បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋម្នាក់ឈ្មោះ ក.ម ភេទប្រុស អាយុ២៤ឆ្នាំ សញ្ជាត្តិ ខ្មែរ។ អាស័យដ្ឋានបច្ចុប្បន្ននៅភូមិ សាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់ អង្គភាពសារព័ត៌មានមហាខ្មែរ ថា ខ្លួនបានទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សី សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នំា២០២៦ ពាក់ព័ន្ធនឹងការអះអាងថា មានអ្នកជិតខាងលួចយកទ្រព្យសម្បត្តិ និងលួចប្រើប្រាស់អគ្គិសនីរបស់ខ្លួនដោយគ្មានការអនុញ្ញាត។
តាមការអះអាងរបស់ប្រជាពលរដ្ឋរូបនេះ ខ្លួនបាននាំយក ភស្តុតាងពាក់ព័ន្ធ និងវីដេអូពីកាមេរ៉ាសុវត្ថិភាព ទៅបង្ហាញដល់សមត្ថកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សីផងដែរ។ ប៉ុន្តែពាក្យបណ្តឹងរបស់ខ្លួនមិនត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សី សង្កាត់អូរឫស្សី ទទួលដើម្បីបន្តនីតិវិធីឡើយ។
ករណីនេះបានធ្វើឱ្យប្រជាពលរដ្ឋរូបនេះមានការព្រួយបារម្ភ និងចោទជាសំណួរថា ប្រសិនបើប្រជាពលរដ្ឋមានបញ្ហា ដាក់ពាក្យបណ្តឹង និងមានភស្តុតាងចង់ដាក់ជូនសមត្ថកិច្ច តើគួរទៅពឹងផ្អែកលើស្ថាប័នណា ដើម្បីទទួលពាក្យបណ្តឹង និងស្វែងរកយុត្តិធម៌?
ក្រោយទទួលបានព័ត៌មាន អង្គភាពសារព័ត៌មានមហាខ្មែរ បានទាក់ទងទៅ លោកវរសេនីយ៍ឯក ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីស្នើសុំការបំភ្លឺ។ ដោយលោកអធិការបានណែនាំឱ្យទាក់ទងទៅ ជំនាញព្រហ្មទណ្ឌ លោក រ៉េន សុភ័ក្ត្រ តាមលេខទូរស័ព្ទ 085 477 777 ដើម្បីសម្របសម្រួលដោះស្រាយបញ្ហានេះ។
បន្ទាប់មក អង្គភាពសារព័ត៌មានមហាខ្មែរ បានបញ្ជូនព័ត៌មានទំនាក់ទំនងរបស់លោក រ៉េន សុភ័ក្ត្រ ទៅកាន់ប្រជាពលរដ្ឋ ដើម្បីឱ្យអាចជួប និងដាក់ពាក្យបណ្តឹងតាមនីតិវិធី។ ប៉ុន្តែតាមការអះអាងរបស់ប្រជាពលរដ្ឋ លោក រ៉េន សុភ័ក្ត្រ បានណែនាំឱ្យរូបគេ ត្រឡប់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលអូរឫស្សីដដែល ដែលជាកន្លែងដែលរូបគេអះអាងថា មិនបានទទួលពាក្យបណ្តឹងពីដំបូង។
ស្ថានភាពនេះបានបង្កើតជាសំណួរយ៉ាងធ្ងន់ថា៖ តើប្រជាពលរដ្ឋដែលចង់ដាក់ពាក្យបណ្តឹង និងមានភស្តុតាងគ្រប់គ្រាន់ គួរទៅបណ្តឹងកន្លែងណាវិញ?
ជុំវិញករណីនេះ អង្គភាពសារព័ត៌មានមហាខ្មែរ ក៏បានទាក់ទងទៅ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីសុំការបំភ្លឺ។ លោកស្នងការបានលើកទូរស័ព្ទ ប៉ុន្តែក្រោយដឹងថាជាអ្នកសារព័ត៌មាន លោកបានបិទទូរស័ព្ទ ហើយអង្គភាពសារព័ត៌មានមហាខ្មែរមិនទទួលបានការបំភ្លឺបន្ថែមរហូតដល់ពេលចេញផ្សាយព័ត៌មាននេះ។
ករណីប្រជាពលរដ្ឋអះអាងថា មន្ត្រីក្រោមឱវាទមិនទទួលពាក្យបណ្តឹង កំពុងចោទជាសំណួរអំពីប្រសិទ្ធភាពនៃការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលទើបកាន់តំណែងមិនទាន់បានប៉ុន្មានផង។ ប្រសិនបើប្រជាពលរដ្ឋមានភស្តុតាង មានវីដេអូកាមេរ៉ាសុវត្ថិភាព ហើយទៅស្វែងរកការអន្តរាគមន៍ពីសមត្ថកិច្ច ប៉ុន្តែបែរជាមិនដឹងថាត្រូវដាក់ពាក្យបណ្តឹងនៅទីណា និងត្រូវពឹងផ្អែកលើអ្នកណា តើថ្នាក់ដឹកនាំនគរបាលខេត្តនឹងមានវិធានការយ៉ាងដូចម្តេច? ហើយតើប្រជាពលរដ្ឋគួររំពឹងអ្វីពីស្ថាប័នអនុវត្តច្បាប់ ប្រសិនបើការស្នើសុំអន្តរាគមន៍របស់ពួកគេមិនទទួលបានការឆ្លើយតបច្បាស់លាស់?
អង្គភាពសារព័ត៌មានមហាខ្មែរ មិនទាន់អាចបញ្ជាក់ដោយឯករាជ្យថា ការអះអាងរបស់ប្រជាពលរដ្ឋខាងលើពិតប្រាកដទាំងស្រុង ឬមានហេតុផលផ្សេងទៀតដែលនាំឱ្យការទទួលពាក្យបណ្តឹងមានភាពយឺតយ៉ាវនោះទេ។ ដូច្នេះ អង្គភាពសារព័ត៌មានមហាខ្មែរ សូមបើកឱកាសជូនដល់ ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សី អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបំភ្លឺ និងបង្ហាញព័ត៌មានពាក់ព័ន្ធ ប្រសិនបើមានការបកស្រាយផ្សេងពីនេះ។
មហាខ្មែរ នឹងបន្តតាមដាន និងផ្សព្វផ្សាយព័ត៌មានបន្ថែម ប្រសិនបើមានការបំភ្លឺ ឬការសម្រេចចាត់វិធានការពីសមត្ថកិច្ចពាក់ព័ន្ធ៕







