច្បាប់ វិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
សូមអរគុណ!
សេចក្តីបញ្ចប់៖ ទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ &សារព័ត៌មានមហាខ្មែរ សូមថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបានផ្តល់បទសម្ភាសន៍ និងបំភ្លឺជូនសាធារណៈជនជុំវិញប្រធានបទខាងលើ។
បទសម្ភាសន៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញការបកស្រាយពីភាគីពាក់ព័ន្ធ និងផ្តល់ព័ត៌មានពីប្រភពផ្ទាល់ ដើម្បីឱ្យសាធារណៈជនទទួលបានព័ត៌មាន និងអាចពិចារណាផ្អែកលើខ្លឹមសារដែលបានបង្ហាញ។
ចំពោះការលើកឡើងដែលពាក់ព័ន្ធនឹងបុគ្គល ឬករណីដែលមានការចោទប្រកាន់ សារព័ត៌មានសូមបញ្ជាក់ថា ខ្លឹមសារខាងលើ គឺជាការបកស្រាយ និងព័ត៌មានដែលទទួលបានតាមរយៈបទសម្ភាសន៍។ ការកំណត់អំពីការពិត ឬការទទួលខុសត្រូវរបស់បុគ្គលណាមួយ គួរផ្អែកលើការស៊ើបអង្កេត ភស្តុតាង និងនីតិវិធីតាមច្បាប់។
សារព័ត៌មាននឹងបន្តគោរពគោលការណ៍វិជ្ជាជីវៈ ដោយផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធក្នុងការបកស្រាយ និងបំភ្លឺចំពោះបញ្ហាដែលត្រូវបានលើកឡើង ដើម្បីឱ្យសាធារណៈជនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងមានតុល្យភាព៕
សកម្មភាពការងារជាក់ស្តែងរបស់កម្លាំងនគរបាលខេត្តសៀមរាប ក្នុងការចុះបំពេញភារកិច្ចរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងសកម្មភាពសាងសង់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរបស់អង្គភាព។






















































